ប្រធានគ្រប់គ្រងសិទ្ធិការងាររបស់អង្គការសង់ត្រាល់ (CENTRAL) លើកឡើងថា ក្នុងរយៈពេល ៦ខែនៅដើមឆ្នាំ២០២៣ នេះ សង់ត្រាល់បានរកឃើញថាកម្មកររោងចក្រប្រមាណជា ២ម៉ឺននាក់ ក្នុងចំណោមរោងចក្រចំនួន ២០កន្លែង ត្រូវបានថៅកែព្យួរ និងបញ្ឈប់បុគ្គលិកកម្មករពីការងារជាបន្តបន្ទាប់ ដែលបណ្តាលមកពីភាពមិនច្បាស់លាស់ផ្នែកនយោបាយ និងប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប និងអាមេរិក។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily ថា រោងចក្រដែលកំពុងបន្តដំណើរការបានកាត់បន្ថយបុគ្គលិកកម្មករជាមធ្យមចន្លោះពី ២០ ទៅ ៣០ភាគរយ ដែលធ្វើឱ្យកម្មករបាត់បង់ប្រាក់ចំណូលចន្លោះពី ២៥ ទៅ ៣០ភាគរយផងដែរ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ កន្លងទៅ ដែលធ្វើឱ្យពួកគេរងនូវសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរព្រោះតែគ្មានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីសងបំណុល។
មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា បញ្ហាប្រឈមនឹងវិបត្តិសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាក្រោយការបោះឆ្នោត រោងចក្រមួយចំនួនដែលបានបញ្ឈប់បុគ្គលិកពីការងារដោយមិនបានគោរពលក្ខខណ្ឌ និងច្បាប់ការងាររបស់ប្រទេសកម្ពុជាទេ ខណៈកម្មករដែលនៅបម្រើការមិនទាន់ត្រូវបានបញ្ឈប់ ត្រូវបានថៅកែរោងចក្របង្ខំឱ្យឈប់សម្រាកពីការងារដោយមិនទទួលបានប្រាក់ឈ្នួល រួមទាំងត្រូវកាត់បន្ថយម៉ោងធ្វើការរបស់ពួកគេថែមទៀត។
លោក ឃុន ថារ៉ូ លើកឡើងថា និន្នាការព្យួរការងារ និងបញ្ឈប់ពីការងារនេះ បានផ្ទុះឡើងចាប់តាំងពីមុនបោះឆ្នោត រហូតដល់ក្រោយការបោះឆ្នោត ដោយសារតែភាពមិនច្បាស់លាស់ផ្នែកនយោបាយ និងភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក ដែលជាកត្តាធ្វើឱ្យអ្នកវិនិយោគទុនបរទេសរារែកចិត្តក្នុងការបោះទុនមកវិនិយោគនៅកម្ពុជាបន្តទៀត។
មន្ត្រីសង្គមស៊ីវិលរូបនេះអះអាងថា ភាពមិនច្បាស់លាស់ និងក្តីបារម្ភខ្លាំងបំផុតសម្រាប់អង្គការសង្គមស៊ីវិលចំពោះកម្មករ គឺប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ព្រោះថាបើសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើប្រព័ន្ធអនុគ្រោះសេដ្ឋកិច្ចដល់កម្ពុជា ដើម្បីឱ្យរដ្ឋាភិបាលស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយរដ្ឋាភិបាលនៅតែមិនស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទៀតនោះ រោងចក្រជាច្រើនត្រូវប្រឈមនឹងការបិទទ្វារបន្តទៀត ដោយសារការបញ្ជាទិញនឹងបន្តធ្លាក់ចុះកាន់តែខ្លាំង ដែលជាហេតុធ្វើឱ្យកម្មកររងនូវផលប៉ះពាល់ពីវិបត្តិដ៏អាក្រក់មួយនេះដោយចៀសមិនរួចឡើយ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ចេញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា រយៈពេល ៧ខែនៅដើមឆ្នាំ២០២៣ នេះ ចំណូលកម្ពុជាដែលបានមកពីការនាំចេញសម្លៀកបំពាក់ ទទួលបានថវិកាជាង ៤ពាន់លានដុល្លារអាមេរិក (៤,៤ពាន់លានដុល្លារ) ដែលមានការថយចុះប្រមាណ ២០ភាគរយ ក្នុងនោះការនាំចេញស្បែកជើងទទួលបានចំណូលជាង ៨០០លានដុល្លារអាមេរិក (៨០៨លានដុល្លារ) ថយចុះប្រមាណ ២២,៧ភាគរយ បើធៀបនឹងរយៈពេលនាំចេញដូចគ្នាកាលពីឆ្នាំ២០២២ កន្លងទៅ។
វិស័យកាត់ដេរ ដេរស្បែកជើង និងផលិតផលធ្វើដំណើរ កាលពីឆ្នាំ២០២២ ត្រូវបាននាំចេញក្នុងទំហំទឹកប្រាក់ជាង ១ម៉ឺនលានដុល្លារអាមេរិក (១២៥០០លានដុល្លារ) ប្រមាណ ២ភាគ៣ នៃផលិតផលសរុបរបស់ប្រទេសកម្ពុជា ដែលបានដាក់លក់នៅលើទីផ្សារអឺរ៉ុបចំនួន ២៨ប្រទេស ដោយមិនបាច់បង់ពន្ធគយ ដែលអាចឱ្យកម្ពុជាចំណេញទឹកប្រាក់ពីប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបមួយនេះក្នុងរង្វង់ជិត ៧០០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។
ដោយឡែកប្រព័ន្ធអនុគ្រោះពន្ធ GSP (Generalized System of Preferences) របស់សហរដ្ឋអាមេរិក បានធ្វើឱ្យកម្ពុជាចំណេញទឹកប្រាក់ប្រមាណ ៣០០លានដុល្លារជារៀងរាល់ឆ្នាំផងដែរសម្រាប់ការនាំចេញទំនិញផលិតផលធ្វើដំណើរ រួមមានកាបូប និងវ៉ាលី ទៅទីផ្សារសហរដ្ឋអាម៉េរិក ដោយពុំចាំបាច់បង់ពន្ធគយនាំចូល។
សព្វថ្ងៃនេះ កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិន និងកូរ៉េខាងត្បូង ដែរ ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះមិនអាចជំនួសការនាំចេញរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិកបានទេ ហើយកិច្ចព្រមព្រៀងទាំងនោះមិនបានភ្ជាប់គោលការណ៍សិទ្ធិមនុស្ស និងការប្រកួតប្រជែងរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិដែរ ប៉ុន្តែកិច្ចព្រមព្រៀងទាំងអាមេរិក និងអឺរ៉ុបដែលផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា គឺផ្សារភ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងខ្លាំង។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នេះ សហព័ន្ធសហជីពសេរីកម្មករកម្ពុជា (FTUWKC) បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនាគតកម្មករនិយោជិតកម្ពុជាក្រោយទទួលបានព័ត៌មានពីតំណាងសហជីពមូលដ្ឋានដែលជាសមាជិកថា នៅតាមបណ្តាក្រុមហ៊ុននានានៅកម្ពុជា ថៅកែរោងចក្របានបញ្ចប់កិច្ចសន្យាការងារ និងព្យួរការងារកម្មករនិយោជិត បន្ទាប់ពីដំណើរនៃការបោះឆ្នោតឆ្នាំ២០២៣ នេះ កំពុងរងនូវការព្រមានពីសហគមន៍អន្តរជាតិ។
នៅដើមឆ្នាំ២០២៣ នេះ មានរោងចក្រជាង ១០កន្លែងហើយដែលបានបិទទ្វារ ខណៈរោងចក្រចំនួន ៧១ ព្យួរកិច្ចសន្យាការងារ និងរោងចក្រ ៦០ផ្សេងទៀតបានកាត់បន្ថយបុគ្គលិក ដែលនាំឱ្យប៉ះពាល់ដល់កម្មករជាង ៣ម៉ឺននាក់ ខណៈកម្មករជាច្រើននាក់ផ្សេងទៀតបានបាត់បង់ការងារទាំងស្រុង៕