27 C
Phnom Penh

អាជ្ញាធរ​កម្ពុជា​ចេញ​ការពារ​ខ្លួន​ករណី​ជនបរទេស​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ហើយ​ទៅ​ប្រព្រឹត្ត​បទល្មើស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​កម្ពុជា​ចេញ​ការពារ​ខ្លួន​ថា ទោះបី​ជនបរទេស​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពី​រដ្ឋាភិបាល​កម្ពុជា​ក៏ដោយ តែ​បើ​បុគ្គល​នោះ​ប្រព្រឹត្ត​បទល្មើស​ទាំង​ក្នុង​ប្រទេស​ក្ដី ឬ​នៅ​ក្រៅ​ប្រទេស​ក្តី វា​ជា​ការ​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង ដោយ​មិន​ពាក់ព័ន្ធ​នឹង​កម្ពុជា​នោះ​ទេ។

ការ​ចេញ​ការពារ​ខ្លួន​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ ដោយ​បាន​ចោទប្រកាន់​ទៅ​លើ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ថា​បាន​ព្យាយាម​ទាញ​ភ្ជាប់​កម្ពុជា​ទាក់ទិន​នឹង​ការ​ចាប់​ខ្លួន​ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម ហើយ​ប្រព្រឹត្ត​បទល្មើស​នៅ​ប្រទេស​សិង្ហបុរី ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់ (Money Laundering)។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ចាត់ទុក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ចំពោះ​រឿង​នេះ ថា​មាន​ចេតនា​លម្អៀង បំផ្លើស​ពី​ការពិត និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ថា មុន​នឹង​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស​ដោយ​សញ្ជាតូបនីយកម្ម​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​យ៉ាង​ត្រឹមត្រូវ​ស្រប​តាម​នីតិវិធី និង​គោលការណ៍​ច្បាប់​ជា​ធរមាន (រួម​ទាំង​ការ​វាយតម្លៃ​លើ​កិរិយា​មារយាទ និង​ប្រវត្តិ​នៃ​ការ​ប្រព្រឹត្ត​បទល្មើស) ដោយ​ពុំ​មាន​ការ​រើសអើង​ចំពោះ​ជាតិ​សាសន៍​ណា​មួយ​ឡើយ។

ចំពោះ​ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​រួច​ហើយ ហើយ​បាន​ប្រព្រឹត្ត​បទល្មើស ទោះជា​ស្ថិត​នៅ​ក្នុង​ប្រទេស​ក្ដី ឬ​នៅ​ក្រៅ​ប្រទេស​ក្តី បុគ្គល​នោះ​ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះ​មុខ​ច្បាប់​ដែល​បាន​កំណត់​របស់​ប្រទេស​នីមួយៗ ដោយ​មិន​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សញ្ជាតិ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។

ដូច្នេះ ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ ហើយ​ទៅ​ប្រព្រឹត្ត​បទល្មើស​នោះ អាជ្ញាធរ​កម្ពុជា​ចាត់ទុក​ថា​ជា​រឿង​បុគ្គល​សុទ្ធសាធ ដែល​កន្លងមក​បាន​កើត​ឡើង​ជា​រឿយៗ បង្ក​ដោយ​ជនបរទេស​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត។

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ ចេញ​បកស្រាយ​ការពារ​ខ្លួន​ដូច្នេះ បន្ទាប់ពី​ក្រុម​ប៉ូលិស​សិង្ហបុរី កាលពី​ថ្ងៃទី​១៥ ខែ​សីហា កន្លងទៅ បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ ៣​នាក់ និង​មនុស្ស ៧​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​លាង​លុយ​កខ្វក់​ជាង ៧០០​លាន​ដុល្លារ។

ប៉ូលិស​ឲ្យ​ដឹង​ដែរ​ថា ជនបរទេស​មួយ​ក្រុម​នេះ​រង​ការ​ចោទប្រកាន់​ពី​បទ​លាង​លុយ​កខ្វក់ និង​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​នៅ​ក្រៅ​ប្រទេស ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ការ​បោកប្រាស់ និង​ការ​បើក​ល្បែង​តាម​ប្រព័ន្ធ​អនឡាញ (Online) ខុស​ច្បាប់។ រហូត​មក​ទល់​ពេលនេះ ប៉ូលិស​កំពុង​តាម​ចាប់​ជនសង្ស័យ ៨​នាក់​ទៀត​ដែល​កំពុង​រត់​គេច​ខ្លួន។

ជុំវិញ​រឿង​នេះ សកម្មជន​សង្គម ស្នើ​រដ្ឋាភិបាល​ពិនិត្យ និង​វាយតម្លៃ​ឲ្យ​បាន​ច្បាស់ មុន​ផ្ដល់​សញ្ជាតិ​ខ្មែរ​ទៅ​ជនបរទេស ដោយ​កុំ​មើល​ឃើញ​តែ​ថវិកា​របស់​ពួកគេ ហើយ​មិន​គិត​ពី​ផល​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា ព្រោះ​អ្នក​ដែល​រងគ្រោះ គឺ​ខ្មែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស