32 C
Phnom Penh

រដ្ឋមន្ត្រី​ថ្មី​ក្រសួង​ការពារ​ជាតិ​ព្រមាន​តាម​កម្ទេច​អ្នក​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​លើ​ទឹកដី​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ថ្មី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា ព្រមាន​តាម​កម្ទេច​រាល់​ការ​ឃុបឃិត​ទាំងឡាយ​ណា​ដែល​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព និង​មាន​ឧបាយកល​បង្កើត​ឱ្យ​មាន​បដិវត្តន៍​ពណ៌​លើ​ទឹកដី​កម្ពុជា ព្រមទាំង​ប្រឆាំង​ដាច់ខាត​នូវ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​បរទេស​ខាងក្រៅ​ផង​ដែរ។

រដ្ឋមន្ត្រី​ថ្មី​ក្រសួង​ការពារ​ជាតិ​របស់​កម្ពុជា​ដែល​ទើប​នឹង​ឡើង​កាន់​តំណែង​បន្ត​ពី​ឪពុក លោក ទៀ សីហា លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​នាយ​ទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវតែ​ប្ដេជ្ញា​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ ធានា​ការ​ការពារ​សន្តិភាព ឯកភាព អធិបតេយ្យភាព បូរណភាព​ទឹកដី​ឱ្យ​បាន​គង់វង្ស​ស្ថិតស្ថេរ​គ្រប់​កាលៈទេសៈ។

លោក ទៀ សីហា អះអាង​ថា កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ក៏​ត្រូវ​តែ​ថែរក្សា​ឱ្យ​បាន​នូវ​រាល់​សមិទ្ធផល​ដែល​ជា​មរតក​មិន​អាច​កាត់ថ្លៃ​បាន ដែល​បន្សល់​ទុក​ពី​មេដឹកនាំ​ចាស់ៗ​ដែល​កើត​ចេញពី​ឆន្ទៈ​រួម ការ​ប្រឹងប្រែង​រួម ដើម្បី​ផល​ប្រយោជន៍​រួម និង​ការ​ប្រឹងប្រែង​បង្កើត​នូវ​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត​ផង​ដែរ។

រដ្ឋមន្ត្រី​ថ្មី​ក្រសួង​ការពារ​ជាតិ​របស់​កម្ពុជា​រូប​នេះ​ប្ដេជ្ញា​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​នូវ​ផែនការ​កំណែ​ទម្រង់​កងយោធពល​ខេមរភូមិន្ទ កម្មវិធី​នយោបាយ ផែនការ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ជាពិសេស​អនុវត្ត​កែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ​ក្នុង​ស្មារតី​ឯករាជ្យ និង​អភិក្រម​ទាំង​៥ ឆ្លុះ​កញ្ចក់ ងូត​ទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ការ​ព្រមាន​នេះ ធ្វើឡើង​ជា​លើកដំបូង​បន្ទាប់ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី​របស់​កម្ពុជា​រូប​នេះ​ឡើង​កាន់​តំណែង​បន្ត​ពី​ឪពុក ដើម្បី​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​ថ្មី​ដែល​កំពុង​ក្តោប​ក្តាប់​ដោយ​ត្រកូល​ហ៊ុន​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ លោក ទៀ សីហា ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ត្រាស់​បង្គាប់​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​របស់​កម្ពុជា​ជំនួស​លោក ទៀ បាញ់ ដែល​ជា​ឪពុក​ដើម្បី​ជួយ​ជ្រោមជ្រែង​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​នេះ។

ទោះជា​បែប​នេះ​ក្តី អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ កញ្ញា នេះ​ថា គ្មាន​អ្នក​បំផ្លាញ​សន្តិភាព ហើយ​ក៏​មាន​គ្មាន​អ្នក​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ដែរ គឺ​មាន​តែ​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ ដើម្បី​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​បើក​លំហ​សិទ្ធិមនុស្ស និង​សេរីភាព​ឱ្យ​ទូលំទូលាយ​ប៉ុណ្ណោះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា គ្មាន​នរណា​ម្នាក់​អាក្រក់​រហូត​ដល់​ថ្នាក់​មាន​បំណង​បំផ្លាញ​សន្តិភាព​នោះ​ទេ ប៉ុន្តែ​គេ​មិន​ដឹង​ថា តើ​សន្តិភាព​ដែល​គេ​តែង​ប្រកាស​ការពារ​កន្លងមក​នោះ គឺជា​សន្តិភាព​ពិតប្រាកដ​សម្រាប់​ពលរដ្ឋ​មែន​ដែរ​ឬ​យ៉ាងណា​ប៉ុណ្ណោះ? ប្រសិនបើ​ការ​ប្រកាស​ការពារ​សន្តិភាព​គ្រាន់តែ​ដើម្បី​បិទ​បាំង​នូវ​ការ​គាបសង្កត់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​នោះ គេ​មិន​មែន​ហៅ​ថា​សន្តិភាព​ទេ ហើយ​ការ​ប្រើ​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព ក៏​គេ​មិន​បាន​ហៅថា​ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នោះ​ដែរ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ថ្មី​ក្រសួង​ការពារ​ជាតិ​របស់​កម្ពុជា តើ​មាន​សមត្ថភាព​ត្រឹមតែ​គំរាម​ប្រជាពលរដ្ឋ​មិន​ឱ្យ​តវ៉ា​ទាមទារ​សិទ្ធិ​សេរី​តែ​ប៉ុណ្ណឹង​ទេ​ឬ​យ៉ាងណា ព្រោះ​ថា​កិច្ចការ​របស់​ខ្លួន​ជាច្រើន​ដែល​ត្រូវ​អនុវត្ត​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ដឹកនាំ​របស់​ខ្លួន ដូចជា​ការ​ធានា​ឱ្យ​បាន​នូវ​អធិបតេយ្យ​ជាតិ ទាក់ទិន​នឹង​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ជាដើម ថា​តើ​ខ្លួន​អាច​ធានា​បាន​នូវ​ការ​មិន​លូកលាន់​ពី​បរទេស​ជិតខាង​បាន​ហើយ​ឬ​នៅ​ក្នុង​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​សម្រាប់​អាណត្តិ​ថ្មី​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រចាំ​លម្ហ​សមុទ្រ​ខេត្ត​កោះកុង លោក មុំ អស្សនី ធ្លាប់​បាន​លើកឡើង​ថា​គេ​នៅ​មិនទាន់​ដឹង​ថា តើ​លោក ទៀ សីហា អាច​ដឹកនាំ​ក្រសួង​ការពារ​ជាតិ​បាន​ល្អ ឬ​ក៏​អត់​នោះ​ទេ​ទៅ​ថ្ងៃ​មុខ ស្រប​ពេល​ដែល​សាច់ញាតិ​របស់​គាត់ ដូចជា​លោក ទៀ វិញ លោក ទៀ សុខា និង​លោក ទៀ វិចិត្រ កំពុង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធំៗ​យ៉ាង​អនាធិបតេយ្យ​ជាច្រើន​ដោយ​គ្មាន​ទោសទណ្ឌ​នៅ​លើ​លម្ហ​សមុទ្រ​របស់​កម្ពុជា​សព្វថ្ងៃ​នេះ។

លោក មុំ អស្សនី បញ្ជាក់​ថា ក្រុម​គ្រួសារ​ត្រកូល ទៀ នៅ​ពេល​នេះ​កំពុង​ប្រព្រឹត្ត​មុខរបរ​ខុស​ច្បាប់​ជាច្រើន​តាំងពី​ជំនាន់​លោក ទៀ បាញ់ ធ្វើ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ ដូចជា​ការ​លាង​លុយ​កខ្វក់ រត់​ពន្ធ​ប្រេងឥន្ធនៈ​ខុស​ច្បាប់ ការ​រត់​ពន្ធ​ឈើ​ខុស​ច្បាប់ ការ​រត់​ពន្ធ​គ្រឿងញៀន និង​រត់​ពន្ធ​អាវុធ​ខុស​ច្បាប់ ជាដើម ដែល​ទង្វើ​ឧក្រិដ្ឋកម្ម​ទាំងនេះ​គឺជា​ការ​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស