31 C
Phnom Penh

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​ដែល​ប្រមូលផ្ដុំ​តវ៉ា​មុខ​តុលាការ​នាំគ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង ប្រមាណ ១០០​នាក់ នាំគ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​រង់ចាំ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ឡើង​កាន់​តំណែង បន្ទាប់ពី​ពួកគេ​ប្រមូលផ្ដុំ​តវ៉ា​ខាង​មុខ​តុលាការ​ខេត្ត​ពេញ​មួយ​ថ្ងៃ​កាលពី​ម្សិលមិញ (ថ្ងៃទី​១៦ សីហា) ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់ និង​ដោះលែង​តំណាង​ពួកគេ​ដែល​កំពុង​ជាប់​ឃុំ​ពាក់ព័ន្ធ​នឹង​រឿង​វិវាទ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ។

ការ​ប្រមូលផ្ដុំ​តវ៉ា​របស់​សហគមន៍​១៩៧ សហគមន៍​១៩៥ និង​សហគមន៍​ផ្សេង​ទៀត​នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​កោះកុង នា​ថ្ងៃទី​១៦ ខែ​សីហា បន្ទាប់ពី​តុលាការ​ខេត្ត​បាន​កាត់ទោស​តំណាង​ពួកគេ​ទាំង ៩​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ១​ឆ្នាំ និង​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យ ៤០​លាន​រៀល​ទៅ​ឧកញ៉ា ហេង ហ៊ុយ ដោយ​តុលាការ​ចោទប្រកាន់​ពី​បទ «បរិហារ​បង្កាច់​កេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ដែល​ទៅ​តវ៉ា​ដែរ លោកស្រី យី ធីម លើកឡើង​ថា ពួកគាត់​ឈប់​តវ៉ា​ខាង​មុខ​សាលាដំបូង​ខេត្ត​កោះកុង ហើយ​នាំគ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយសារ​រង់ចាំ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ឡើង​កាន់​តំណែង​សិន ពួកគាត់​នឹង​បន្ត​ទៀត។ លោកស្រី​ថា ពួកគាត់​បន្ត​តវ៉ា​ដោយសារ​ការ​កាត់ទោស និង​ចាប់​តំណាង​ពួកគាត់​ដាក់​ពន្ធនាគារ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់​ដែល​ជា​អ្នក​រងគ្រោះ​ដីធ្លី។

ក្នុង​ចំណោម​តំណាង​សហគមន៍​ដីធ្លី ១៩៧​គ្រួសារ ទាំង ១០​នាក់ មាន ៧​នាក់​បាន​ចូលរួម​សវនាការ រួម​មាន​លោកស្រី កើត នៅ លោកស្រី អិប តឹង លោកស្រី អិន ធូ លោក ឆាន់ ឈឿន លោក គង់ ម៉ែន លោកស្រី អើប វី និង​លោក ពួ ហួន។

សកម្មជន​ដីធ្លី ៩​នាក់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង ចាប់​ខ្លួន​នៅ​ពេល​ពលរដ្ឋ​សហគមន៍​ធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា។ អំឡុង​ពេល​នោះ តុលាការ​ខេត្ត​កោះកុង បាន​សម្រេច​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី ៩​នាក់ រួម​ទាំង​ទារក​អាយុ ១​ឆ្នាំ ៣​ខែ​ម្នាក់​ផង​នៅ​ពន្ធនាគារ ក្រោម​បទ​ចោទប្រកាន់ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»

ប្រជាពលរដ្ឋ​ចំនួន ១៩៧​គ្រួសារ​មកពី​ឃុំ​ជីខលើ និង​ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ត្រូវ​បាន​ក្រុមហ៊ុន ហេង ហ៊ុយ រំលោភ​យក​ដីធ្លី​ពួកគាត់​តាំងពី​ឆ្នាំ​២០០៧។

គិត​ចាប់​តាំងពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០២៣ ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​តែងតែ​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់ ដើម្បី​រក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​ស្ថាប័ន​រដ្ឋ​ផ្សេង​ទៀត ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគាត់ ប៉ុន្តែ​មក​ដល់​ពេលនេះ គ្មាន​ស្ថាប័ន​ណា​មួយ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស