31 C
Phnom Penh

កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង​២​លាន​នាក់​ក្នុង​រយៈពេល​៧​ខែ ខណៈ​ថៃ​ទទួល​បាន​១៥​លាន​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ទេសចរណ៍​កម្ពុជា អះអាង​ថា រយៈពេល ៧​ខែ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ជាង ១២​លាន​នាក់​នៅ​ទូទាំង​ប្រទេស និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​ជាង ២​លាន​នាក់ ស្រប​ពេល​ដែល​ប្រទេស​ថៃ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រហូត​ដល់​ទៅ ១៥​លាន​នាក់​ក្នុង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៣ នេះ។

ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២៣ ថា ចរន្ត​ភ្ញៀវ​ទេសចរ​ជា​ធម្មតា​នៅ​ខែ​កក្កដា និង​ខែ​សីហា នឹង​ធ្លាក់​ចុះ​ដោយសារតែ​ក្នុង​រយៈពេល​ពីរ​ខែ​នេះ​ស្ថិត​នៅ​ក្នុង​រដូវ​ភ្លៀង ដែល​អាច​មាន​ទឹកជំនន់ និង​ខែ​ទាំង​ពីរ​នេះ​មិន​មាន​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ។

ប្រភព​ដដែល​អះអាង​ថា ភ្ញៀវ​ទេសចរ​នឹង​ចាប់ផ្តើម​មាន​សន្ទុះ​ខ្លាំង​ឡើងវិញ​ចាប់ពី​ខែ​កញ្ញា តទៅ ដែល​បណ្តាល​មកពី​មាន​ការ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ ព្រម​ទាំង​ថ្ងៃ​ឈប់​សម្រាក​នានា​ផង​ដែរ ដូច្នេះ​ក្រសួង​ទេសចរណ៍​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ប្រមាណ ១៦​លាន​នាក់​សម្រាប់​ឆ្នាំ​២០២៣ នេះ ដូច​ដែល​ក្រសួង​ធ្លាប់​បាន​ព្យាករ​ក្នុង​ផែនទី​ចង្អុល​ផ្លូវ​ស្ដីពី​ការ​ស្ដារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ក្រោយ​ដំណាក់កាល​វិបត្តិ​ជំងឺ​កូវីដ-១៩ កាលពី​ពេល​កន្លង​ទៅ​នោះ​ជាមិនខាន។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ភ្ញៀវ​ទេសចរ​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ខ្លាំង ខណៈ​តួលេខ​របស់​ក្រសួង​ទេសចរណ៍​ត្រូវ​បាន​មជ្ឈដ្ឋាន​ខ្លះ​បដិសេធ​ថា​ជា​របាយការណ៍​ដែល​មិន​អាច​ទទួល​យក​បាន។

ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ ហៀវ វាសនា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៦ ខែ​សីហា នេះ​ថា សៀមរាប​ជា​ទីក្រុង​ទេសចរណ៍​ខ្មែរ​ដ៏​ល្បីល្បាញ​មួយ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​លេង​ប្រាសាទ​អង្គរវត្ត និង​ដើរ​លេង​កម្សាន្ត​នៅ​ពេល​យប់​នៅតែ​មាន​ចំនួន​តិចតួច​នៅឡើយ ខណៈ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ជាដើម មួយ​ចំនួន​ធំ​នៅតែ​បន្ត​បិទ​ទ្វារ​នៅឡើយ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​លើកឡើង​ថា ចំណែក​នៅ​ប្រទេស​ថៃ​វិញ ភ្ញៀវ​ទេសចរ​បរទេស​ដើរ​ប្រជ្រៀត​គ្នា​ស្ទើរ​គ្រប់​ជាតិ​សាសន៍​ទាំង​ថ្ងៃ​ទាំង​យប់​គ្រប់​ផ្លូវ​តូច និង​ផ្លូវ​ធំ ខណៈ​ឡាន​តាក់ស៊ី​ស្ទើរ​រក​ជិះ​គ្មាន ដែល​ធ្វើ​ឱ្យ​តាក់ស៊ី​ក្ដី សាមឡ​ក្តី កង់បី​ក្ដី អាច​ដំឡើង​ថ្លៃ​ចំពោះ​ភ្ញៀវ​បរទេស​ទាំងអស់​នោះ​ផង​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ចំណែកឯ​សណ្ឋាគារ ផ្ទះសំណាក់​ជា​លក្ខណៈ​គ្រួសារ និង​ម្ហូប​អាហារ​ក៏​ឡើង​ថ្លៃ​ប្រមាណ​ជា ២០​ភាគរយ​ដែរ បើ​ធៀប​នឹង​ឆ្នាំ​២០២២ កន្លងទៅ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​បរទេស​ទាំងនោះ រួម​ទាំង​ភ្ញៀវ​ទេសចរ​ដែល​ជា​ជនជាតិ​ខ្មែរ​ផង នៅតែ​មាន​កំណើន​ទៅ​លេង​ប្រទេស​ថៃ​ច្រើន​ឡើងៗ​ដដែល។

កាលពី​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លងទៅ​នេះ ក្រសួង​ទេសចរណ៍​កម្ពុជា បាន​បង្ហាញ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ២​លាន ៥​សែន​នាក់​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​សរុប​ប្រមាណ​ជាង ១២​លាន​នាក់។

របាយការណ៍​ខាងលើ​បញ្ជាក់​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចូល​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​ជាង ២​លាន ៥​សែន​នាក់​នោះ គឺ​ធ្វើ​ដំណើរ​មក​តាម​ផ្លូវអាកាស​មាន​ចំនួន ៩១​ម៉ឺន​នាក់ ផ្លូវគោក​មាន​ចំនួន​ជាង ១​លាន ៦​សែន​នាក់ និង​ផ្លូវទឹក​មាន​ចំនួន ៣​ម៉ឺន​នាក់ ដូចជា​មកពី​ប្រទេស​ថៃ វៀតណាម ចិន ឡាវ សហរដ្ឋ​អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី បារាំង ចក្រភព​អង់គ្លេស ម៉ាឡេស៊ី និង​អូស្ត្រាលី ជាដើម ដូច្នេះ​នៅ​ឆ្នាំ​២០២៣ នេះ កម្ពុជា​អាច​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៥​លាន​នាក់​កើនឡើង ១២០​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២២ កន្លងទៅ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​មគ្គទេសក៍​ទេសចរណ៍​ទាំង​នៅ​ភ្នំពេញ និង​ខេត្ត​សៀមរាប ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៧ សីហា នេះ​ថា ការ​អះអាង​របស់​ក្រសួង​ទេសចរណ៍​ដែល​ថា​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង ២​លាន​នាក់​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ នេះ ពួកគេ​មិន​ដឹង​ថា​ក្រសួង​ទទួល​បាន​តួលេខ​ទាំងនោះ​ពី​ប្រភព​ណា​នោះ​ទេ ប៉ុន្តែ​ជាក់ស្តែង ក្រុមហ៊ុន​ទេសចរណ៍​ភាគច្រើន​នៅ​កម្ពុជា​នៅតែ​បន្ត​បិទ​ទ្វារ​នៅឡើយ ខណៈ​ក្រុមហ៊ុន​ខ្លះ​ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ គឺ​មាន​ចំនួន​ភ្ញៀវ​តិចតួច និង​ដើរ​កម្សាន្ត​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

ប្រភព​ដដែល​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​ទៅ​លេង​កម្ពុជា​សព្វថ្ងៃ​នេះ ស្ទើរតែ​ទាំងអស់ គឺជា​ភ្ញៀវ​ដែល​សល់​ពី​ប្រទេស​ថៃ ឬ​ប្រទេស​វៀតណាម ដែល​ពួកគេ​ទទួល​បាន​កញ្ចប់​បញ្ចុះ​តម្លៃ ឬ​កញ្ចប់​ដំណើរ​កម្សាន្ត​បន្ថែម​ក្នុង​រយៈពេល​ខ្លី​ឱ្យ​ទៅ​លេង​កម្ពុជា​ប៉ុណ្ណោះ មិនមែន​ជា​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​ដោយ​ត្រង់​ទៅ​ទេសចរណ៍​នៅ​កម្ពុជា​តែម្តង​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាសែត​បាងកក​ប៉ុស្តិ៍ បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចូល​ទៅ​ប្រទេស​ថៃ ចាប់ពី​ខែ​មករា មក​ទល់​នឹង​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ បាន​កើន​ឡើង​ដល់ ១៥​លាន​នាក់ ដែល​មាន​កំណើន ៣៨៤​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២២ កន្លង​ទៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស