សមត្ថកិច្ចខេត្តស្វាយរៀង រឹបអូសសារធាតុញៀនជាង ៣៧៩៩គីឡូក្រាម និងចាប់ខ្លួនជនជាតិវៀតណាម ចំនួន ១០នាក់ ព្រមទាំងដកហូតកាំភ្លើង ៣ដើម ដែលធ្វើឲ្យចំនួនសារធាតុញៀន និងគ្រឿងញៀនរឹបអូសបានរយៈពេលជិតមួយខែសីហា នេះ កើនជិត ១តោន។
បើតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែសីហា ឲ្យដឹងថា ការឃាត់ខ្លួនជនជាតិវៀតណាម ទាំង ១០នាក់បន្ទាប់ពីសមត្ថកិច្ចចម្រុះខេត្តស្វាយរៀង ចាប់ផ្ដើមចុះបង្ក្រាបដោយកំណត់មុខសញ្ញាលើជនសង្ស័យកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។
ប្រតិបត្តិការបង្ក្រាបករណីជួញដូរនេះ នៅទីតាំងហាងខារ៉ាអូខេ MDM.KTV មួយកន្លែង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយក្នុងប្រតិបត្តិការចុះបង្ក្រាប សមត្ថកិច្ចក៏បានដកហូតកាំភ្លើង ៣ដើម និងសារធាតុញៀនចំនួន ៣៧៩៩,៣២គីឡូក្រាម។
សារធាតុញៀនសរុបទម្ងន់ ៣៧៩៩,៣២គីឡូក្រាម និងកាំភ្លើង ៣ដើមដែលសមត្ថកិច្ចរឹបអូស ក្នុងនោះថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៥១៧,០៦ក្រាម ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ១៩៤៨,៩៥ក្រាម ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីទម្ងន់ ១៣៣២,៧៧ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន ០២គ្រឿង ទូរសព្ទ ០៩គ្រឿង និងរថយន្ត ០២គ្រឿង។
ចំពោះអាវុធ ០៣ដើមវិញ ក្នុងនោះមានប្រភេទ AK ស្វាយបត់ ០១ដើម ដោយមានគ្រាប់ចំនួន ១៧គ្រាប់ ហើយ K59 ចំនួន ០១ដើម ដោយមានគ្រាប់ ០៤គ្រាប់ និងឡុក ០១ដើម ដោយមានគ្រាប់ចំនួន ៥៤គ្រាប់ ព្រមទាំងឧបករណ៍សម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
ស្នងការខេត្តស្វាយរៀង ឲ្យដឹងថា ជនជាតិវៀតណាមទាំង ១០នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធីច្បាប់។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នេះ សារធាតុញៀន និងគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបានកើនឡើងប្រមាណ ១ តោន ដោយមិនរាប់បញ្ជូនករណីបង្ក្រាបនៅទូទាំងប្រទេស ខណៈអ្នកជួញដូរដែលចាប់ខ្លួនជាជនជាតិចិន និងវៀតណាម។
ជាក់ស្ដែង កាលពីថ្ងៃទី០៨ ខែសីហា នេះ សមត្ថកិច្ចបានចុះបង្ក្រាបក្រុមឧក្រិដ្ឋជនដែលចរាចរគ្រឿងញៀនឆ្លងដែនពីតំបន់ត្រីកោណមាសឆ្លងកាត់ប្រទេសឡាវ ចូលទៅកម្ពុជាចំនួន ៤៦៥គីឡូក្រាម និង ៦៥១ក្រាម ដោយការបង្ក្រាបនេះនៅមុខផ្ទះសំណាក់កណ្តាលស្ទឹងព្រែកជ្រៃ ស្ថិតភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកថ្ងៃទី៩ ខែសីហា សមត្ថកិច្ចរឹបអូសសារធាតុញៀនជាង ១០០គីឡូក្រាម ហើយបានឃាត់ខ្លួនជនជាតិចិនម្នាក់ និងខ្មែរ ២នាក់ ពាក់ព័ន្ធនឹងករណីនេះ។
ចាប់តាំងពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន ចំនួនគ្រឿងញៀនដែលអាជ្ញាធររឹបអូសបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះនៅឆ្នាំ២០១៧ អាជ្ញាធរចាប់បានគ្រឿងញៀនជិត ៣០០ (២៩៦) គីឡូក្រាម ហើយឆ្នាំ២០១៨ រឹបអូសបានជិត ៥០០ (៤៧២,៥៣) គីឡូក្រាម និងឆ្នាំ២០១៩ ចាប់បាន ៧៥០គីឡូក្រាម។ នៅឆ្នាំ២០២០ អាជ្ញាធររឹបអូសបានជិត ៤ពាន់ (៣៨៧៦) គីឡូក្រាម និងឆ្នាំ២០២១ រឹបអូសបានជាង ៤៦០០ (៤៦៨៩) គីឡូក្រាម ហើយនៅឆ្នាំ២០២២ អាជ្ញាធរចាប់បានជាង ១ម៉ឺន ៤ពាន់ (១៤៩១៩) គីឡូក្រាម។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការបរាជ័យនេះត្រូវគេរកឃើញថា មកពីក្រុមគ្រួសាររបស់បុរសខ្លាំងក្រាញអំណាចនៅកម្ពុជាលោក ហ៊ុន សែន ជាអ្នកនៅពីក្រោយនៃការចរាចរគ្រឿងញៀនដ៏ធំបំផុតនៅកម្ពុជា ដែលកំពុងចែកចាយយ៉ាងអនាធិបតេយ្យនៅតាមក្លឹបរាត្រី រង្គសាល ហាងខារ៉ាអូខេ និងផ្ទះសំណាក់ផ្សេងៗនៅកម្ពុជា។
ចំណែកអ្នកដែលចែកចាយធំវិញ គឺជាជនជាតិវៀតណាម និងជនជាតិចិន ដែលអាចនិយាយភាសាខ្មែរបានប៉ៃឡាំៗតាមរយៈបណ្ដាញសង្គមតេឡេក្រាម ដោយគ្មានសមត្ថកិច្ចទទួលបន្ទុកបង្ក្រាបគ្រឿងញៀនណាម្នាក់ ឬថ្នាក់ដឹកនាំរដ្ឋាភិបាលណាមួយហ៊ានប៉ះពាល់ឡើយ ដោយសារតែពួកគេខ្លាចអំណាចរបស់លោក ហ៊ុន សែន៕