29 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ដឹកនាំ​មន្ត្រី​រដ្ឋាភិបាល​ធ្វើ​ទស្សនកិច្ច​លើកដំបូង​ទៅ​កាន់​ប្រទេស​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ក្រាញ​អំណាច​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​១៤ កញ្ញា នេះ បាន​ដឹកនាំ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​របស់​ខ្លួន​ដែល​មាន​អាយុ​ទើប​តែ​បាន ២៣​ថ្ងៃ ធ្វើ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ជា​ប្រទេស​មហាអំណាច​កុម្មុយនីស្ត​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កន្លងមក។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣ ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ថា​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែ​កញ្ញា ខាងមុខ​នេះ ក្នុង​បំណង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ដើម្បី​បង្កើត​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-ចិន​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ​ឱ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​អញ្ជើញ​ពី​នាយករដ្ឋមន្ត្រី​ចិន លោក លី ឈាង ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​នយោបាយ​ពូន​ជ្រំ​ចំណង​មិត្តភាព​កម្ពុជា-ចិន កាន់តែ​រឹងមាំ​ទៅ​ថ្ងៃ​អនាគត ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រៅពី​មាន​ជំនួប​ជាមួយ​ប្រធានាធិបតី​មហាអំណាច​កុម្មុយនីស្ត​ចិន លោក ស៊ី ជីនពីង ក៏​មាន​ជំនួប​ជាមួយ​លោក ចាវ ឡឺជី ប្រធាន​សភា​របស់​គណបក្ស​កុម្មុយនីស្ត​ចិន ផង​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​ចិន​ទាំង​ពីរ​រូប​នេះ នឹង​មាន​កិច្ចពិភាក្សា​ផ្លាស់ប្ដូរ​ទស្សនៈ​លើ​ប្រធានបទ​មួយ​ចំនួន​ផង​ដែរ រួម​មាន​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន ក្នុង​យុគសម័យ​ថ្មី ការ​ជំរុញ​បន្ថែម​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ទិសដៅ​យុទ្ធសាស្ត្រ​សម្រាប់​ទំនាក់ទំនង​កម្ពុជា-ចិន ព្រមទាំង​កិច្ចការ​តំបន់ និង​អន្តរជាតិ ដែល​ផ្ដល់​ផល​ប្រយោជន៍​រួម​រវាង​ប្រទេស​ទាំង​ពីរ​ថែម​ទៀត។

ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​នេះ ធ្វើឡើង​ដំបូង​គេ​បង្អស់​មុន​នឹង​លោក ហ៊ុន ម៉ាណែត ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក លើ​ទឹកដី​សហរដ្ឋ​អាមេរិក បន្ទាប់ពី​លោក​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​បាន​ជាង ២០​ថ្ងៃ​មក​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទ្វីប​អាមេរិក​ខាងជើង (CNRP-A) លោក អ៊ុង រិទ្ធី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​ចិន នៅ​ពេលនេះ គឺជា​ទម្រង់​របៀប​របប​នយោបាយ​ដែល​លោក ហ៊ុន សែន ជា​ឪពុក​ធ្លាប់​បាន​ធ្វើ និង​បាន​រៀបចំ ហើយ​គូស​បន្ទាត់​ឱ្យ​កូនប្រុស​របស់​គាត់​ដើរ​តាម​គាត់​ប៉ុណ្ណោះ មិនមែន​ជា​ផែនការ​យុទ្ធសាស្ត្រ​នយោបាយ​ថ្មី​ដែល​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​រូប​នេះ​បង្កើត​ឡើង​សម្រាប់​ដឹកនាំ​កម្ពុជា​ទៅ​រក​អនាគត​ភ្លឺស្វាង​នៅ​ថ្ងៃ​មុខ​នោះ​ទេ។

លោក អ៊ុង រិទ្ធី លើកឡើង​ថា ក្នុង​ឋានៈ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ស្នង​អំណាច​ពី​លោក ហ៊ុន សែន ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​ជំពាក់​បំណុល​ចិន​រហូត​មក គ្មាន​អ្វី​ក្រៅតែ​ពី​ការ​ទទួល​ការ​ណែនាំ​របស់​ប្រធានាធិបតី​ចិន មុន​នឹង​លោក ហ៊ុន ម៉ាណែត ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ចុង​ខែ​កញ្ញា នេះ​ទេ គឺ​ដើម្បី​រក្សា​ផល​ប្រយោជន៍​របស់​ចិន លើ​ឆាក​អន្តរជាតិ ក្នុង​ឋានៈ​កម្ពុជា​ដែល​កំពុង​យក​ចិន​ជា​ខ្នង​បង្អែក​របស់​ខ្លួន​នៅ​ពេលនេះ។

ដោយឡែក​អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​ប្រទេស​ចិន នៅ​ពេលនេះ ក្រៅតែ​ពី​ទៅ​ទទួល​ការ​ណែនាំ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ក៏​ជា​នយោបាយ​ការទូត​បង្ហាញ​ពី​កាយវិការ​អរគុណ​ចិន ដែល​តែងតែ​ផ្តល់​កម្ចី​ដល់​រដ្ឋាភិបាល​ដែល​លោក ហ៊ុន សែន ដឹកនាំ និង​ដើម្បី​ផ្គាប់ចិត្ត​មិត្ត​ចិន​ក្នុង​បំណង​បន្ត​ការ​ខ្ចី​បុល​បន្ថែម​ទៀត​ដែរ ដូច្នេះ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​មិន​បាន​នាំ​មក​នូវ​ភាព​រីកចម្រើន​ដល់​កម្ពុជា​នោះ​ទេ គ្រាន់តែ​បង្ហាញ​ថា កម្ពុជា​នៅតែ​ត្រូវការ​ចិន​ធ្វើ​ជា​បង​ធំ​របស់​ខ្លួន​បន្ត​ទៀត​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ លោក ហ៊ុន សែន អះអាង​ថា ក្រោម​ការ​ជ្រោមជ្រែង​របស់​ចិន ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាព​ឯករាជ្យ​ទាំង​នយោបាយ និង​សេដ្ឋកិច្ច​របស់​ខ្លួន ខុស​ពី​ប្រទេស​មួយ​ចំនួន​ដែល​តម្រូវ​ឱ្យ​កម្ពុជា​ធ្វើ​ទៅ​តាម​ការ​ចង់​បាន​របស់​ពួកគេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ឯករាជភាព​ក្នុង​នាម​ជា​រដ្ឋ​ដែល​មាន​អធិបតេយ្យ​មួយ​ពេញលេញ ដូច្នេះ​ហើយ​បាន​ជា​កម្ពុជា​អាច​ចង​មិត្ត​ដែកថែប​ជាមួយ​ចិន​រហូត​មក​ដល់​ពេលនេះ​បាន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស