32 C
Phnom Penh

រដ្ឋមន្ត្រី​មហាផ្ទៃ​ណែនាំ​មន្ត្រី​ឱ្យ​ពង្រឹង​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​គ្រឿងញៀន​នៅ​មូលដ្ឋាន​ឱ្យ​មាន​ប្រសិទ្ធភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ណែនាំ​ឱ្យ​មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​លើ​ការ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និង​ពង្រឹង​ការ​ទប់ស្កាត់​ការ​ជួញដូរ ចែកចាយ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន រួម​ទាំង​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ​ឲ្យ​មាន​ប្រសិទ្ធភាព។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា លើកឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​លើ​ការ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅ​ក្នុង​ខេត្ត​ជូន​ពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ ហើយ​ត្រូវ​បន្ត​បង្កើន​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ខិតខំ​ដោះស្រាយ​បញ្ហា​ទំនាស់​នានា​របស់​ពលរដ្ឋ​ឲ្យ​អស់​ពី​លទ្ធភាព​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ថែម​ទៀត។

លោក​ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​បន្ត​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ ពួត​ដៃ​គ្នា​ដើម្បី​អភិវឌ្ឍ​ឲ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខ និង​លើក​កម្ពស់​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​តាម​បន្ទាត់​ព្រំដែន និង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង​ឲ្យ​បាន​ល្អ ក្នុង​បំណង​រក្សា​ព្រំដែន​ឱ្យ​មាន​សន្តិភាព និង​ការ​អភិវឌ្ឍ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បញ្ជាក់​ថា មន្ត្រី​ពាក់ព័ន្ធ​នៅ​ថ្នាក់​មូលដ្ឋាន​ត្រូវ​បន្ត​ផ្តល់​សេវា​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ ដូចជា​ការ​ផ្តល់​សេវា​តាម​យន្តការ​ច្រក​ចេញ​ចូល​តែ​មួយ លើក​កម្ពស់​បណ្ដុះបណ្ដាល​មន្ត្រី​របស់​ខ្លួន​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ធ្វើ​កិច្ចការ​ឲ្យ​បាន​ជោគជ័យ​ជូន​ពលរដ្ឋ និង​បន្ត​ដោះស្រាយ​សំណើ​នានា​របស់​ពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​ក្នុង​តួនាទី​របស់​ខ្លួន។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​គោលដៅ​បង្កើន​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ជូន​ពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព បន្ទាប់ពី​ខ្លួន​ទទួល​តំណែង​ដឹកនាំ​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ។

កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ លោក ស សុខា ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បន្ត​ពី​លោក ស ខេង ដែល​ជា​ឪពុក​ក្នុង​អាណត្តិ​ដឹកនាំ​នៃ​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​លោក ហ៊ុន សែន។

ក្រោយពី​ទទួល​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បង្ហាញ​ពី​ការ​ធ្វើ​កំណែ​ទម្រង់​ដឹកនាំ​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ​ជា​បន្តបន្ទាប់ ដូចជា​ការ​ធ្វើ​កំណែ​ទម្រង់​បញ្ចុះ​តម្លៃ​នៃ​ការ​បំពេញ​សំណុំ​បែបបទ​ធ្វើ​លិខិត​ឆ្លងដែន ការ​សិក្សា​អំពី​អត្ថប្រយោជន៍​លើ​ការ​ធ្វើ​ប័ណ្ណ​បើកបរ​ម៉ូតូ និង​ការ​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ​ដែល​ធ្លាប់​បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ការពារ​ដីធ្លី​ដែល​មាន​ជម្លោះ​ឱ្យ​អ្នក​មាន​អំណាច ជាដើម។

ជាង​នេះ​ទៀត ក៏​មាន​ការ​ប្រកាស​ពី​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​ពី​ឪពុក​ម្តាយ​ទៅ​កូន​តាម​ប្រព័ន្ធ​ឌីជីថល ដោយ​មិន​ចំណាយ​លុយ​ថ្លៃ​សេវា​សាធារណៈ​ដូច​មុន និង​ការ​ដាក់​ចេញ​នូវ​ផែនការ​ទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន​ដែល​ឆ្លងកាត់ ឬ​ចែកចាយ​នៅ​កម្ពុជា ជាដើម ប៉ុន្តែ​វិធានការ​កែ​ទម្រង់​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​នឹង​មាន​ប្រសិទ្ធភាព ឬ​អាច​អនុវត្ត​បាន​កម្រិត​ណា​នោះ​ទេ នៅ​ពេល​ដែល​គេ​ដឹង​ថា អ្នក​មាន​អំណាច និង​មន្ត្រី​ជាន់ខ្ពស់​ដែល​មាន​សែស្រឡាយ និង​ជា​បក្ខពួក​របស់​ត្រកូល​ហ៊ុន តែង​រំលោភ​ច្បាប់​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​រាប់​មិន​អស់​នា​ពេល​កន្លងមក​នោះ។

ទាក់ទិន​នឹង​ការ​ចរាចរ​គ្រឿងញៀន បទល្មើស​ផ្សេង​ទៀត​នៅ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា ក្រសួង​មហាផ្ទៃ​ក្រោម​ការ​ដឹកនាំ​របស់​លោក ស ខេង កន្លងមក មិន​អាច​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​អំពើ​ល្មើស​ទាំងនោះ​បាន​ជោគជ័យ​ទេ ដូចជា​ការ​បង្ក្រាប​ការ​ចែកចាយ ឬ​ប្រើប្រាស់​គ្រឿងញៀន អំពើ​ជួញដូរ​មនុស្ស ការ​ចាប់​ជំរិត ការ​ប្រព្រឹត្ត​ល្បែងស៊ីសង​ខុស​ច្បាប់ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាដើម ដោយសារតែ​អំពើ​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​ខ្លាំង​ជាមួយ​គ្រួសារ​ត្រកូល​ហ៊ុន។

ជាង​នេះ​ទៀត លោក ហ៊ុន តូ ដែល​ជា​ក្មួយប្រុស​របស់​លោក ហ៊ុន សែន ក៏​គេ​រក​ឃើញ​ដែរ សាច់ញាតិ​របស់​មេដឹកនាំ​ខ្មែរ​រូប​នេះ​គឺជា​អ្នក​នៅ​ពីក្រោយ​អំពើ​ល្មើស​ច្បាប់​នានា​ផង​ដែរ ខណៈ​លោក នេត សាវឿន ដែល​ជា​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន ដែរ​នោះ គឺជា​អ្នក​អនុវត្ត​បង្ក្រាប​អំពើ​ទាំងនោះ បើ​ទោះបីជា​លោក នេត សាវឿន នៅ​ក្រោម​បញ្ជា​របស់​លោក ស ខេង ក៏ដោយ ក៏​គាត់​មិន​អនុវត្ត​តាម​បទបញ្ជា​ក្នុង​ការ​បង្ក្រាប​អំពើ​ល្មើស​ច្បាប់​ទាំងនោះ​ដែរ។

អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​សន្តិសុខ​លំហ​សមុទ្រ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ពិត​មែន​តែ​លោក ស សុខា នៅ​ក្មេង និង​មាន​បទពិសោធន៍​មិន​ទាន់​ពេញលេញ ប៉ុន្តែ​គាត់​អាច​នឹង​ដឹកនាំ​ក្រសួង​មហាផ្ទៃ​បាន​ល្អ​ទៅ​ថ្ងៃ​មុខ ព្រោះ​ថា​ក្រសួង​មហាផ្ទៃ​នៅ​ពេលនេះ​មាន​កម្លាំង​ផ្ទៃក្នុង​ដែល​ជា​កម្លាំង​របស់​លោក ស ខេង ចូល​គ្រប់គ្រង​បាន​កាន់តែ​ច្រើន​ជាង​មុន បន្ទាប់ពី​មាន​ការ​ដោះដូរ​តំណែង​តួនាទី​ខាង​នយោបាយ​ជាមួយ​នឹង​លោក ហ៊ុន សែន។

លោក មុំ អស្សនី លើកឡើង​ថា កាលពី​ជំនាន់​លោក ស ខេង ដឹកនាំ​ក្រសួង​មហាផ្ទៃ មាន​លោក នេត សាវឿន ដែល​ជា​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន នៅ​រាំងស្ទះ​ក្នុង​ការ​អនុវត្ត​បទបញ្ជា​របស់​គាត់ ដោយសារតែ​លោក នេត សាវឿន កាន់​តួនាទី​ជា​អគ្គស្នងការ​នគរបាល​ជាតិ ដូច្នេះ​នៅ​ពេល​ដែល​កម្លាំង​ក្រសួង​មហាផ្ទៃ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​លើ​បទល្មើស​ណា​មួយ ដូចជា​បទល្មើស​គ្រឿងញៀន ជាដើម ដែល​ប៉ះ​ចំ​សែស្រឡាយ​បក្ខពួក​របស់​លោក ហ៊ុន សែន គឺ​លោក នេត សាវឿន មិន​បាន​ដឹកនាំ​បង្ក្រាប​នោះ​ទេ។

អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា នៅ​ពេលនេះ​លោក ស ថេត ដែល​ជា​ក្មួយ​របស់​លោក ស ខេង កាន់​តួនាទី​ជា​អគ្គស្នងការ​នគរបាល​ជាតិ​ជំនួស​លោក នេត សាវឿន ខណៈ​លោក ស សុខា ដែល​ជា​កូន​របស់​លោក ស ខេង ក៏​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដែរ ដូច្នេះ​ការ​ដឹកនាំ​ក្រសួង​មហាផ្ទៃ​អាច​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ចំពោះ​ការ​បង្ក្រាប​បទល្មើស​ផ្សេងៗ និង​ការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដែល​ចំណុះ​ឱ្យ​ក្រសួង​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស