32 C
Phnom Penh

មេ​ទ័ព​ស៊ីឈ្នួល​ឱ្យ​លោក ពូទីន ធ្វើ​សង្គ្រាម​ពិត​ជា​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ឆេះ​យន្តហោះ​ធ្លាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ស្រាវជ្រាវ​ស៊ើបអង្កេត​នៃ​ប្រទេស​រុស្ស៊ី ដែល​មាន​ជំនាញ​រក​មូលហេតុ​ធ្លាក់​យន្តហោះ និយាយ​ថា ការ​ធ្វើ​តេស្ដ​ហ្សែន​បញ្ជាក់​ថា មេ​ទាហាន​ស៊ីឈ្នួល Wagner លោក Prigozhin ពិត​ជា​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​កាលពី​ថ្ងៃ​ទី​២៣ សីហា នៅ​តំបន់​មួយ​ក្បែរ​ក្រុង​មូស្គូ។ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ដែល​បាន​ចុះផ្សាយ​ឱ្យ​ដឹង​នៅ​ថ្ងៃទី​២៨ សីហា នេះ។

ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​ឱ្យ​ដឹង​ថា ការ​ធ្វើ​តេស្ដ​ហ្សែន​បាន​បញ្ជាក់​ថា លោក Yevgeny Prigozhin ប្រធាន​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner ស្ថិត​ក្នុង​ចំណោម​មនុស្ស ១០​នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ធ្លាក់​យន្តហោះ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន។

ភ្នាក់ងារ​អាកាសចរណ៍​រុស្ស៊ី បាន​បញ្ចេញ​ឈ្មោះ​មនុស្ស​ទាំង ១០​នាក់​នៅ​លើ​យន្តហោះ​ឯកជន​ដែល​បាន​ធ្លាក់​នៅ​តំបន់ Tver ភាគ​ខាងជើង​រដ្ឋធានី​មូស្គូ។ អ្នក​ទាំងនេះ​រួម​មាន​ទាំង​លោក Prigorzhin និង​លោក Dmitry Utkin ដែល​ជា​ដៃស្តាំ​របស់​មេ​ក្រុម​ទាហាន​ស៊ីឈ្នួល​ដែល​ជួយ​បង្កើត​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner និង​ជា​មេបញ្ជាការ​ដឹកនាំ​ការ​ប្រយុទ្ធ​នៅ​លើ​សមរភូមិ​នៃ​ប្រទេស​អ៊ុយក្រែន។

ទោះជា​យ៉ាងណា វិមាន​ក្រឹមឡាំង និង​របប​នៅ​ក្រុង​មូស្គូ នៅតែ​ច្រាន​ចោល​ការ​ចោទ​ថា​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន ដែល​គេ​ដាក់​រហស្សនាម​ថា​កំពូល​បុរស​ខ្លាំង​នៅ​ពីក្រោយ​ហេតុការណ៍​នេះ ដែល​ថា​លោក ពូទីន បញ្ជា​ឱ្យ​កម្ទេច​យន្តហោះ​ដឹក​លោក Prigozhin។

ប៉ុន្តែ​ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ កើតមាន​ឡើង​តែ​ជាង ២​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក Prigozhin ដឹកនាំ​ការ​បះបោរ​យោធា​រយៈពេល​ខ្លី​មួយ​ប្រឆាំង​នឹង​មេដឹកនាំ​យោធា​រុស្ស៊ី ក្នុង​ករណី​មាន​ជម្លោះ​ជាមួយ​នឹង​មេទ័ព​រុស្ស៊ី។

ក្នុង​ការ​បះបោរ​នោះ លោក Prigozhin ដែល​ជា​មេ​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner និង​កូនទាហាន​របស់​លោក​បាន​ប្រយុទ្ធ​ព្រម​គ្នា​ជាមួយ​នឹង​ទាហាន​របស់​រុស្ស៊ី នៅ​ក្នុង​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ។ ព្រឹត្តិការណ៍​នោះ គឺជា​ការ​បះបោរ​ប្រដាប់​អាវុធ​សំដៅ​ប្រឆាំង​នឹង​មេដឹកនាំ​យោធា​រុស្ស៊ី ដែល​គេ​ថា​ជា​រដ្ឋប្រហារ​ទម្លាក់​លោក វ្លាឌីមៀរ ពូទីន។

លោក Prigozhin គឺជា​មេដឹកនាំ​ក្នុង​ការ​បះបោរ​នោះ។ ក្រោយពី​វាយ​កាន់កាប់​បាន​ក្រុង​មួយ​ជាប់​ព្រំដែន​រុស្ស៊ី និង​អ៊ុយក្រែន លោក Prigozhin បាន​ដឹកនាំ​ទ័ព ៥០០០​នាក់​សំដៅ​ទៅ​ក្រុង​មូស្គូ នូវ​អ្វី​ដែល​គេ​ហៅថា​ដើម្បី​ទាមទារ​យុត្តិធម៌​ពី​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន ឱ្យ​ដកហូត​តំណែង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ពី​លោក Sergei Shoigu និង​ដក​ឧត្តមសេនីយ៍ Valery Gerasimov ពី​តំណែង​អគ្គសេនាធិការ​កងទ័ព​ដោយ​ចោទ​ថា មេ​ទ័ព​រុស្ស៊ី ២​រូប​នេះ​ជា​អ្នក​បង្ក​ជម្លោះ​ជាមួយ​ក្រុម​ទាហាន​របស់​លោក។

ក្នុង​ហេតុការណ៍​នេះ លោក ពូទីន បាន​រត់​ភៀសខ្លួន​តាម​យន្តហោះ​ទៅ​កាន់​តំបន់​មួយ​យ៉ាង​ឆ្ងាយ​ពី​ក្រុង​មូស្គូ ដោយ​បញ្ជា​ទ័ព​តាម​ចាប់​លោក Prigozhin ឱ្យ​បាន ហើយ​នាំ​យក​មក​កាត់ទោស​ក្រោម​បទ​ចោទ​ថា​ជា​មេ​បះបោរ​ហើយ​ក្បត់​ជាតិ។

ភ្លាមៗ​ក្រោយពី​លោក ពូទីន ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​លោក Prigozhin ប្រកាស​ថា​រុស្ស៊ី ត្រូវ​ការ​ប្រធានាធិបតី​ថ្មី។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្រុង​មូស្គូ បាន​ហៅ​ការ​រុល​សំដៅ​ទៅ​ក្រុង​មូស្គូ របស់​ទ័ព Wagner ថា​ជា​រដ្ឋប្រហារ។ តែ​ការ​បះបោរ​របស់​ទ័ព​ក្រុម Wagner ដែល​សំដៅ​ទៅ​ក្រុង​មូស្គូ បាន​វិលត្រឡប់​ទៅ​ជំរំ​វិញ​ក្រោយពី​លោក ពូទីន ទទួលយក​ការ​សម្របសម្រួល​ពី​ប្រធានាធិបតី​នៃ​ប្រទេស​បេឡារុស ហើយ​សម្រេច​ដក​បទបញ្ជា​នៃ​ចាប់​ខ្លួន​លោក Prigozhin ជាមួយ​នឹង​ការ​ទុក​ជា​មោឃៈ​ការ​ចោទ​លោក Prigozhin ថា​ជន​ក្បត់​ជាតិ។

តែ​យ៉ាងណា​នេះ​ក្ដី អ្នក​សង្កេតការណ៍ និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រុម​បស្ចិម​ប្រទេស បាន​ហៅ​ស្ថានភាព​នៅ​រុស្ស៊ី​ពេល​នោះ​ថា​កំពុង​ធ្លាក់​ក្នុង​ការ​បែកបាក់​ជុំវិញ​យុទ្ធសាស្ត្រ​របស់​លោក ពូទីន ធ្វើ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

បើ​តាម​ក្រសួង​សម្រាប់​ស្ថានការណ៍​អាសន្ន​របស់​រុស្ស៊ី យន្តហោះ​ឯកជន Embraer Legacy បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីក្រុង​មូស្គូ ទៅ​កាន់​ទីក្រុង Saint Petersburg ហើយ​បាន​ធ្លាក់​នៅ​ក្បែរ​ភូមិ Kuzhenkino នៃ​តំបន់ Tver ស្ថិត​នៅ​ប្រហែល ៣០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​មូស្គូ។

ក្រុម​ស៊ើប​អង្កេត​បាន​រក​ឃើញ​សាកសព​លោក Yevgeny Prigozhin តែ​នៅ​មិន​ទាន់​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​បង្ក​ឱ្យ​យន្តហោះ​នោះ​ផ្ទុះ​ធ្លាក់​នៅឡើយ​ទេ។

យន្តហោះ​នោះ​បាន​ផ្ទុះ​ធ្លាក់​លើ​វាល​ស្មៅ​ក្បែរ​ភូមិ​មួយ​របស់​អ្នក​ស្រុក​ក្នុង​តំបន់ ដែល​យន្តហោះ​ត្រូវ​ឆ្លងកាត់​ទៅ​ក្រុង Saint Petersburg ជា​ក្រុង​ដែល​ភូមិគ្រឹះ​របស់​លោក Prigozhin មាន​នៅ​ទីនោះ។

តាម​សាក្សី​ជាច្រើន​ដែល​បាន​ឃើញ​ហេតុការណ៍ ថា​យន្តហោះ​នោះ​អាច​ត្រូវ​បាន​បាញ់​កម្ទេច​ដោយ​គ្រាប់​មីស៊ីល។ តែ​មន្ត្រី​សហរដ្ឋ​អាមេរិក​នៃ​ស្ថាប័ន​ចារកម្ម និង​ជា​ក្រុម​ជំនាញ​ករណី​ធ្លាក់​យន្តហោះ សន្និដ្ឋាន​ថា វា​អាច​កើត​ចេញ​ពី​ការ​បំផ្ទុះ​គ្រាប់បែក ហើយ​ថា​មិន​អាច​មកពី​បញ្ហា​បច្ចេកទេស ឬ​គ្រោះ​ធម្មជាតិ​នោះ​ទេ។ អ្នក​នាំពាក្យ​មន្ទីរ​ប៉ង់តាហ្គោន ឧត្តមសេនីយ៍ត្រី Patrick Ryder បដិសេធ​ទ្រឹស្ដី​ដែល​ថា​យន្តហោះ​នោះ​ឆេះ​ធ្លាក់​ដោយ​គ្រាប់​មីស៊ីល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស