សមាគមការពារសិទ្ធិមនុស្ស អំពាវនាវឱ្យតុលាការផ្តល់ភាពស្អាតស្អំដល់លោក វន់ ពៅ ចំពោះកិច្ចការដែលគាត់បានខិតខំការពារសិទ្ធិកម្មករកន្លងមក ដោយការទម្លាក់ចោលនូវបទចោទនានាលើរូបលោកទាំងអស់ ត្បិតប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ សីហា នេះថា លោក វន់ ពៅ គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើនទៀតពីការបង្ក្រាបដោយហិង្សា ដូចជាការវាយដំធ្ងន់ធ្ងរពីសំណាក់កងកម្លាំងឆត្រយោង ៩១១ នៅមុខរោងចក្រយ៉ាកជីង កាលពី ៩ឆ្នាំមុន ដូច្នេះការចោទប្រកាន់លោកពីបទញុះញង់ឱ្យប្រព្រឹត្តបង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម គឺជាការចោទប្រកាន់ខុសពីការពិត និងមិនអាចទទួលយកបាននោះឡើយ។
លោក ស៊ឹង សែនករុណា លើកឡើងថា ការចូលរួមធ្វើកូដកម្មរបស់លោក វន់ ពៅ កាលពីឆ្នាំ២០១៤ ជាមួយក្រុមកូដករនោះ គឺជាការអនុវត្តសិទ្ធិសេរីភាពដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដោយការចូលរួមជួយទាមទារប្រាក់ខែឱ្យបាន ១៦០ដុល្លារអាមេរិកសម្រាប់កម្មករតែប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរបែរជាបង្ក្រាបដោយហិង្សា និងចាប់លោក វន់ ពៅ និងក្រុមកូដករជាច្រើននាក់ផ្សេងទៀតទៅដាក់ពន្ធនាគារទៅវិញ ដែលការធ្វើបែបនេះគឺជាអំពើដ៏អយុត្តិធម៌យ៉ាងធ្ងន់ធ្ងរសម្រាប់លោក វន់ ពៅ និងកូដករដែលត្រូវចាប់ខ្លួនទាំងនោះ។
មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុករូបនេះបញ្ជាក់ថា អស់រយៈពេលជាង ៩ឆ្នាំហើយ លោក វន់ ពៅ និងកូដករជាច្រើននាក់ទៀតដែលបានរងនូវការបង្ក្រាបនាពេលនោះ មិនទាន់ទទួលបាននូវយុត្តិធម៌ ដូច្នេះលោកសង្ឃឹមថាតុលាការនឹងផ្តល់យុត្តិធម៌ជូនរូបលោកនៅក្នុងសវនាការនាពេលខាងមុខនេះ។
ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ សីហា នេះដែរថា ក្នុងនាមលោកជាជនរងគ្រោះដែលរងនូវការបង្ក្រាបដោយហិង្សារហូតមានរបួសស្នាមលើរូបរាងកាយពីសំណាក់កងកម្លាំងឆត្រយោង ៩១១ និងបានទន្ទឹងរង់ចាំយុត្តិធម៌អស់រយៈពេលជិត ១០ឆ្នាំមកនេះ លោកសង្ឃឹមថាសាលាឧទ្ធរណ៍ភ្នំពេញនឹងផ្តល់យុត្តិធម៌ជូនរូបលោកនៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ។
លោក វន់ ពៅ អំពាវនាវសុំឱ្យសាលាឧទ្ធរណ៍ពិនិត្យលើសំណុំរឿងរបស់លោកឱ្យបានហ្មត់ចត់ និងផ្តល់យុត្តិធម៌ដល់រូបលោកដែលជាជនរងគ្រោះពីការប្រើអំពើហិង្សា និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានអស់រយៈពេលជិត ១០ឆ្នាំទៅហើយនោះ។
កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ បានបង្ហោះដីកាកោះហៅរបស់សាលាឧទ្ធរណ៍ក្រុងភ្នំពេញ ដែលតម្រូវឱ្យលោកចូលខ្លួនទៅបំភ្លឺនៅក្នុងសវនាការនៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ ជុំវិញសំណុំរឿងដែលលោកត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅ។
កាលពីអំឡុងឆ្នាំ២០១៤ លោក វន់ ពៅ បានចូលរួមធ្វើកូដកម្មទាមទារដំឡើងប្រាក់ឈ្នួលឱ្យបាន ១៦០ដុល្លារក្នុងមួយខែសម្រាប់កម្មករ ប៉ុន្តែលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពេលនោះ និងត្រូវចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមចំពោះការចូលរួមនេះ។
ក្រោយពីចាប់ខ្លួន សមត្ថកិច្ចបញ្ជូនលោក វន់ ពៅ ទៅដាក់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ភ្លាមៗតែម្តង។ បន្ទាប់ពីឃុំខ្លួន លោក វន់ ពៅ ត្រូវតុលាការចេញសាលក្រមកាត់ឱ្យលោកជាប់ទោស ៤ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ ៨លានរៀល ក្នុងនោះត្រូវអនុវត្តទោសក្នុងពន្ធនាគារ ៥ខែ ចំណែកទោសដែលនៅសល់ ត្រូវបានព្យួរជាបណ្ដោះអាសន្ន។
អំឡុងពេលនៅក្រៅឃុំបណ្ដោះអាសន្ន លោក វន់ ពៅ បានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ដើម្បីជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងដែលបានសម្រេចឱ្យលោកមានទោស ៤ឆ្នាំ ៦ខែផងដែរ។ រហូតដល់ឆ្នាំ២០១៥ ទើបសាលាឧទ្ធរណ៍កោះហៅរូបលោកឱ្យចូលសវនាការដើម្បីបំភ្លឺលើសំណុំរឿងនេះ ប៉ុន្តែត្រូវពន្យារពេលទៅវិញ ដោយសារតែលោក វន់ ពៅ មានជំងឺធ្ងន់ធ្ងរនៅពេលនោះ រហូតដល់ឆ្នាំ២០២៣ នេះ ទើបសាលាឧទ្ធរណ៍ចេញដីកាកោះហៅរូបលោកម្តងទៀត៕