អាវុធហត្ថខេត្តស្វាយរៀង អះអាងថា កម្លាំងសមត្ថកិច្ចចម្រុះបានចុះប្រតិបត្តិការដោយចាប់ និងបញ្ជូនមនុស្សចំនួន ៩នាក់ទៅតុលាការខេត្តនេះ ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សក្រោយពីចុះអនុវត្តការបង្ក្រាបរយៈពេលប្រមាណ ៣ថ្ងៃ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថា មនុស្សទាំង ៩នាក់ចាប់ខ្លួនបាននៅភូមិតាបឹប និងចំណុចមុខផ្ទះសំណាក់ថៃអាង ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីកម្លាំងចម្រុះបានចុះប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
មនុស្សទាំង ៩នាក់ដែលអាវុធហត្ថចាប់ និងបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់។ ក្នុងចំណោមជនសង្ស័យចំនួន ៩នាក់ ក្នុងនោះមានខ្មែរ ៨នាក់ និងជនជាតិវៀតណាមម្នាក់ឈ្មោះ ហ្វាម អាន់ហ្វឿក ស្នាក់នៅបណ្ដោះអាសន្នក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រៅពីចាប់ខ្លួនមនុស្សទាំង ៩នាក់ កម្លាំងសមត្ថកិច្ចចម្រុះក៏ដកហូតវត្ថុតាង ក្នុងនោះមានទូរសព្ទដៃចំនួន ១០គ្រឿង រថយន្តចំនួន ០២គ្រឿង ពិលឆក់ចំនួន ០៣គ្រឿង ដំបងឈើចំនួន០១ កូនកាំបិតចំនួន០១ ថ្នាំក្រាមសថ្លាចំនួន ០១កញ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។
ជុំវិញរឿងនេះ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីខែកញ្ញា ឆ្នាំ២០២២ បានទទួលស្គាល់ថា កម្ពុជាពិតជាមានការជួញដូរ និងបង្ខាំងមនុស្សជាច្រើនករណីមែន បន្ទាប់ពីចុះអនុវត្តការបង្ក្រាបជាក់ស្ដែងជាបន្តបន្ទាប់តាមពាក្យបណ្តឹងដែលអាជ្ញាធរទទួលបានប្រមាណ ៩៥ភាគរយ។
លោកបញ្ជាក់ថា បណ្ដឹងដែលក្រសួងទទួលបានសរុប ២៨៩ករណីពីសាមីជន សាច់ញាតិ ស្ថានទូត និងអង្គការអន្តរជាតិ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដែលករណីបទល្មើសទាំងអស់នេះកើតឡើងនៅក្នុងទឹកដីកម្ពុជាជាច្រើន ក្នុងនោះមានខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង ខេត្តកោះកុង ខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តកណ្ដាល ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ។
ការលើកឡើងរបស់លោក ស ខេង បន្ទាប់ពីក្រសួងការបរទេសអាមេរិកចេញផ្សាយរបាយការណ៍មួយស្ដីពីការជួញដូរមនុស្សឆ្នាំ២០២២ កាលពីខែកក្កដា ដោយបានទម្លាក់ចំណាត់ថ្នាក់កម្ពុជាចុះមកលំដាប់ទី៣ ដែលមានន័យថា អាក្រក់បំផុត និងពុំធ្លាប់មានទេចាប់តាំងពីឆ្នាំ២០១៥ មក។
របាយការណ៍អាមេរិកបញ្ជាក់ថា កម្ពុជាដើរថយក្រោយ និងគ្មានឆន្ទៈក្នុងការលុបបំបាត់ការជួញដូរមនុស្ស ដោយសារតែបញ្ហាអំពើពុករលួយជាប្រព័ន្ធដែលបានរារាំងដល់ការអនុវត្តច្បាប់លើក្រុមជនល្មើសដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សនៅកម្ពុជា៕