35 C
Phnom Penh

លោក ហុង លីម៖ កម្ពុជា​នឹង​ក្លាយ​ជា​របប​ផ្ដាច់ការ​ក្រោយពី​គ្រួសារ​លោក ហ៊ុន សែន ទាញ​ប្រទេស​នេះ​ទៅ​គ្រប់គ្រង​ផ្ដាច់មុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​តំណាងរាស្ត្រ​ប្រទេស​អូស្ត្រាលី ថា​ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​របប​ផ្ដាច់ការ​ក្រោយពី​គ្រួសារ​លោក ហ៊ុន សែន ទាញ​ប្រទេស​នេះ​ទៅ​គ្រប់គ្រង​ផ្ដាច់មុខ។

អតីត​តំណាងរាស្ត្រ​ប្រទេស​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក ហុង លីម ព្រមាន​ថា កម្ពុជា​នឹង​ក្លាយ​ជា​របប​ផ្ដាច់ការ​បន្ទាប់ពី​លោក ហ៊ុន សែន ត្រួតត្រា​ដោយ​ប្រើ​កណ្ដាប់ដៃ​ដែក​អស់​រយៈពេល ៣៨​ឆ្នាំ និង​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​របស់​គាត់ ដែល​គេ​អាច​ដឹង​យ៉ាង​ច្បាស់​ថា ទាំង​ឪពុក ទាំង​កូន​នៃ​វង្ស​ត្រកូល​មួយ​នេះ​ចាប់ផ្តើម​ទាញ​ប្រទេស​កម្ពុជា​ទៅ​គ្រប់គ្រង​ដោយ​ផ្ដាច់មុខ​ទៅ​ហើយ​នោះ។

ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម លោក ហុង លីម បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា មិន​ធ្លាប់​មាន​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ចាប់តាំងពី​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៣ មក ដែល​ព្រះមហាក្សត្រ​តែងតាំង​នាយករដ្ឋមន្ត្រី​មុន​ពេល​សភា​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​អនុម័ត​លើ​ក្បាលម៉ាស៊ីន​របស់​រាជរដ្ឋាភិបាល​សម្រាប់​អាណត្តិ​ថ្មី​ក្រោយ​ការ​បោះឆ្នោត ដែល​ការ​ធ្វើ​បែប​នេះ គឺ​បញ្ច្រាស​ទាំងស្រុង​ទៅ​នឹង​របប​សភា​និយម​ដែល​ប្រទេស​កម្ពុជា​បាន​ប្រកាន់​យក។

លោក ហុង លីម លើកឡើង​ថា ទោះបីជា​លោក ហ៊ុន ម៉ាណែត ធ្លាប់​ទទួល​បាន​ការ​បណ្តុះបណ្តាល​ពី​ប្រទេស​លោក​ខាងលិច​ក៏ដោយ ក៏​មិន​មាន​លក្ខណៈ​សម្បត្តិ​ខុស​ពី​ឪពុក​របស់​គាត់ លោក ហ៊ុន សែន ដែរ ព្រោះ​គាត់​មិន​បាន​បង្ហាញ​ពី​ការ​ដឹកនាំ​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ទេ ក្នុង​ពេល​ដែល​គាត់​ក្លាយ​ជា​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ ស្រប​ពេល​ដែល​គ្រួសារ​ត្រកូល​ហ៊ុន គឺជា​មហាសេដ្ឋី​នោះ។

អតីត​តំណាងរាស្ត្រ​ប្រទេស​អូស្ត្រាលី​រូប​នេះ​បញ្ជាក់​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​ដែល​ទើប​នឹង​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ គឺជា​ការ​បោកប្រាស់ ក្បត់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ទាំងស្រុង ខណៈ​ការ​យាយី និង​អំពើ​ហិង្សា​គ្រប់​រូបភាព បាន​ឡោមព័ទ្ធ​ការ​បោះឆ្នោត​នេះ​យ៉ាង​ធ្ងន់ធ្ងរ ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​បំភិតបំភ័យ និង​គំរាមកំហែង​ពលរដ្ឋ​ឲ្យ​បោះឆ្នោត​ឲ្យ​ពួកគេ។

ទាក់ទិន​នឹង​បញ្ហា​នេះ សមាជិក​សភា​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​រដ្ឋ​វិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង ក៏​បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ដែរ ដោយ​អំពាវនាវ​ឱ្យ​អូស្ត្រាលី​លើកឡើង​ពី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះ​ថា​វា​មាន​សារសំខាន់​ណាស់​ដែល​អូស្ត្រាលី​ធ្លាប់​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជ្រោមជ្រែង​កម្ពុជា​ស្វែងរក​សន្តិភាព​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដែល​ត្រូវ​រំលឹក​ឡើងវិញ​អំពី​តម្លៃ​នៃ​សិទ្ធិមនុស្ស និង​សេរីភាព​នៅ​ពេលនេះ ចំ​ពេល​ដែល​គេ​មើល​ឃើញ​ថា លោក ហ៊ុន ម៉ាណែត នឹង​អនុវត្ត​ការ​ដឹកនាំ​ដោយ​គាប​សង្កត់​សិទ្ធិ​ពលរដ្ឋ​តាម​គន្លង​ឪពុក​របស់​គាត់​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៣ មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ផ្ទេរ​អំណាច​ត​ត្រកូល​លោក ហ៊ុន សែន បាន​លើកឡើង​ថា ព្រះមហាក្សត្រ​ខ្មែរ​បាន​ចេញ​ព្រះរាជក្រឹត្យ​ចាត់តាំង​នាយករដ្ឋមន្ត្រី​ថ្មី​សម្រាប់​ដឹកនាំ​ប្រទេស​កម្ពុជា​ហើយ បន្ទាប់ពី​លោក​សម្រេច​ដក​ខ្លួន​ចេញ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ក្រុម​អ្នក​បន្ត​វេន​ដឹកនាំ​បន្ត។

ប៉ុន្តែ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​លើកឡើង​កាលពី​ពេល​ថ្មី​នេះ​ថា ដោយសារតែ​កម្ពុជា​យក​គំរូ​បន្ត​វេន​តាម​ប្រទេស​ស៊ីរី គឺ​ឪពុក​ផ្ទេរ​អំណាច​ឲ្យ​ទៅ​កូន ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​យ៉ាប់យ៉ឺន​ទៅៗ ដូចជា​ការ​គាបសង្កត់​លើ​សិទ្ធិ​សេរីភាព​នឹង​បន្ត​កើតមាន​កាន់តែ​ខ្លាំង​ឡើង ប្រសិនបើ​គ្មាន​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​នេះ​ទេ​នោះ។

លោក សម រង្ស៊ី លើកឡើង​ថា ទោះបី​លោក ហ៊ុន ម៉ាណែត រៀនសូត្រ​ពី​ប្រទេស​សេរី​ក៏ដោយ ក៏​គាត់​មិន​អាច​ធ្វើ​អ្វី​កើត​ដែរ ក្រៅតែ​ពី​ដឹកនាំ​ក្រោម​ប្រព័ន្ធ​ដែល​ឪពុក​គាត់​បាន​រៀបចំ​ទុក​ឲ្យ ដែល​ជា​កត្តា​មួយ​ជំរុញ​ការ​ដឹកនាំ​របស់​គាត់​ឱ្យ​ធ្លាក់​ទៅ​ក្នុង​អំពើ​ដ៏​អាក្រក់​ដូច​ដែល​កូនប្រុស​របស់​មេដឹកនាំ​ស៊ីរី លោក Bashar al-Assad ដែល​រៀនសូត្រ​ពី​ប្រទេស​អង់គ្លេស និង​ទទួល​អំណាច​ពី​ឪពុក​ខ្លួនឯង បាន​ជំរុញ​ឱ្យ​គាត់​ដឹកនាំ​ប្រទេស​ស៊ីរី ទៅ​រក​របប​ផ្ដាច់ការ និង​ពុករលួយ​សាហាវ​ជាង​ឪពុក​របស់​គាត់​ទៀត។

ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​រិះគន់​ថា គាត់​មិន​សក្ដិសម​នឹង​ទទួល​តំណែង​នេះ​ទេ ព្រោះ​ថា​គាត់​បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ជាច្រើន​ជុំវិញ​ផល​ប្រយោជន៍​ក្នុង​វង្ស​ត្រកូល​របស់​គាត់ ខណៈ​ផល​ប្រយោជន៍​ទាំងនោះ​ទាក់ទិន​នឹង​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​បទល្មើស​ឧក្រិដ្ឋ​ជាច្រើន​ទៀត​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឪពុក​កូន​ទាំង​ពីរ​នាក់​នេះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស