42 C
Phnom Penh

ក្រសួង​ធនធាន​ទឹក​ប្ដេជ្ញា​មិន​ឱ្យ​ភ្នំពេញ​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​អាណត្តិ​លោក ហ៊ុន ម៉ាណែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្ដេជ្ញា​មិន​ឲ្យ​ទីក្រុង​ភ្នំពេញ​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​នៅ​រដូវ​វស្សា​ក្នុង​អាណត្តិ​ដែល​លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​កម្ពុជា​នោះ​ឡើយ។

ក្នុង​កិច្ចប្រជុំ​ការងារ​ស្ដីពី​ការ​រំដោះ​ទឹកជំនន់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៣ រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ ស៊ីណា អះអាង​ថា ក្រសួង​បាន​រៀបចំ​ផែនការ​រំដោះ​ទឹក​ចេញពី​ក្រុង​ភ្នំពេញ​តាមរយៈ​ប្រឡាយ ព្រែក អូរ ស្ទឹង និង​ទន្លេ​នានា ដោយ​ធ្វើ​យ៉ាង​ណា​ដោះស្រាយ​កុំ​ឲ្យ​រាជធានី​ភ្នំពេញ​រង​ហានិភ័យ​ដោយសារ​ទឹកជំនន់​នៅ​រដូវ​វស្សា​បន្ត​ទៀត។

ផែនការ​នេះ ដោយ​ក្រសួង​អះអាង​ថា ខ្លួន​បាន​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច រួម​ទាំង​បណ្តា​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត។ ជាមួយ​គ្នា​នេះ ក្រសួង​នឹង​ដាក់​នូវ​ប្រព័ន្ធ​ប្រឡាយ ៩២, ៩៤, ៩៦ និង​ប្រឡាយ​ខ្សាច់​ឡើងវិញ ដោយ​ថា​វិធានការ​នេះ​អាច​ជួយ​រំដោះ​ទឹក​បាន​លឿន​ចេញពី​បណ្តា​តំបន់​ទាំងអស់​ដែល​នៅ​កៀក​ទីក្រុង​ភ្នំពេញ។

លោក ចាន់ ស៊ីណា អះអាង​ថា ក្នុង​អាណត្តិ​របស់​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​នាយករដ្ឋមន្ត្រី គឺ​នឹង​មិន​ឲ្យ​ទីក្រុង​ភ្នំពេញ​លិច​ទឹក​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​រដូវ​វស្សា​ទៀត​ឡើយ។

ជំនន់​ទឹកភ្លៀង​បាន​បង្ក​ជា​ការ​លំបាក​ដល់​បណ្តា​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ផ្ទះសម្បែង ផ្លូវ​ថ្នល់ និង​យានជំនិះ ទាំង​ម៉ូតូ ឡាន ត្រូវ​ជន់​លិច និង​ខូចខាត។

ទឹក​ដែល​ជន់​លិច​ទីក្រុង​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​មហាជន​បន្ទោស​ថា​លោក ហ៊ុន សែន ឪពុក​របស់​នាយករដ្ឋមន្ត្រី​បាន​កាត់​ផ្ទៃដី​បឹង​ធម្មជាតិ​នៅ​កណ្ដាល និង​ជាយ​ទីក្រុង​ដែល​ជា​ទីតាំង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​ឧកញ៉ា ក្រុមហ៊ុន និង​កូនៗ​របស់​គាត់ ព្រមទាំង​មន្ត្រី​ក្នុង​បក្ស​កាន់​អំណាច​ទៀត​ផង។

ជាក់ស្ដែង​ដូចជា បឹង​តាមោក ដែល​មាន​ទំហំ ៣២៣៩​ហិកតារ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​សល់​ប្រមាណ ១​ពាន់​ហិកតារ​ប៉ុណ្ណោះ ខណៈ​បឹងទំពុន ត្រូវ​បាន​ចាក់​ដី​លុប​ជា​បន្តបន្ទាប់ ហើយ​បឹងកក់​ត្រូវ​បាន​លុប​អស់​ទាំងស្រុង​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស