29 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថា​ការ​ប្រមូល​ពន្ធ​ដើម​ឆ្នាំ​២០២៤​មិនមែន​ជា​រឿង​ថ្មី​ទេ​ដោយសារ​រដ្ឋាភិបាល​ផ្អាក​យក​ពន្ធ​៣​ឆ្នាំ​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​លើក​បន្តុប​លោក ហ៊ុន ម៉ាណែត ចេញ​បំភ្លឺ​ថា ផែនការ​អនុវត្ត​ប្រមូល​ពន្ធ​នៅ​ដើម​ឆ្នាំ​២០២៤ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ដោយ​ថា​កន្លង​មក រដ្ឋាភិបាល​បាន​ផ្អាក​យក​ពន្ធ​ពី​ពលរដ្ឋ​រយៈពេល ៣​ឆ្នាំ​មក​ហើយ។

តាមរយៈ​សារ​សំឡេង​ជិត ៥​នាទី​ផ្ញើ​ទៅ​សមាជិក​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​២៧ កញ្ញា លោក ហ៊ុន ម៉ាណែត បាន​ចេញ​មុខ​បំភ្លឺ​ក្រោយពី​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ​លើ​បណ្ដាញ​សង្គម​នានា​ថា លោក​បាន​បញ្ជា​ឲ្យ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា លោក គង់ វិបុល ចេញ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​រឿង​ប្រមូល​ពន្ធ​ផ្សេងៗ​រួច​ហើយ។

លោក​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ផ្អាក​ការ​ប្រមូល​ពន្ធ​ផ្សេងៗ​ពី​ពលរដ្ឋ​រយៈពេល ៣​ឆ្នាំ​មក​ហើយ ដូច្នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​ប្រកាស​ប្រមូល​ពន្ធ​ឡើងវិញ មិនមែន​ជា​រឿង​ថ្មី​ឡើយ។

លោក ហ៊ុន ម៉ាណែត ចាត់ទុក​ការ​ប្រមូល​ពន្ធ​ផ្សេងៗ​ថា​មិនមែន​ជា​ការ​ដាក់​បន្ទុក​លើ​ពលរដ្ឋ​ឡើយ ទោះបីជា​បច្ចុប្បន្ន សេដ្ឋកិច្ច​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ក៏ដោយ ខណៈ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កំពុង​ត្អូញត្អែរ​រក​ចំណូល​សង​បំណុល​ធនាគារ និង​ដោះស្រាយ​បញ្ហា​ជីវភាព​គ្រួសារ​មិន​បាន ដោយសារ​បញ្ហា​គ្មាន​ការងារ​ធ្វើ​ជាដើម។

តែ​យ៉ាងណា លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​នឹង​ប្រជុំ​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​លើ​ផែនការ​អនុវត្ត​ចំពោះ​ការ​ប្រមូល​ពន្ធ​ផ្សេងៗ​ពី​ពលរដ្ឋ និង​វិស័យ​ឯកជន​ឡើងវិញ នៅ​ខែ​វិច្ឆិកា ខាងមុខ​នេះ។

ការ​ចេញ​បំភ្លឺ​នេះ​តែ​ប៉ុន្មាន​នាទី​ក្រោយពី​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ទៅ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​កូនប្រុស​ខ្លួន​ត្រួតពិនិត្យ​វិធានការ​រឹតត្បិត​ការ​ប្រមូល​ពន្ធ​ឡើងវិញ​ជាបន្ទាន់។

ការ​ណែនាំ​ទៅ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​ដែល​ស្ថិត​ក្រោម​អំណាច​បញ្ជា​របស់​ខ្លួន​បែប​នេះ លោក ហ៊ុន សែន អះអាង​ថា គឺ​ដើម្បី​ជួយ​តម្រង់​ទិស​ឡើងវិញ​សម្រាប់​រដ្ឋាភិបាល​ថ្មី ដោយ​ថា​ការ​អនុវត្ត​ផែនការ​រឹត​បន្តឹង​នៃ​ការ​ប្រមូល​ពន្ធ​នៅ​ពេលនេះ គឺ​នៅ​មិន​ទាន់​ដល់​ពេលវេលា​នៅឡើយ​ទេ។

លោក ហ៊ុន សែន បញ្ជា​ឲ្យ​ត្រួតពិនិត្យ​ឡើងវិញ​ចំពោះ​វិធានការ​រឹតត្បិត​ការ​ប្រមូល​ពន្ធ​លើ​ពលរដ្ឋ​នៅ​ឆ្នាំ​២០២៤ នេះ បន្ទាប់ពី​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ស្ទើរ​ទូទាំង​ប្រទេស ក្រោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​ដាក់​ចេញ​នូវ​ផែនការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ។

អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៣ ក៏​បាន​ចេញ​សេចក្តី​បំភ្លឺ​ដោយ​ចោទ​ថា ការ​លើកឡើង​តាម​បណ្ដាញ​សង្គម​ជុំវិញ​វិធានការ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​ការ​ប្រមូល​ពន្ធ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​មាន​ចេតនា​បំភាន់ មួលបង្កាច់ និង​ចោទប្រកាន់​លើ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​ពី​សំណាក់​ក្រុម​ប្រឆាំង​ប៉ុណ្ណោះ។

អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​ចាត់ទុក​ការ​លើកឡើង​ថា រដ្ឋ​គិត​តែ​យក​ពន្ធ ខណៈ​ប្រទេស​ផ្សេង​កាត់​បន្ថយ​ពន្ធ​នោះ​ថា​ជា​ការ​លើកឡើង​មិន​ឆ្លុះបញ្ចាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ឡើយ។

ប្រភព​ដដែល​អះអាង​ថា ការ​ប្រមូល​ពន្ធ រាជរដ្ឋាភិបាល​ក៏​បាន​គិតគូរ​សម្របសម្រួល​ដល់​ការ​វិនិយោគ ក៏ដូចជា​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ផង​ដែរ ដូចជា​វិស័យ​កសិកម្ម វិស័យ​អប់រំ វិស័យ​ទេសចរណ៍ និង​វិស័យ​អចលនទ្រព្យ ជាដើម។

ប៉ុន្តែ​អ្នក​ឃ្លាំមើល​សង្គម​យល់​ថា ការ​ចេញ​បទបញ្ជា​របស់​លោក ហ៊ុន សែន ឲ្យ​កែសម្រួល​លើ​ការ​ប្រមូល​ពន្ធ និង​ការ​ចេញ​បំភ្លឺ​ពី​លោក ហ៊ុន ម៉ាណែត ព្រមទាំង​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​នេះ គ្រាន់តែ​ជា​ល្បិចកល​នយោបាយ​ទាក់ទាញ​សមានចិត្ត​របស់​ពលរដ្ឋ​ដែល​កំពុង​ខឹងសម្បា​នឹង​វិធានការ​នៃ​ការ​រឹតត្បិត​ការ​ប្រមូល​ពន្ធ​នៅ​ពេលនេះ​តែប៉ុណ្ណោះ ហើយ​ក៏​ជា​ការ​ស្ទាបស្ទង់​ពី​ស្ថានភាព​នៃ​ការ​តវ៉ា​របស់​ពលរដ្ឋ​ចំពោះ​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស