ការតែងតាំងទីប្រឹក្សា និងជំនួយការសម្រាប់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត បានហក់ឡើងដល់ជាង ២ពាន់នាក់ (២២៧៦នាក់) ហើយ គិតត្រឹមចុងខែកញ្ញា នេះ ប៉ុន្តែចំនួននេះគេនៅមិនទាន់រាប់បញ្ចូលចំនួនទីប្រឹក្សា និងជំនួយការរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងទីប្រឹក្សា ជំនួយការអមក្រសួងនានា និងរដ្ឋលេខាធិការដ្ឋានដែលមានចំនួនរាប់រយនាក់ទៀតនៅឡើយទេ។
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ប្រមុខរដ្ឋស្តីទីលោក សាយ ឈុំ បានចុះហត្ថលេខាលើព្រះរាជក្រឹត្យមួយដោយតែងតាំងមុខតំណែងជាទីប្រឹក្សាអមស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំនួន ៥នាក់បន្ថែមទៀត បន្ទាប់ពីទីប្រឹក្សាចំនួន ៨នាក់ត្រូវបានតែងតាំងកាលពីថ្ងៃទី៥ ខែកញ្ញា កន្លងទៅ ដែលធ្វើឱ្យចំនួនទីប្រឹក្សាអមស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកើនឡើងបន្ថែមទៀតនៅពេលនេះ។
គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ សមាជិករដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីតពូជលោក ហ៊ុន ម៉ាណែត បានកើនឡើងដល់ជាង ១៥០០នាក់ហើយ (១៥៤៧នាក់) ដោយគិតត្រឹមឋានៈចាប់ពីអនុរដ្ឋលេខាធិការឡើងទៅដល់នាយករដ្ឋមន្ត្រី ដូច្នេះបើបូកសរុបទាំងចំនួនទីប្រឹក្សាដែលរដ្ឋាភិបាលផ្សព្វផ្សាយជាសាធារណៈ និងសមាជិករដ្ឋាភិបាលអាណត្តិថ្មីនេះ គឺមានចំនួនដល់ទៅជាង ៣៨០០នាក់ហើយ (៣៨២៣នាក់) នៅពេលនេះ។
កម្ពុជាមានចំនួនប្រជាជនប្រមាណ ១៧លាននាក់ ប៉ុន្តែការតែងតាំងសមាជិករដ្ឋាភិបាលអាណត្តិទី៧ សម្រាប់ដឹកនាំប្រទេស ត្រូវគេមើលឃើញថាមានទំហំច្រើនលើសលប់ ដែលត្រូវគេចាត់ទុកថាជារដ្ឋាភិបាលដែលមានក្បាលធំជាងគេនៅលើពិភពលោក ព្រោះថាបើយកសមាជិករដ្ឋាភិបាលប្រទេសចំនួន៣ ដូចជាប្រទេសថៃ ដែលមានសមាជិករដ្ឋាភិបាល ៣១៤នាក់ ប្រទេសអូស្ត្រាលី ដែលមានសមាជិករដ្ឋាភិបាល ៣៦នាក់ និងប្រទេសវៀតណាម មានចំនួន ១០៥នាក់ បូកបញ្ចូលគ្នា គឺបានត្រឹមតែជាង ៤០០នាក់ (៤៥៥នាក់) ប៉ុណ្ណោះ ដែលស្មើនឹង ៧,០៣% នៃសមាជិករដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នេះ។
ទាក់ទិននឹងបញ្ហានេះ តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ កញ្ញា នេះថា ចំនួនសមាជិករដ្ឋាភិបាលរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គឺជារដ្ឋាភិបាលដែលមានក្បាលធំជាងគេនៅលើពិភពលោក ដែលបញ្ហានេះបានក្លាយជាបន្ទុករបស់ពលរដ្ឋក្នុងការបង់ពន្ធយ៉ាងធ្ងន់ធ្ងរ ខណៈការតែងតាំងសមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលនេះរហូតដល់ទីប្រឹក្សា សុទ្ធតែធ្វើឡើងតាមរយៈសែស្រឡាយបក្ខពួកទាំងអស់។
ចំណែកសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីសលោក ស្រ៊ុន ស្រ៊ន បានលើកឡើងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលថ្មីរបស់កម្ពុជា នឹងទទួលថ្មបាក់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើការតែងតាំងមន្ត្រីរបស់ខ្លួនដោយការប្រើបក្សពួក និងគ្រួសារនោះ ព្រោះថាការធ្វើបែបនេះ គឺជារោគសញ្ញាដ៏ធ្ងន់ធ្ងរក្នុងសង្គមដែលបង្ហាញពីការកើតមានអំពើពុករលួយ អំពើនិទណ្ឌភាព និងអំពើអយុត្តិធម៌សង្គមជាប្រព័ន្ធដែលនឹងរីករាលដាលពេញប្រទេសកម្ពុជាទៅថ្ងៃមុខ។
ចាប់តាំងពីថ្ងៃប្រកាសតែងតាំងសមាសភាពរដ្ឋាភិបាលថ្មីកាលពីថ្ងៃទី២២ ខែសីហា មក ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យតែងតាំងសមាសភាពរដ្ឋាភិបាលថ្មី និងត្រាស់បង្គាប់តែងតាំងទីប្រឹក្សាអមក្រសួងស្ថាប័ននានាជាបន្តបន្ទាប់ រហូតដល់ពេលនេះមានចំនួនជិត ៤ពាន់នាក់ហើយ (៣៨២៣នាក់) ដែលគេមើលឃើញថា ថវិកាជាតិនឹងត្រូវចំណាយទ្វេដងទៅលើមន្ត្រីរដ្ឋាភិបាលថ្មីទាំងនេះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ កញ្ញា នេះថា ចំនួនសមាជិករដ្ឋាភិបាលដែលច្រើនលើសលប់បែបនេះ បង្ហាញឱ្យឃើញថា ថវិកាដែលប្រជាពលរដ្ឋបង់ពន្ធនឹងត្រូវដកមួយភាគធំសម្រាប់ធ្វើជាប្រាក់ខែឱ្យមន្ត្រីរដ្ឋាភិបាល និងទីប្រឹក្សាទាំងនោះ ស្របពេលដែលកម្ពុជាកំពុងជាប់បំណុលបរទេសធ្ងន់ធ្ងរនៅឡើយ ដែលបញ្ហានេះនឹងក្លាយជាបន្ទុកដែលរដ្ឋាភិបាលនឹងទម្លាក់មកលើពលរដ្ឋតាមរយៈនៃការប្រមូលពន្ធជាមិនខាន។
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ មេដឹកនាំខ្មែរក្រាញអំណាចតត្រកូលលោក ហ៊ុន សែន បានប្រកាសមុននឹងលោកលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីថា អ្នកដែលមានឋានៈជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាទាំងអស់ នឹងត្រូវបញ្ចប់មុខតំណែងសម្រាប់អាណត្តិរដ្ឋាភិបាលចាស់របស់លោក ប៉ុន្តែមុខតំណែងទាំងនេះនឹងត្រូវរៀបចំតែងតាំងជាថ្មីសម្រាប់អាណត្តិរដ្ឋាភិបាលថ្មីឡើងវិញទាំងអស់។
ជាងនេះទៀត កាលពីចុងខែសីហា ឆ្នាំ២០២៣ លោក ហ៊ុន សែន បានព្រមានរដ្ឋាភិបាលថ្មីដែលកំពុងដឹកនាំដោយកូនប្រុសរបស់គាត់ថា ដើម្បីជោគជ័យក្នុងឆាកជីវិតនយោបាយ មេដឹកនាំត្រូវតែចេះរក្សាសមាជិកចាស់ ហើយត្រូវបង្កើនសមាជិកថ្មី ទោះត្រូវធ្វើកំណែទម្រង់បែបណាក៏ដោយ ដែលបញ្ហានេះត្រូវគេមើលឃើញថា សមាជិករដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត មានចំនួនច្រើនជាងសមាជិករដ្ឋាភិបាលចាស់របស់លោក ហ៊ុន សែន ដល់ទៅជិត ១ពាន់នាក់ (៨៣៩នាក់) ឯណោះនៅពេលនេះ៕