អង្គការសង្គមស៊ីវិលដែលមានមូលដ្ឋាននៅក្រៅស្រុក ប្រកាសធ្វើយុទ្ធនាការថ្កោលទោសរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ឱ្យដូចភ្លៀងរលឹម ដើម្បីឱ្យអង្គការសហប្រជាជាតិបានឃើញកាន់តែច្បាស់ពីការតវ៉ារបស់ពលរដ្ឋកម្ពុជាចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃបើកកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។
អង្គការសង្គ្រោះកម្ពុជា (Save Cambodia) បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នេះថា សំឡេងរបស់ពលរដ្ឋខ្មែរដែលប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត បានឮដល់អង្គការសហប្រជាជាតិហើយ ដូច្នេះពលរដ្ឋទាំងអស់ត្រូវតែនាំគ្នាធ្វើយុទ្ធនាការផ្ញើលិខិតថ្កោលទោសឱ្យបានច្រើនបន្តទៀត រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ មុននឹងអង្គការសហប្រជាជាតិបើកកិច្ចប្រជុំមហាសន្និបាតនៅថ្ងៃបន្ទាប់។
ការអះអាងនេះ ធ្វើឡើងដើម្បីជំរុញឱ្យអង្គការក្រៅរដ្ឋាភិបាល ក្រុមអ្នកប្រជាធិបតេយ្យ គណបក្សនយោបាយដែលមាននិន្នាការប្រឆាំង អាចចូលរួមក្នុងយុទ្ធនាការថ្កោលទោសរដ្ឋាភិបាលថ្មីរបស់កម្ពុជាដែលកំពុងដឹកនាំប្រទេសនៅពេលនេះ។
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាដែលទើបនឹងត្រូវបានលើកបន្តុបពីឪពុក គឺលោក ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងពិធីជួបជាមួយកម្មករនៅក្នុងរាជធានីភ្នំពេញថា ផែនការរបស់ក្រុមប្រឆាំងនៅអាមេរិកដែលទាមទារមិនឲ្យអង្គការសហប្រជាជាតិ (UN) ទទួលស្គាល់លោកជាប្រមុខដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាផែនការបរាជ័យ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា អង្គការសហប្រជាជាតិ (UN) បានទទួលស្គាល់លោកជាមេដឹកនាំរបស់កម្ពុជារួចទៅហើយ ទើបគេអញ្ជើញលោកឱ្យទៅថ្លែងសុន្ទរកថានៅថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះ ដូច្នេះហើយបានជាលោកចាត់ទុកផែនការនៃការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងថាជាផែនការបរាជ័យនោះ។
ជុំវិញបញ្ហានេះ វេទិកាប្រជាធិបតេយ្យខ្មែរ (Khmer Democracy Forum) បានលើកឡើងកាលពីពេលថ្មីៗនេះថា ដើម្បីប្រឆាំងតវ៉ានឹងរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតមិនស្របច្បាប់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមអង្គការសង្គមស៊ីវិលនឹងដាក់ស្នើលិខិតជាលាយលក្ខណ៍អក្សរទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC) ដើម្បីឱ្យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សពិនិត្យពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
អង្គការដដែលនេះបញ្ជាក់ថា ចាប់ពីខែកញ្ញា ដល់ខែតុលា ឆ្នាំ២០២៣ ឧត្ដមក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នឹងដំណើរការពិចារណារបាយការណ៍នានាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ដូច្នេះក្រុមអ្នកប្រជាធិបតេយ្យ គណបក្សនយោបាយដែលមាននិន្នាការប្រឆាំង ត្រូវតែចាប់យកឱកាសទាំងនេះដើម្បីពង្រឹងភាពជាដៃគូជាមួយអង្គការសហប្រជាជាតិ និងបញ្ជូនសារតវ៉ារបស់ខ្លួនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិឱ្យកាន់តែមានប្រសិទ្ធភាព។
ជុំវិញបញ្ហានេះ ពលរដ្ឋខ្មែរនៅក្រៅស្រុកបានចេញលិខិតមួយកាលពីថ្ងៃទី២៨ ខែសីហា កន្លងទៅថា ពួកគេនឹងធ្វើបាតុកម្មនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញ៉ូវយ៉ក លើទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ ការធ្វើបាតុកម្មនេះ គឺដើម្បីប្រឆាំងវត្តមានរបស់លោក ហ៊ុន ម៉ាណែត ដែលមកចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ និងការបដិសេធមិនទទួលស្គាល់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជានោះទេ។
ការប្រមូលផ្ដុំរបស់ពលរដ្ឋខ្មែរនៅក្រៅស្រុកទាំងនេះ គឺដើម្បីទាមទារឱ្យអង្គការសហប្រជាជាតិកុំទទួលស្គាល់រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ និងស្នើឱ្យអង្គការសហប្រជាជាតិព្យួរកៅអីរបស់កម្ពុជានៅអង្គការសហប្រជាជាតិជាបណ្ដោះអាសន្នផងដែរ៕