ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលបានទៅដល់ប្រទេសវៀតណាម កាលពីរសៀលថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ក្រោយពីលោកចូលរួមជំនួបកំពូលនៃប្រទេសសេដ្ឋកិច្ចជឿនលឿន G-20 នៅក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា។
លោក ចូ បៃដិន គឺជាមេដឹកនាំសហរដ្ឋអាមេរិកទី៤ ដែលទៅទស្សនកិច្ចផ្លូវរដ្ឋលើទឹកដីប្រទេសសង្គមនិយមមួយនៅអាស៊ីអាគ្នេយ៍ ខណៈមន្ត្រីកំពូលៗរបស់អាមេរិកជាច្រើននាក់ទៀតតែងតែធ្វើទស្សនកិច្ចទៅកាន់ប្រទេសនេះផងដែរក្នុងរយៈពេល ៣ទសវត្សមកនេះ ក្រោយពីក្រុងវ៉ាស៊ីនតោន និងទីក្រុងហាណូយ បង្កើតទំនាក់ទំនងការទូតជាមួយគ្នា។
ក្នុងដំណើរទស្សនកិច្ចរបស់លោក បៃដិន ទៅកាន់ប្រទេសវៀតណាម គេសង្កេតឃើញមេដឹកនាំបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានរៀបចំកម្មវិធីយ៉ាងអធិកអធមដើម្បីទទួលស្វាគមន៍លោក បៃដិន ឋានៈជាប្រធានាធិបតីសហរដ្ឋអាមេរិក។
ដំណើរទស្សនកិច្ចក្នុងប្រទេសវៀតណាមរបស់លោក បៃដិន នេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើនទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងហាណូយ ជាពិសេសផ្នែកពាណិជ្ជកម្ម ប៉ុន្តែមិនចោលដាច់ខាតការផ្ដោតលើឥទ្ធិពលចិន ដែលប្រទេសធំនេះកំពុងពង្រឹងឥទ្ធិពលខ្លួនក្នុងតំបន់នេះ។
ក្រុមអ្នកសារព័ត៌មានបានបន្តចងក្រងកំណត់ត្រាប្រវត្តិសាស្ត្រជាថ្មីទៀតនៃដំណើរទស្សនកិច្ចលោក បៃដិន ជាន់ទឹកដីវៀតណាម ជាប្រទេសមួយនៅក្នុងសមាគមអាស៊ីអាគ្នេយ៍ដែលប្រទេសមួយនេះធ្លាប់ជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នាក្នុងសង្គ្រាមវៀតណាមខាងត្បូង។
ភ្នាក់ងារសារព័ត៌មានបារាំង AFP ឲ្យដឹងថា មេដឹកនាំសហរដ្ឋអាមេរិក និងមេដឹកនាំវៀតណាម នៅថ្ងៃចន្ទ នេះ បានរួមគ្នាព្រមានប្រឆាំងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងបាយករណីជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលជាសារផ្ញើទៅឲ្យប្រទេសចិន។
លោក ចូ បៃដិន និងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានលើកឡើងថា បញ្ហានៃការទាមទារដែនអធិបតេយ្យនៅតំបន់សមុទ្រចិនខាងត្បូង ចាំបាច់ត្រូវតែដោះស្រាយនៅក្រោមបទដ្ឋានអន្តរជាតិនៃអនុសញ្ញាអន្តរជាតិ ឬច្បាប់សមុទ្រឆ្នាំ១៩៨២។
លោក បៃដិន និងលោក Nguyen Phu Trong បានសង្កត់ធ្ងន់ក្នុងសេចក្តីថ្លែងការណ៍រួមថា មេដឹកនាំអាមេរិក-វៀតណាម នៅតែប្រកាន់ជំហរគាំទ្រឥតងាករេចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាជម្លោះ ស្របតាមច្បាប់អន្តរជាតិ ដោយពុំមានការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងបាយឡើយ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក បៃដិន និងលោក Phu Trong បានចុះកិច្ចព្រមព្រៀងដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត ដែលជាកិច្ចប្រឹងប្រែងមួយដើម្បីព្យាយាមទប់ទល់ការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។
ប៉ុន្តែសម្រាប់លោក បៃដិន បានសន្យានៅចំពោះមុខមេដឹកនាំវៀតណាម លោក Nguyen Phu Trong ក្នុងការជួយវៀតណាមឱ្យមានស្ថិរភាពរឹងមាំ ហើយក៏ព្រមានប្រឆាំងការគំរាមកំហែងពីសំណាក់ប្រទេសចិន ករណីសមុទ្រចិនខាងត្បូងដែរ។
ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានជម្លោះជាមួយចិន ករណីសមុទ្រចិនខាងត្បូង មានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រ៊ុយណេ។ ប្រទេស ៥ នេះ រួមទាំងឥណ្ឌា និងកោះតៃវ៉ាន់ កំពុងតែប្រឆាំងចិន ដែលបានគូសផែនទីថ្មីហៅថាផែនទី ៩ឆ្នូតនៃសមុទ្រចិនខាងត្បូង ដោយចោទក្រុងប៉េកាំង ថាព្យាយាមរំលោភដែនទឹករបស់ប្រទេសទាំង ៧ នេះ ហើយបានទាមទារឱ្យចិន បោះបង់ចោលផែនទីនេះ ដោយត្រូវគោរពច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២។
ចំណែកសហរដ្ឋអាមេរិក បានហៅសមុទ្រចិនខាងត្បូងជាតំបន់ផ្លូវទឹកអន្តរជាតិ ដែលប្រទេសចិន ពុំមានសិទ្ធិកាន់កាប់ផ្ដាច់មុខឡើយ។
ភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូង បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសរវាងចិន និងហ្វីលីពីន និងរវាងចិន និងវៀតណាម។ ក្រៅពីលើកឡើងអំពីករណីសមុទ្រចិនខាងត្បូង លោក ចូ បៃដិន បានសាទរចំពោះទំនាក់ទំនងជិតស្និទ្ធជាមួយវៀតណាម ខណៈប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងឧស្សាហកម្មបច្ចេកវិទ្យា។
សេចក្ដីថ្លែងការណ៍រួមរបស់មេដឹកនាំទាំងពីរបានឈានដល់ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបង្កើតបណ្ដាញសម្ព័ន្ធមិត្តអាស៊ី និងប៉ាស៊ីហ្វិក ចំពោះមុខការកើនឡើងនៃឥទ្ធិពលចិន។
ភាពជាដៃគូថ្មីរវាងសហរដ្ឋអាមេរិក និងវៀតណាម ក្នុងនោះសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តជួយវៀតណាម ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងពង្រីកការផលិតផលគ្រឿងអេឡិចត្រូនិក។
ក្នុងសេចក្ដីថ្លែងការណ៍នេះ ក៏មានកិច្ចព្រមព្រៀងស្ដីពីការវិនិយោគលើធនធានរ៉ែសម្រាប់ប្រើប្រាស់ក្នុងការផលិតឧបករណ៍ទំនើបៗដូចជាទូរសព្ទស្មាតហ្វូន និងរថយន្តអគ្គិសនី ជាដើម។
លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបជាមួយមេដឹកនាំវៀតណាម ថា ភាពជាដៃគូជាមួយវៀតណាម គឺជាផ្នែកមួយនៃរដ្ឋការរបស់លោក ដើម្បីបង្ហាញដល់ប្រទេសជាដៃគូក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងពិភពលោកថា សហរដ្ឋអាមេរិកក៏ជាប្រជាជាតិប៉ាស៊ីហ្វិកមួយដែរ។
ក្រុមអ្នកសង្កេតការណ៍បានហៅកិច្ចព្រមព្រៀងដែលសម្រេចឡើងអំឡុងដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នៅទីក្រុងហាណូយ ថាបានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសមួយដែលមានឋានៈខ្ពស់នៅក្នុងទំនាក់ទំនងការទូតជាមួយវៀតណាម អតីតសត្រូវចាស់របស់ខ្លួន។
ជាមួយគ្នានេះ ទស្សនកិច្ចរបស់លោក បៃដិន ដោយសារតែក្រុងវ៉ាស៊ីនតោន មានផែនការលើករោងចក្រមួយចំនួនរបស់អាមេរិកដែលនៅប្រទេសចិន មកដាក់ក្នុងប្រទេសវៀតណាមវិញ ដែលស្ថិតក្នុងគោលដៅជួយពង្រឹងវិស័យឧស្សាហកម្មបច្ចេកវិទ្យាដល់ប្រទេសដ៏មានឥទ្ធិពលមួយនៅអាស៊ីអាគ្នេយ៍នេះ។
ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៥ មកដល់ឆ្នាំ២០២០ សហរដ្ឋអាមេរិកទទួលទំនិញពីវៀតណាម ហក់ឡើង ១២៧ពាន់លានដុល្លារ ដែលទំហំពាណិជ្ជកម្មនេះ សហរដ្ឋអាមេរិកមានលើសចិន ជាប្រទេសជាប់វៀតណាម ដល់ទៅ ៤ដង។ រហូតមកទល់ពេលនេះ វៀតណាម និងអាមេរិក មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងគ្នា ហើយវៀតណាម និងសហភាពអឺរ៉ុប ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាដែរ៕