38 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថ្មី​ថៃ​ប្រកាស​ផែនការ​ទម្លាក់​ថ្លៃ​សាំង ប្រេងឥន្ធនៈ ថ្លៃ​ភ្លើង​អគ្គិសនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ថ្មី​នៃ​រាជាណាចក្រ​ថៃ ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ដោយ​មើល​ឃើញ​អំពី​ជីវភាព​របស់​ប្រជាជន​ថៃ រង​ការ​លំបាក​ដោយសារ​សេដ្ឋកិច្ច រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​កូវីដ​រយៈពេល ៣​ឆ្នាំ រដ្ឋាភិបាល​មាន​ផែនការ​នឹង​ធ្វើ​ការ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់​នូវ​ការ​ទម្លាក់​ថ្លៃ​សាំង ថ្លៃ​ប្រេងឥន្ធនៈ​ផ្សេងៗ ហើយ​ថ្លៃ​ភ្លើង​អគ្គិសនី គឺ​ត្រូវ​ធ្វើ​ឱ្យ​បាន។

កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ បាន​រាយការណ៍​មក​ថា រដ្ឋាភិបាល​ថ្មី​របស់​រាជាណាចក្រ​ថៃ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​លោក ស្រេតថា ថាវិស៊ីន កំពុងតែ​សិក្សា​ជាទូទៅ​ទៅ​លើ​តម្លៃ​ថាមពល​ទាំងអស់​ដែល​មាន​នៅ​លើ​ទីផ្សារ​របស់​ប្រទេស​ថៃ។

តាម​ប្រភព​ដដែល​នេះ តម្លៃ​ប្រេងសាំង និង​តម្លៃ​ភ្លើង​អគ្គិសនី រួម​ទាំង​តម្លៃ​សេវា​ដឹកជញ្ជូន​តាម​ផ្លូវ​រថភ្លើង ក៏​អាច​ទម្លាក់​ផង​ដែរ ហើយ​មុខទំនិញ​ទាំងអស់​នេះ​អាច​ត្រូវ​កាត់បន្ថយ​ជិត​ប្រាំ​បាត។

ចំពោះ​ប្រេងម៉ាស៊ូត ដែល​កសិករ​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម នឹង​កំណត់​មក​ត្រឹម​ជាង ៣១​បាត​ក្នុង​មួយ​លីត្រ ហើយ​រដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​ការ​អនុវត្ត​សាកល្បង​ចាប់ពី​ខែ​កញ្ញា នេះ រហូត​ដាច់​ខែ​ធ្នូ ឆ្នាំ​២០២៣។

យោង​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល ចាប់ពី​ខែ​មករា ឆ្នាំ​២០២៤ គឺ​ត្រូវ​អនុវត្ត​ជា​ផ្លូវការ។ ការ​ប្រកាស​របស់​រដ្ឋាភិបាល​ថ្មី​នៃ​រាជាណាចក្រ​ថៃ ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ ធ្វើឡើង​ក្រោយពី​លោក ស្រេតថា ថាវិស៊ីន ប្រជុំ​គណៈរដ្ឋមន្ត្រី​របស់​លោក​កាលពី​សប្ដាហ៍​មុន ហើយ​នៅ​ថ្ងៃ​អង្គារ ទី​៥ កញ្ញា គណៈរដ្ឋមន្ត្រី​ដែល​មកពី ១១​គណបក្ស នឹង​ស្បថ​ចូល​កាន់​តំណែង។ ក្នុង ១១​គណបក្ស​នេះ ក៏​មាន​បក្ស​របស់​ពួក​យោធា​ផង​ដែរ។

រដ្ឋាភិបាល​ថ្មី​របស់​រាជាណាចក្រ​ថៃ ដឹកនាំ​ដោយ​អ្នកជំនួញ​អចលនទ្រព្យ​ដ៏​ស្ដុកស្ដម្ភ គឺ​លោក ស្រេតថា ថាវិស៊ីន ក៏​បាន​ប្រកាស​ពិនិត្យ​មើល​ពន្ធអាករ​ណា​ដែល​ប៉ះ​ខ្លាំង​ទៅ​លើ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ថៃ ដែល​អាច​ឈាន​ដល់​កាត់បន្ថយ​ពន្ធ ឬ​មិន​ត្រូវ​ជាប់​ពន្ធ ជាពិសេស​មុខរបរ​របស់​អ្នក​ធ្វើ​កសិកម្ម។

គណៈរដ្ឋមន្ត្រី​ថ្មី​ត្រូវ​បាន​រំពឹង​ថា នឹង​បើក​កិច្ចប្រជុំ​លើកដំបូង​នៅ​ថ្ងៃទី​១២ ខែ​កញ្ញា ក្រោយ​ការ​តែងតាំង និង​ស្បថ​នៅ​ចំពោះ​មុខ​ព្រះមហាក្សត្រ​នៅ​ក្នុង​សប្ដាហ៍​នេះ។

ក្នុង​ពេល​ដែល​លោក​បាន​ស្បថ​ចូល​កាន់​តំណែង​ក្រោយពី​ព្រះមហាក្សត្រ​បញ្ជូន​លិខិត​ទទួលស្គាល់​ជា​នាយករដ្ឋមន្ត្រី លោក ស្រេតថា ថាវិស៊ីន បាន​ជួប​លោក​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ គឺ​លោក ប្រាយុទ្ធ ចាន់អូចា។ ក្នុង​ជំនួប​នោះ លោក​បាន​ប្រាប់​លោក ប្រាយុទ្ធ ឱ្យ​រីករាយ​ក្នុង​ជីវិត​តាមរយៈ​ការ​ធ្វើ​ដំណើរ​ទៅ​បរទេស។

ទន្ទឹម​នេះ លោក​ក៏​បាន​លើកឡើង​ពី​ការ​ស្នើសុំ​លើកលែង​ទោស​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី​ដែល​លោក​ចាត់ទុក​បញ្ហា​នោះ​ជា​កិច្ចការ​ផ្ទាល់ខ្លួន​របស់​លោក ថាក់ស៊ីន។ ជាង​នេះ​ទៅ​ទៀត លោក ប្រាយុទ្ធ ក៏​បាន​បញ្ជូន​លិខិត​របស់​លោក​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះអង្គ​លើកលែង​ទោស​ឱ្យ​លោក ថាក់ស៊ីន គឺ​ក្នុង​ឋានៈ​លោក​ជា​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ។

កន្លងមក លោក ប្រាយុទ្ធ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​នឹង​ក្លាយ​ជា​ពលរដ្ឋ​សាមញ្ញ​ដោយ​គ្មាន​ឯកសិទ្ធិ​ពិសេស ហើយ​ចង់​សម្រាក និង​ចំណាយ​ពេល​ជាមួយ​គ្រួសារ។

ក្នុង​ជំនួប​នៅ​វិមាន​រដ្ឋាភិបាល​នៅ​ពេល​កន្លងមក លោក ប្រាយុទ្ធ បាន​ផ្តល់​អនុសាសន៍​ឱ្យ​លោក ស្រេតថា មាន​ភាព​អំណត់​ក្នុង​ការ​ដឹកនាំ រួម​ទាំង​ប្រកាន់​យក​គោលការណ៍​ជាតិ សាសនា និង​ព្រះមហាក្សត្រ។

ក្នុង​បញ្ជី​គណៈរដ្ឋមន្ត្រី​ថៃ​នៃ​រដ្ឋាភិបាល​ចម្រុះ ១១​គណបក្ស គឺ​លោក ស្រេតថា ថាវិស៊ីន ជា​នាយករដ្ឋមន្ត្រី​ផង និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផង។ លោក ស្រេតថា ដែល​កាន់​តំណែង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ព្រោះ​លោក​មាន​ជំនាញ​សេដ្ឋកិច្ច ហើយ​ជា​អ្នក​ជំរុញ​ដល់​ការ​ស្ដារ​សេដ្ឋកិច្ច​ថៃ​ឡើងវិញ។ ជាមួយ​គ្នា​នេះ បក្ស​ភឿថៃ ក៏​ដឹកនាំ​ក្រសួង​ការពារ​ជាតិ​ផង​ដែរ ប៉ុន្តែ​មិនមែន​លោក ស្រេតថា កាន់​តំណែង​មួយ​ទៀត​នោះ​ទេ គឺ​ខុសពី​រដ្ឋាភិបាល​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក ប្រាយុទ្ធ គឺ​លោក ប្រាយុទ្ធ កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។

នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ថៃ កាលពី​ថ្ងៃទី​១៤ ឧសភា បក្ស​ដែល​មាន​អាទិភាព​ជាងគេ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ គឺ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (MFP) ដែល​ដឹកនាំ​ដោយ​អ្នកជំនួញ​ម្នាក់ គឺ​លោក ភីថា លឹមចារឿនរ៉ាត់។ ប៉ុន្តែ​បុរស​វ័យ ៤២​ឆ្នាំ​រូប​នេះ​មិន​ត្រូវ​បាន​បក្ស​របស់​ពួក​យោធា សមាជិក​ព្រឹទ្ធសភា និង​បក្ស​ដែល​មាន​និន្នាការ​ជាមួយ​ពួក​យោធា បោះឆ្នោត​គាំទ្រ​លោក​នៅ​ក្នុង​កិច្ចប្រជុំ​របស់​រដ្ឋសភា​នៅ​ថ្ងៃទី​១៣ កក្កដា នោះ​ទេ។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា បើ​លោក ភីថា លឹមចារឿនរ៉ាត់ ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ គឺ​អ្នក​នយោបាយ​វ័យក្មេង​រូប​នេះ​ក៏​មាន​គោលនយោបាយ​កាត់បន្ថយ​ប្រាក់​ពន្ធ​ទាំងអស់​ចំពោះ​ប្រជាជន​ថៃ ទោះ​ជា​ពន្ធ​ទៅ​លើ​ប្រាក់បៀវត្ស​របស់​មន្ត្រី​រដ្ឋការ​ក៏ដោយ​នោះ។

បន្ថែម​លើ​នេះ លោក ភីថា ពិនិត្យ​មើល​ឡើងវិញ​ទាំងអស់​អំពី​ប្រព័ន្ធ​ពន្ធ​ដែល​ត្រូវ​បាន​បាត់​ក្នុង​ហេតុផល​នៃ​ការ​កិបកេង​របស់​មន្ត្រី​ពន្ធដារ និង​មន្ត្រី​ពាក់ព័ន្ធ ដែល​លោក​ថា​វា​ជា​យុទ្ធនាការ​មួយ​បោស​សម្អាត​ពន្ធ​ខ្មៅ ឬ​បោស​សម្អាត​អំពើពុករលួយ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ​មាន​ភាព​រឹងមាំ​ច្បាស់លាស់​សំដៅ​ជួយ​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ថៃ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស