នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើងថា ទោះមានការផ្សព្វផ្សាយពីភាពអសន្តិសុខនៅកម្ពុជាកាលពីពេលកន្លងទៅក៏ដោយ ក៏វិស័យទេសចរណ៍របស់កម្ពុជានៅតែមានសន្ទុះឡើង ជាពិសេសអំឡុងពេលប្រារព្ធពិធីបុណ្យអុំទូកកាលពីពេលថ្មីៗនេះ។
លោក ហ៊ុន ម៉ាណែត លើកឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា អំឡុងពេលព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃកន្លងមកនេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចេញដើរកម្សាន្តច្រើនកុះករដែលសរុបទូទាំងប្រទេសជាង ៧លាននាក់។
លោក ហ៊ុន ម៉ាណែត លើកឡើងថា ការកើនឡើងនូវភ្ញៀវទេសចរបែបនេះ បង្ហាញថាការឱ្យតម្លៃពិតប្រាកដពីស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព គឺនៅតែមានពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរតាមរយៈការចេញទៅដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។
នាយករដ្ឋមន្ត្រីខ្មែររូបនេះអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយពីចំណុចវិជ្ជមានរបស់ប្រទេសកម្ពុជា ដើម្បីទាក់ទាញអ្នកទេសចរឱ្យមកទស្សនា និងទាក់ទាញអ្នកវិនិយោគឱ្យមកបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ព្រោះថាគ្មានប្រទេសណាល្អឥតខ្ចោះទេ សូម្បីតែប្រទេសមហាអំណាចក៏មានសំរាម ហើយក៏មានប្រជាជនគ្មានទីជម្រកដែរ។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ បានបង្ហាញរបាយការណ៍របស់ខ្លួនថា ស្ថិតិទេសចរជាតិ និងអន្តរជាតិដើរលេងកម្សាន្តទូទាំងប្រទេសក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សរុបជាង ៧លាននាក់នៅទូទាំងប្រទេស។
ប្រភពដដែលអះអាងថា ភ្ញៀវទេសចរជាតិសរុបជាង ៧លាន ៧សែននាក់ (៧៧៥៥០៩២នាក់) ខណៈភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណជាង ៨ម៉ឺននាក់ (៨៩២៩៦នាក់) ដែលបង្ហាញថា ព្រះរាជពិធីបុណ្យនៅឆ្នាំ២០២៤ នេះ មានភ្ញៀវទេសចរជាតិនៅទូទាំងប្រទេសកើនឡើងច្រើនជាងឆ្នាំ២០២៣ កន្លងទៅ។
ជុំវិញបញ្ហានេះ មគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំខេត្តសៀមរាប បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី២១ វិច្ឆិកា នេះថា ការធ្វើដំណើរកម្សាន្តរបស់ពលរដ្ឋខ្មែរក្នុងឱកាសបុណ្យជាតិ គឺជារឿងធម្មតា ព្រោះពលរដ្ឋខ្មែរគាត់ច្បាស់ជាធ្វើដំណើរកម្សាន្តទៅតំបន់រមណីយដ្ឋានផ្សេងៗ និងទៅលេងស្រុកកំណើត ជាដើម ដូច្នេះមិនគួរត្រូវបានចាត់ទុកថាកម្ពុជាមានភ្ញៀវទេសចរកើនឡើងនោះទេ។
ប្រភពដដែលលើកឡើងថា ការអះអាងរបស់លោក ហ៊ុន ម៉ាណែត ចង់សំដៅថាភ្ញៀវបរទេសមិនខ្លាចពីភាពអសន្តិសុខនៅកម្ពុជា ដែលធ្លាប់មានការផ្សព្វផ្សាយកន្លងមកនោះ ប៉ុន្តែការលើកឡើងរបស់គាត់បែបនេះ គឺមិនឆ្លុះបញ្ចាំងពីភាពពិតដែលកំពុងធ្លាក់ដុនដាបនៃវិស័យទេសចរណ៍របស់កម្ពុជានៅពេលនេះឡើយ ជាពិសេសខេត្តសៀមរាប សព្វថ្ងៃនេះ គឺនៅតែបន្តធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិដូចមុនដដែល។
ប្រភពដដែលបញ្ជាក់ថា បើនិយាយពីរឿងអសន្តិសុខសម្រាប់ភ្ញៀវទេសចរបរទេសវិញ គឺនៅតែបង្កការភ័យខ្លាចដល់ពួកគេដដែល ព្រោះភ្ញៀវទេសចរខ្លះចូលទៅទស្សនប្រាសាទអង្គរវត្តត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ ពួកគេនឹងវិលត្រឡប់ទៅស្នាក់នៅប្រទេសថៃ ឬប្រទេសវៀតណាម វិញ ត្បិតសេវាកម្មផ្នែកទេសចរណ៍របស់កម្ពុជានៅតែមិនអាចឱ្យពួកគេទុកចិត្តបាននៅឡើយ ដូចជា សុវត្ថិភាពម្ហូបអាហារ សុវត្ថិភាពកន្លែងស្នាក់នៅ និងការផ្សព្វផ្សាយពីអំពើឧក្រិដ្ឋកម្មនាពេលកន្លងមក ជាដើម៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

