34 C
Phnom Penh

តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ នៅ​ថ្ងៃ​ស្អែក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​ខេត្ត​កោះកុង នឹង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​របស់​តំណាង​សហគមន៍​ដីធ្លី ១០​នាក់​ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ ដែល​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​គ្រួសារ​លោក ហ៊ុន សែន តាំងពី​អំឡុង​ឆ្នាំ​២០០៧ នៅ​ថ្ងៃទី​១៥ សីហា នេះ។

ការ​ប្រកាស​សាលក្រម​នេះ បន្ទាប់ពី​តុលាការ​ខេត្ត​កោះកុង បាន​បើក​សវនាការ​ជំនុំជម្រះ​តំណាង​សហគមន៍ ១០​នាក់​ដែល​តំណាង​ពលរដ្ឋ​រងគ្រោះ​ចំនួន ១៩៧​គ្រួសារ នៅ​ភូមិ​តានី ឃុំ​ជីខលើ ស្រុក​ស្រែអំបិល កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ និង​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២២។

បើ​តាម​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​សរសេរ​លើ​ហ្វេសប៊ុក​នា​ថ្ងៃទី​១៤ សីហា នេះ​ថា តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំង ១០​នាក់ ក្នុង​នោះ​មាន៖

  • លោកស្រី ដេត ហួរ
  • លោកស្រី កើត នៅ
  • លោកស្រី អិប តឹង
  • លោកស្រី អើប វី
  • លោកស្រី អិន ធូ
  • លោក គង់ ម៉ែន
  • លោក ឆាន់ ឈឿន
  • លោក ពួ ហួន
  • លោក សុខ ជៃ
  • និង​លោក ហេង ជៃ។

ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​បរិហារ​បង្កាច់​កេរ្តិ៍​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ តាំងពី​ឆ្នាំ​២០០៧ មក​ម្ល៉េះ។

កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៣ នគរបាល​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ចំនួន ១១​នាក់ រួម​មាន​លោកស្រី ដេត ហួរ លោក ហេង ជ័យ និង​លោក សុខ ជ័យ ខណៈ​ពួកគេ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រសួង​យុត្តិធម៌ ក្នុង​គោលបំណង​ដាក់​ញត្តិ​ស្នើសុំ​អន្តរាគមន៍​ឲ្យ​តុលាការ​ខេត្ត​កោះកុង ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់​លើ​សមាជិក​សហគមន៍ និង​អំពាវនាវ​ឲ្យ​មាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​ដែល​រំលោភ​សិទ្ធិ​ដីធ្លី​របស់​ពួកគេ។

លោកស្រី ដេត ហួរ លោក សុខ ជ័យ និង​លោក ហេង ជ័យ ត្រូវ​រង​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ជា​លើក​ទី​ពីរ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កោះកុង កាលពី​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣ ខណៈ​លោកស្រី អិន ធូ ដែល​បាន​ចូលរួម​ដំណើរ​ក្នុង​ការ​ដាក់​ញត្តិ​នោះ ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ខ្លួន​ដើម្បី​សួរ​ចម្លើយ​នៅ​សាលាដំបូង​ខេត្ត​កោះកុង នៅ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣។

ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩ មក ពលរដ្ឋ​ចំនួន ១៩៧​គ្រួសារ​មកពី​ឃុំ​ជីខលើ និង​ជីខក្រោម បាន​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី ដោយ​ពួកគេ​ចោទ​ថា ក្រុមហ៊ុន ហេង ហ៊ុយ បាន​រំលោភ​យក​ដីធ្លី​ពួកគេ​តាំងពី​ឆ្នាំ​២០០៧ ប៉ុន្តែ​ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​នេះ​ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី​បដិសេធ​ដោះស្រាយ។

ក្រៅពី​បដិសេធ​ដោះស្រាយ​ហើយ ក្រសួង​រៀបចំ​ដែនដី ក៏​បាន​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​ក្រសួង​ថា​បាន​ញុះញង់​ឱ្យ​ពលរដ្ឋ ១៩៧​គ្រួសារ​នោះ​ឡើង​មក​តវ៉ា​ទៀត​ផង។

តែ​យ៉ាងណា​ក៏ដោយ គិត​ចាប់តាំងពី​ឆ្នាំ​២០០៧ មក​ដល់​ឆ្នាំ​២០២៣ ពោល​រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ ពលរដ្ឋ​រងគ្រោះ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅឡើយ។

ក្រៅពី​មិន​ដោះស្រាយ​ហើយ តំណាង​ពលរដ្ឋ ១០​នាក់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ ហើយ​អាជ្ញាធរ​ក្រោម​បញ្ជា​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​រងគ្រោះ​ជាបន្តបន្ទាប់​នៅ​ពេល​ពួកគេ​ចេញ​តវ៉ា​ទាមទារ​ដំណោះស្រាយ និង​យុត្តិធម៌៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស