39 C
Phnom Penh

បក្ស​ភ្លើង​ទៀន​ស្នើសុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​ថ្មី​រឿង​លិខិត​ចុះបញ្ជី​គណបក្ស​ច្បាប់ដើម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ភ្លើង​ទៀន​ស្នើសុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​ថ្មី​ទៀត ដើម្បី​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​នេះ​ជួយ​ផ្ដល់​លិខិត​ចុះបញ្ជី​គណបក្ស​ច្បាប់ដើម បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា។

ការ​ដាក់​លិខិត​ជា​ថ្មី​ទៀត​ទៅ​ក្រសួង​មហាផ្ទៃ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​នេះ​បាន​បដិសេធ​មិន​ជួប​ជាមួយ​គណបក្ស​ភ្លើង​ទៀន​កាលពី​ដើម​ខែ​សីហា និង​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ខែ​មិថុនា ឆ្នាំ​២០២៣ ដោយ​ក្រសួង​ប្រាប់​ឲ្យ​គណបក្ស​នេះ​រង់ចាំ​រហូត​ដល់​មាន​រដ្ឋាភិបាល​ថ្មី។

ក្នុង​លិខិត​របស់​គណបក្ស​ភ្លើង​ទៀន ចុះ​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ដែល​បាន​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​៧ កញ្ញា ឲ្យ​ដឹង​ថា ការ​ដាក់​លិខិត​ជា​ថ្មី​ទៀត​នេះ​ដើម្បី​ស្នើសុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ជួយ​ផ្តល់​ដំណោះស្រាយ​ពាក់ព័ន្ធ​ឯកសារ​លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​ភ្លើង​ទៀន ដែល​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ។

ប្រភព​ដដែល​ថា គណបក្ស​ភ្លើង​ទៀន​ត្រូវការ​ឯកសារ​លិខិត​បញ្ជាក់​ការ​ចុះបញ្ជី​គណបក្ស​ច្បាប់ដើម ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត។ ប្រសិនបើ​គ្មាន​ឯកសារ​ច្បាប់ដើម​ទេ គណបក្ស​ភ្លើង​ទៀន​នឹង​ត្រូវ​ប្រឈម​ការ​បដិសេធ​ជា​ថ្មី​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដោយ​មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​នៅ​អាណត្តិ​បន្តបន្ទាប់​នា​ពេល​ខាង​មុខ​នេះ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ចំពោះ​រឿង​នេះ​ពី​អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បាន​នៅ​ឡើយ​ទេ។

ការ​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ​របស់​គណបក្ស​ភ្លើង​ទៀន​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) មិន​ទទួលស្គាល់ និង​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ក្រោម​ហេតុផល​ថា ឯកសារ​ដែល​គណបក្ស​នេះ​ដាក់​សុំ​ចុះបញ្ជី​មិន​មែន​ជា​ឯកសារ​ច្បាប់ដើម បើ​ទោះបីជា​ក្រសួង​មហាផ្ទៃ​ជា​អ្នក​ចេញ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ក៏ដោយ។

គណបក្ស​ភ្លើង​ទៀន​បាន​អះអាង​ថា គណបក្ស​បាន​បាត់​ឯកសារ​ដើម​នៃ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ អំឡុង​ពេល​នៃ​ការ​ចម្រូងចម្រាស​គ្នា​រវាង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​អាជ្ញាធរ​គណបក្ស​កាន់​អំណាច ដោយ​គណបក្ស​ភ្លើង​ទៀន​បាន​ជ្រក​ក្រោម​ដំបូល​ជាមួយ​គ្នា​នោះ​ផង​ដែរ។

ក៏ប៉ុន្តែ​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ដោយ​មិន​ជឿ​លើ​ការ​លើកឡើង​នេះ​ទេ ដោយ​លោក​បាន​ដាក់​ការ​សង្ស័យ​ថា ការ​ធ្វើ​ឲ្យ​បាត់បង់​ឯកសារ​ចុះបញ្ជី​ច្បាប់ដើម​របស់​គណបក្ស​ភ្លើង​ទៀន ហើយ​មិន​អាច​ឲ្យ​គណបក្ស​នេះ​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ បាន​នោះ គឺជា​ឧបាយកល​ធ្វើ​ឲ្យ​បរទេស​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស