35 C
Phnom Penh

អ្នក​ឃ្លាំមើល​ហៅ​វិធានការ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រកាស​ចាត់ការ​ទាហាន​ពាក់ព័ន្ធ​គ្រឿងញៀន​ថា​មិន​មាន​ប្រសិទ្ធភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ហៅ​វិធានការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ដែល​ប្រកាស​ចាត់ការ​ទាហាន​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ថា​មិន​មាន​ប្រសិទ្ធភាព​ឡើយ ដោយសារ​ពួក​អ្នក​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​មិនមែន​ជា​កូន​ទាហាន ឬ​មន្ត្រី​តូចតាច​នោះ​ទេ។

ការ​លើកឡើង​នេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​ទាហាន​ណា​ដែល​ជាប់​ពាក់ព័ន្ធ និង​ប្រើប្រាស់​គ្រឿងញៀន។ ក្រៅពី​ប្រកាស​ដូច្នេះ លោក​ថា​អ្នក​ដែល​ប្រឡង​ចូល​ក្របខ័ណ្ឌ​កងទ័ព ក៏​ត្រូវតែ​ធ្វើ​តេស្ដ​គ្រឿងញៀន​យ៉ាងតិច​ចំនួន​បួន​ដង​ផង​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា វិធានការ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នេះ​មិន​មាន​ប្រសិទ្ធភាព​ឡើយ ដោយសារតែ​អ្នក​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន មិនមែន​ជា​កូន​ទាហាន ឬ​មន្ត្រី​តូចតាច​នោះ​ទេ ដោយ​ភាគច្រើន​ជា​មេ​ទាហាន​ដែល​មាន​ឋានៈ​តួនាទី​គ្រាក់ៗ និង​ពាក់​ផ្កាយ​ផង​ដែរ។

លោក​ក៏​មិន​មាន​ជំនឿ​ទៅ​លើ​ការ​ធ្វើ​តេស្ដ និង​ស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន​នៅ​ក្នុង​ក្របខ័ណ្ឌ​កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​រាជការ​នោះ​ទេ ពីព្រោះ​កន្លងមក​មាន​បទពិសោធន៍​រួច​ហើយ​ថា រដ្ឋាភិបាល​មិន​ហ៊ាន​ចាត់​វិធានការ​លើ​ពួកគេ ដោយសារ​អ្នក​ទាំងនោះ​ជា​ក្រុម​បក្ខពួក និង​សាច់ញាតិ​របស់​ខ្លួន។

លោក ម៉ែន ណាត អះអាង​ថា ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​បាន លុះត្រាតែ​រដ្ឋាភិបាល​ហ៊ាន​បើក​ការ​ស៊ើបអង្កេត​ដែល​មាន​ការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល សហគមន៍​អន្តរជាតិ​ដោយ​ឯករាជ្យ និង​តម្លាភាព។ លើស​ពី​នេះ លោក​ជំរុញ​ឲ្យ​ចាប់ផ្ដើម​ស៊ើបអង្កេត​ពី​ក្រុម​មន្ត្រី កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ធ្លាប់​ជួញដូរ​គ្រឿងញៀន និង​នៅ​ពី​ក្រោយ​ខ្នង​ករណី​នេះ​កន្លងមក មក​ដាក់​ទោស​តាម​ច្បាប់ ដើម្បី​ជា​គំរូ និង​ជា​ការ​ព្រមាន​ទៅ​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ផ្សេងៗ​ទៀត។

កាលពី​ពេល​ថ្មីៗ​នេះ អធិការរង​ខណ្ឌ​ព្រែកព្នៅ ម្នាក់​បាន​ធ្លាក់​ពី​លើ​អគារ​ស្លាប់ ដោយសារ​គេច​ខ្លួន​អំឡុង​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​ទីតាំង​នោះ។ ការ​គេច​ខ្លួន​របស់​អធិការរង​ខណ្ឌ​ព្រែកព្នៅ ម្នាក់​រហូត​ដល់​ធ្លាក់​ពី​បន្ទប់​ជាន់​ទី​៣៧ នៃ​អគារ​ស្កាយឡាញ ដោយ​សមត្ថកិច្ច​សង្ស័យ​ថា អធិការរង​ខណ្ឌ​រូប​នេះ​កំពុង​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុស​ច្បាប់។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៣ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក មាស វិរិទ្ធ ឲ្យ​ដឹង​ថា អាជ្ញាធរ​គ្រឿងញៀន​ប្រកាស​ដាក់​ចេញ​ទិសដៅ​ការងារ​អាទិភាព​ចំនួន​៥ សម្រាប់​អនុវត្ត​បន្ត​នៅ​ពេល​ខាងមុខ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ទៅ​តាម​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​ថ្មី។ ក្នុង​ចំណោម​ការងារ​អាទិភាព​ទាំង ៥ នោះ គឺ​ការ​ផ្ដោត​ទៅ​លើ​ការ​លុប​បំបាត់​ការ​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស តាម​ក្លឹប​កម្សាន្ត ខារ៉ាអូខេ ជាដើម ក្រោយ​សមត្ថកិច្ច​រក​ឃើញ​ថា ក្លឹប​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​ប្រមាណ ១៣០០​ទីតាំង​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន។

ក្នុង​រយៈពេល ៨​ខែ​ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង ៥​ពាន់​ករណី (៥០៦០​ករណី) ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​ជាង ១​ម៉ឺន ២​ពាន់​នាក់ (១២៣៥៦​នាក់)។ ក្នុង​នោះ សមត្ថកិច្ច​ដកហូត​សារធាតុ​ញៀន​ជាង ២៦០០​គីឡូក្រាម និង​កញ្ឆា​ស្ងួត​ជិត ៥០​គីឡូក្រាម ហើយ​សារធាតុ​គីមី​ជាង ៨០០​គីឡូក្រាម។

លោក មាស វិរិទ្ធ បញ្ជាក់​ថា តួលេខ​ជនល្មើស​ប្រព្រឹត្ត​គ្រឿងញៀន​ជាង ១​ម៉ឺន​នាក់​នេះ​ជា​ចំនួន​ដែល​អាជ្ញាធរ​គ្រប់គ្រង និង​បង្ក្រាប​បាន ខណៈ​បទល្មើស​ជាក់ស្ដែង​ប្រមាណ ៣​ម៉ឺន​ករណី​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​មិន​អាច​គ្រប់គ្រង​បាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស