មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិអះអាងថា នាយករដ្ឋមន្ត្រីកម្ពុជាមិនទាន់បានរកផលប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរដូចនាយករដ្ឋមន្ត្រីថៃ រកផលប្រយោជន៍ឱ្យពលរដ្ឋថៃឡើយ ក្នុងឋានៈជាមេដឹកនាំប្រទេសអាណត្តិថ្មីដូចគ្នា។
នាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិលោក មុត ចន្ថា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១ ខែតុលា នេះថា ក្រោយឡើងកាន់តំណែង នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានដាក់ចេញនូវគោលនយោបាយជាច្រើនជួយដល់ពលរដ្ឋថៃ ក្នុងនោះមានដូចជា ការលើកលែងទិដ្ឋាការភ្ញៀវទេសចរមកពីប្រទេសចិន និងកាហ្សាក់ស្ថាន កាត់បន្ថយពន្ធប្រេងឥន្ធនៈ (ប្រេងម៉ាហ្សូត) ដើម្បីបញ្ចុះតម្លៃប្រេងម៉ាហ្សូតលើទីផ្សារក្នុងប្រទេស និងការដាក់ផែនការកំណត់ទិសដៅស្រូបយកភ្ញៀវទេសចរបរទេសឱ្យបាន ២៨លាននាក់ក្នុងឆ្នាំ២០២៣ និង ៤០លាននាក់ក្នុងឆ្នាំ២០២៤ ជាដើម។
លោក មុត ចន្ថា បន្ថែមថា ក្រៅពីផែនការខាងលើ មេដឹកនាំថៃក៏បានដាក់ចេញនូវគោលនយោបាយរក្សាពន្ធលើតម្លៃបន្ថែម (VAT) ក្នុងអត្រាបច្ចុប្បន្ន ៧% សម្រាប់រយៈពេល ១ឆ្នាំ និងចែកថវិកា ១ម៉ឺនបាត ដែលស្មើនឹង ២៨០ដុល្លារអាមេរិក ជារូបិយប័ណ្ណឌីជីថលដល់ពលរដ្ឋថៃក្នុងម្នាក់ ដែលមានអាយុ ១៦ឆ្នាំឡើងទៅ ដែលសរុបជាសាច់ប្រាក់ ៥៦០ពាន់លានបាត ឬ ២,៩% នៃ GDP របស់ប្រទេសថៃ ផងដែរ។
លើសពីនេះ មេដឹកនាំថៃ ក៏មានផែនការចំណាយថវិកាជាតិ ៣០០ពាន់លានបាត ដែលស្មើនឹង ១,៦% នៃ GDP ក្នុងស្រុកទៅលើសុខុមាលភាពសម្រាប់មនុស្សចាស់ជាច្រើនឆ្នាំទៅមុខ និងផែនការបង្កើនថ្លៃឈ្នួលអប្បបរមាដល់កម្មករនិយោជិត និងចំណូលកសិករឱ្យបាន ៥% ប្រចាំឆ្នាំ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនកំណើន GDP របស់ថៃផងដែរ។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះលើកឡើងថា ចំណែករដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត វិញ ក្រៅតែពីអួត គឺមានតែកុហកពលរដ្ឋខ្មែរប៉ុណ្ណោះ ដូចជាកុហកថា កម្ពុជាមានអត្រាការងាររហូតដល់ជាង ៩៩% ជាដើម ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ការដំឡើងប្រាក់ឈ្នួលដល់កម្មករបានត្រឹមតែ ៣ដុល្លារប៉ុណ្ណោះក្នុង ១ខែ និងដំឡើងប្រាក់ខែអប្បបរមាដល់កម្មករខាងវិស័យកាត់ដេរបានត្រឹមតែ ០,០៦ដុល្លារអាមេរិកប៉ុណ្ណោះក្នុង ១ថ្ងៃ។
លោក មុត ចន្ថា បន្ថែមថា ក្រៅពីអួតរឿងអត្រាការងារនៅកម្ពុជា មន្ត្រីរដ្ឋាភិបាលអាណត្តិថ្មីនេះក៏បន្តអួតពីកំណើនភ្ញៀវទេសចរផងដែរ ដែលបានអះអាងថា កម្ពុជាទទួលបានភ្ញៀវទេសចរ ២៥០% ដែលស្មើនឹង ៣លាន ៥សែនក្នុងរយៈពេល ០៨ខែនៃឆ្នាំ២០២៣ នេះ ប៉ុន្តែការពិត វិស័យទេសចរណ៍នៅកម្ពុជាគឺស្ងាត់ជ្រងំ។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា វិស័យនានានៅកម្ពុជាមិនទាន់អាចធ្វើឱ្យដំណើរការបាននៅឡើយទេក្រោមការដឹកនាំនៃរដ្ឋាភិបាលថ្មីដែលគ្រប់គ្រងដោយលោក ហ៊ុន ម៉ាណែត នៅពេលនេះ ប៉ុន្តែរដ្ឋាភិបាលដ៏ក្មេងខ្ចីនេះបែរជាត្រៀមអនុវត្តការប្រមូលពន្ធពីពលរដ្ឋទៅវិញ ដូចជាពន្ធលើប្រាក់ចំណូល ពន្ធមូលធន ពន្ធអចលនទ្រព្យ ដីស្រែ ដីកសិកម្ម និងការបង្កើនពន្ធតម្លៃបន្ថែម ជាដើម។
លោកបន្ថែមថា ក្រៅពីត្រៀមខ្លួនប្រមូលពន្ធ រដ្ឋាភិបាលថ្មីនេះក៏បានដំឡើងតម្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់ផងដែរក្រោយការបោះឆ្នោតជាតិរួច។ ដូច្នេះ បញ្ហានេះបង្ហាញឱ្យឃើញថា ការដឹកនាំរវាងរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា គឺរដ្ឋាភិបាលថៃ បានបម្រើប្រយោជន៍ឱ្យប្រជាជនថៃបានច្រើនជាងរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីដូចគ្នានៅពេលនេះ។
អ្នកជំនាញខាងកិច្ចការរដ្ឋបាលលោក ឱក សេរីសោភក្តិ៍ បានលើកឡើងកាលពីពេលថ្មីៗនេះថា សន្ទុះនៃការប្រកួតប្រជែងសេដ្ឋកិច្ចរវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលថៃ ចាប់ពីពេលនេះតទៅ នឹងជះឥទ្ធិពលដ៏អាក្រក់ដល់វិស័យជាច្រើនរបស់កម្ពុជាដោយចៀសមិនផុតឡើយ។
លោកបញ្ជាក់ថា ដើម្បីជំរុញនយោបាយខ្មែរឱ្យបោះជំហានទៅមុខ និងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ដាច់ខាត មេដឹកនាំខ្មែរត្រូវតែកសាងម៉ាស៊ីនបច្ចេកទេសរបស់រដ្ឋមួយដែលមិនរណបផលប្រយោជន៍គណបក្ស តាមរយៈនៃការបណ្តុះបណ្តាលមន្ត្រីស្អាតស្អំ និងមានសមត្ថភាព។ បន្ថែមពីនេះ ក៏ត្រូវធ្វើការវះកាត់ជំងឺរលេះរលួយដែលខ្លួនមានចេញដែរ ពីព្រោះជំងឺនេះនឹងធ្វើឱ្យស្លាប់ប្រទេសជាតិទៅថ្ងៃមុខយ៉ាងពិតប្រាកដ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា សមត្ថភាពដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត សម្រាប់អាណត្តិថ្មីនេះ មិនអាចប្រៀបធៀបនឹងមេដឹកនាំប្រទេសជិតខាងបានទេ។ ជាក់ស្តែង អំឡុងពេលចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ មេដឹកនាំប្រទេសផ្សេងៗ ដូចជា ថៃ វៀតណាម និងកម្ពុជា ជាដើម បាននាំគ្នាមកចូលរួមមហាសន្និបាតនៅអង្គការសហប្រជាជាតិដូចគ្នាកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្នុងនោះកម្ពុជាទទួលបានជំនួយ ១៨លានដុល្លារពីសហរដ្ឋអាមេរិក ជាថ្នូរនឹងការព្រមទទួលពលរដ្ឋខ្មែរដែលមានទោសឱ្យត្រឡប់ទៅរស់នៅប្រទេសកម្ពុជាវិញ ប៉ុន្តែនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត ចាត់ទុកថានេះគឺជាជោគជ័យដ៏ធំធេងក្នុងបេសកកម្មរបស់ខ្លួនដែលមកចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិទៅវិញ៕