នាយករដ្ឋមន្ត្រីតពូជលោក ហ៊ុន ម៉ាណែត ណែនាំឱ្យស្ថាប័នជាតិ និងស្ថាប័នថ្នាក់ក្រោមជាតិ អាជ្ញាធរគ្រប់ឃុំ-សង្កាត់ រួមទាំងព្រះសង្ឃគ្រប់វត្តអារាម វាយគង ទូងស្គរ ទះប៉ោត គោះត្រឡោក តាមគ្រប់មធ្យោបាយដែលខ្លួនមាននៅថ្ងៃទី២០ ខែកញ្ញា វេលាម៉ោង ៧ព្រឹក ដើម្បីស្វាគមន៍ប្រាសាទកោះកេរ របស់កម្ពុជាដែលត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
លោក ហ៊ុន ម៉ាណែត បានចេញលិខិតអបអរសាទរកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ថា ថ្ងៃទី១៧ ខែកញ្ញា បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតសម្រាប់ប្រទេសកម្ពុជា និងពលរដ្ឋខ្មែរ ដោយសារតែគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្គូ (UNESCO) បានសម្រេចជាឯកច្ឆន្ទ ដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៤៥ តាមសំណើរដ្ឋាភិបាលកម្ពុជា នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងឆ្នាំ២០២៣ នេះ។
លោក ហ៊ុន ម៉ាណែត អះអាងថា មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់រុងរឿងថ្មីមួយទៀតរបស់កម្ពុជាលើឆាកអន្តរជាតិ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានដាក់សំណើជាផ្លូវការទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកចាប់តាំងពីដើមឆ្នាំ២០២១ មក រហូតទទួលបានការចុះបញ្ជីជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០២៣ នេះ។
កេរមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណមុនរាជធានីអង្គរមានឈ្មោះថា ឆូក-គៈ-គ-យៈ (ឆោកគគ៌្យរ) ឬលិង្គបុរៈ ដែលបច្ចុប្បន្នហៅថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានកសាងឡើងក្នុងសតវត្សទី១០ ចន្លោះពីឆ្នាំ៩២៨ ដល់ឆ្នាំ៩៤៤ ដោយព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានក្រុមប្រឹក្សាអន្តរជាតិស្ដីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOM OS) ទទួលស្គាល់ថាជាកំពូលស្នាដៃដ៏អស្ចារ្យនៃស្ថាបត្យកម្មខ្មែរ។
ឈ្មោះដើមរបស់រមណីយដ្ឋានកោះកេរ គឺ ឆោកគគ៌្យរ មានន័យថា កោះដើមគគីរ ចំណែកពាក្យថា លិង្គបុរៈ ប្រែថា បុរីលិង្គ ដែលមានន័យថា ប្រាសាទដែលតម្កល់លិង្គព្រះឥសូរសម្រាប់គោរពបូជាតាមបែបព្រហ្មញ្ញសាសនានាសម័យនោះ។
រមណីយដ្ឋានកោះកេរ គឺជាទីតាំងប្រាសាទបុរាណហ៊ុមព័ទ្ធទៅដោយព្រៃដ៏សែនក្រាស់ ដែលបានបន្សល់ទុកនូវសំណល់បុរាណវិទ្យាជាង ១០០ប្រភេទ (១៦៩ប្រភេទ) រួមមានប្រាសាទចំនួន ៧៦ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចជា ស្រះទឹក កសិណ និងផ្លូវបុរាណ ជាដើម ហើយប្រាសាទធំមានកម្ពស់ ៣៥ម៉ែត្រ រាងពីរ៉ាមីត ឈរលើផ្ទៃដីទំហំជាង ៨ពាន់ហិកតារ (៨៧៨៩,៤៣ហិកតារ) ដែលមានលំនៅឋានពលរដ្ឋរស់នៅក្នុងតំបន់ទ្រនាប់ចំនួន ២៥៩ខ្នង និងចំនួនប្រជាជនជាង ៨០០នាក់ (៨១៦នាក់) ផងដែរសព្វថ្ងៃនេះ។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់សមាគមអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ កញ្ញា នេះថា ជារឿងល្អ និងគួរឱ្យអបអរសាទរដែលប្រាសាទបុរាណខ្មែរបន្ថែមទៀតត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលនឹងក្លាយជាសម្បត្តិសកលរបស់ពិភពលោក ប៉ុន្តែក្រៅពីគួរឱ្យអបអរសាទរ ក៏នៅតែមានការព្រួយបារម្ភដែរ ព្រោះកន្លងមក តំបន់បេតិកភណ្ឌពិភពលោកខ្លះបានធ្វើទុក្ខបុកម្នេញលើពលរដ្ឋដែលរស់នៅក្បែរតំបន់នោះជាហូរហែ ក្រោមវិធានការរបស់រដ្ឋាភិបាលដែលគ្មានភាពជាក់លាក់។
លោក ស៊ឹង សែនករុណា អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ពីជីវភាពរបស់ពលរដ្ឋដែលរស់នៅក្បែរតំបន់ប្រាសាទដែលបានដាក់ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកឱ្យបានត្រឹមត្រូវ ត្បិតគំរូអាក្រក់មួយធ្លាប់បានកើតមានចំពោះពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរកាលពីពេលថ្មីៗនេះ។ ពលរដ្ឋទាំងនោះបានរងគ្រោះយ៉ាងធ្ងន់ធ្ងរក្រោមវិធានការជម្លៀសរបស់រដ្ឋាភិបាលនាពេលកន្លងមក។
ចំណែកអ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ កញ្ញា នេះថា លោកសូមចូលរួមអបអរសាទរជាមួយពលរដ្ឋទូទាំងប្រទេសដែលប្រាសាទបុរាណរបស់ខ្មែរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប៉ុន្តែលោកក៏សូមអំពាវនាវឱ្យរដ្ឋាភិបាលបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការថែរក្សាតំបន់បេតិកភណ្ឌនេះឱ្យល្អស្របតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូដែរ ដើម្បីចៀសវាងការធ្វើឱ្យតំបន់បេតិកភណ្ឌពិភពលោកមួយនេះក្លាយទៅជាការបង្កការលំបាកដល់ពលរដ្ឋដែលរស់នៅក្បែរនោះទៅវិញ ជាពិសេសដូចនៅតំបន់រមណីយដ្ឋានអង្គរ ដែលកំពុងមានការធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋតាមរយៈការជម្លៀសចេញពីលំនៅឋានដោយបង្ខំ។
ចាប់តាំងពីឆ្នាំ១៩៩២ មក ប្រាសាទបុរាណខ្មែរត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកបានចំនួន ៤ ហើយ រួមមានតំបន់ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងប្រាសាទកោះកេរ ដែលទើបត្រូវបានចុះបញ្ជីជាផ្លូវការនៅឆ្នាំ២០២៣ នេះ៕