34.5 C
Phnom Penh

កម្ពុជា​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​យ៉ាង​ខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា ស្នើសុំ​ឱ្យ​ដៃគូ​អន្តរជាតិ​ជួយ ដោយសារ​ខ្លួន​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​ការ​ប្រព្រឹត្ត​បទល្មើស​មាន​បច្ចេកវិទ្យា​ខ្ពស់ និង​ស្មុគស្មាញ​សម្រាប់​កម្ពុជា។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៨ មេសា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៩ មេសា ថា ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លោក ឆៃ ស៊ីណារិទ្ធ បាន​ស្នើ​ឱ្យ​ដៃគូ​អន្តរជាតិ​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស ការ​ចែករំលែក​ព័ត៌មាន​ក្នុង​ការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ខណៈ​ដែល​ការ​ប្រព្រឹត្ត​បទល្មើស​មាន​បច្ចេកវិទ្យា​ខ្ពស់ និង​ស្មុគស្មាញ​សម្រាប់​កម្ពុជា នា​ពេលនេះ។

ប្រភព​ដដែល​អះអាង​ថា ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​វិធីសាស្ត្រ​ឧក្រិដ្ឋកម្ម​ដែល​កំពុង​វិវត្ត រួម​មាន ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត ប្រព័ន្ធ​កូដនីយកម្ម (encrypted platforms) កម្មវិធី​សម្រាប់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ខុស​ច្បាប់​ឆ្លងដែន និង​គម្រោង​វិនិយោគ​ក្លែង​បន្លំ ជាដើម។

លោក ឆៃ ស៊ីណារិទ្ធ បញ្ជាក់​ថា ការ​កើន​ឡើង​នៃ​ភាព​ស្មុគស្មាញ​នៃ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បាន​លាតសន្ធឹង​ហួស​ពី​ព្រំដែន​ប្រទេស​ដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សន្តិសុខ​សាធារណៈ និង​កេរ្តិ៍ឈ្មោះ​ប្រទេស​ជាតិ​នីមួយៗ ខណៈ​កម្ពុជា​ក៏​ទើប​តែ​អនុម័ត​ច្បាប់​ថ្មី​ដើម្បី​ដាក់​ទោស​ទណ្ឌ​យ៉ាង​តឹងរ៉ឹង​ចំពោះ​ជនល្មើស ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ដែរ។

កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៦ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លោក ឆៃ ស៊ីណារិទ្ធ បាន​ធ្វើ​បទ​បង្ហាញ​ជូន​អង្គទូត និង​អង្គការ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា អំពី​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​មាន​ការ​ចូលរួម​ពី​តំណាង​អង្គទូត​ចំនួន ៣៣​រូប និង​អង្គការ​អន្តរជាតិ​ចំនួន ៨​រូប​ផង​ដែរ។

ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ត្រូវ​បាន​លោក ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​ចុះ​ហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៦ នេះ តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ ក្រសួង​មហាផ្ទៃ បាន​អះអាង​កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ថា កម្ពុជា​ប្ដេជ្ញា​បោសសម្អាត​បទល្មើស​អនឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៦ នេះ ព្រោះ​កម្ពុជា​នឹង​មិន​ទុក​ឱ្យ​ឧក្រិដ្ឋជន​មាន​ឱកាស​ដក​ដង្ហើម​ឡើយ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា សមត្ថកិច្ច​កម្ពុជា​បាន​បង្ក្រាប​ទីតាំង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជាបន្តបន្ទាប់ ខណៈ​គណៈកម្មការ​គ្រប់គ្រង​ល្បែងស៊ីសង​ពាណិជ្ជកម្ម ក៏បាន​ដកហូត​អាជ្ញាបណ្ណ​ទីតាំង​កាស៊ីណូ​មួយ​ចំនួន​ជាបន្តបន្ទាប់​ដែរ។

យ៉ាងណាក៏ដោយ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច បណ្ឌិត ជ័យ តិច លើកឡើង​កាលពី​ដើម​សប្តាហ៍​នេះ​ថា លោក​គ្មាន​ជំនឿ​លើ​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​បោសសម្អាត​អំពើ​ឆបោក​ឱ្យ​អស់​ពី​ប្រទេស​កម្ពុជា​ឡើយ ព្រោះ​មក​ដល់​ខែ​មេសា នេះ​ហើយ បទល្មើស​ទាំងនេះ​នៅតែ​បន្ត​កើតមាន​ដដែល៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស