30 C
Phnom Penh

កូដករ​ណាហ្គា​វើលដ៍​បន្ត​ទទូច​ទៅ​រដ្ឋាភិបាល​ឱ្យ​ជួយ​ពន្លឿន​ដោះស្រាយ​និង​រក​យុត្តិធម៌​ឱ្យ​កម្មករ​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បន្ត​ទទូច​ទៅ​ក្រសួង​ការងារ និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​ជួយ​ពន្លឿន​ដំណោះស្រាយ និង​រក​យុត្តិធម៌ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្មករ​ខ្មែរ​មាន​ការងារ​ធ្វើ ដើម្បី​ពួកគេ​មាន​លទ្ធភាព​ទៅ​ជួបជុំ​ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំបិណ្ឌ​ដូច​គេ​ដូច​ឯង។

ការ​បន្ត​ទទូច​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​០១ ខែ​តុលា ឆ្នាំ​២០២៣ នៅ​ចំ​ថ្ងៃ​កាន់​បិណ្ឌ​ទី​២ នៃ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ។

យោង​តាម​ហ្វេសប៊ុក Labor Rights Supported Union – LRSU ដោយ​លើកឡើង​ថា ថ្ងៃ​កាន់​បិណ្ឌ​ទី​២ នេះ ពួកគេ​បាន​ធ្វើ​ចង្ហាន់ ហើយ​តាម​ស្រាក់​របស់​ពួកគេ​មាន​បិទ​អក្សរ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ និង​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទទួល​យក​អ្នក​តវ៉ា​ឲ្យ​ចូល​ធ្វើការ​វិញ ដោយ​ចាត់ទុក​ការ​ដោះលែង និង​បញ្ឈប់​ការ​រើសអើង​សហជីព​នេះ​ថា​ជា​ចង្ហាន់​យុត្តិធម៌ ជាដើម។

ការ​ដែល​ពួកគេ​ធ្វើ​រូបភាព​ចានស្រាក់ និង​ចង្ហាន់ ភ្ជាប់​ជាមួយ​ការ​ទាមទារ​នេះ ដោយ​ក្រុម​កូដករ​ថា​កម្មករ​ដែល​កំពុង​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ គ្មាន​លទ្ធភាព​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​ទី​វត្តអារាម ឬ​ទៅ​ដាក់​បិណ្ឌ​ជួបជុំ​គ្រួសារ​នោះ​ទេ ខណៈ​ថ្ងៃទី​០១ ខែ​តុលា ជា​ថ្ងៃ​ដែល​ប្រជាជន​ខ្មែរ​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ​ភ្ជុំបិណ្ឌ។

មួយ​វិញ​ទៀត ពួកគេ​ចង់​បង្ហាញ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ក្រសួង​ការងារ​ជួយ​ពន្លឿន​ដំណោះស្រាយ និង​រក​យុត្តិធម៌​ឲ្យ​កម្មករ​ខ្មែរ​មាន​ការងារ​ធ្វើ ដើម្បី​ពួកគេ​មាន​លទ្ធភាព​ទៅ​ជួបជុំ​ធ្វើ​បុណ្យ​ដូច​គេ​ដូច​ឯង​ដែរ។

ក្រៅពី​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ហើយ ពួកគេ​ក៏​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ឲ្យ​មាន​សេរីភាព​ជួបជុំ​គ្រួសារ​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ និង​ទទួល​យក​អ្នក​តវ៉ា​ឲ្យ​ចូល​ធ្វើការ​វិញ​ដោយ​គ្មាន​ការ​រើសអើង ដោយ​ថា​ពួកគេ​ធ្វើ​កូដកម្ម ៦៥៣​ថ្ងៃ​នេះ មិន​មែន​ជា​ការ​ស៊ីឈ្នួល ហើយ​ក៏​មិន​មែន​បទល្មើស «ញុះញង់» ផ្ទុយ​មក​វិញ​ថា​ការ​ធ្វើ​កូដកម្ម​នេះ គឺ​ដើម្បី​សិទ្ធិ​សហជីព​តែប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ កន្លងមក ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ក៏​ធ្លាប់​ស្នើ​ទៅ​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ឲ្យ​ជួយ​ដោះស្រាយ​វិវាទ​ការងារ​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ណាហ្គា​វើលដ៍ ដើម្បី​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ២​ឆ្នាំ​មក​នេះ។

ចាប់តាំងពី​ផ្ទុះ​ការ​តវ៉ា​កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ មក តំណាង​ក្រុម​កូដករ​បាន​ស្វែងរក​ការ​ចរចា​ជាមួយ​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជាច្រើន​លើក​ច្រើនសា និង​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ផង​ដែរ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ មិន​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ​ដើម្បី​បញ្ចប់​វិវាទ​នេះ​នៅឡើយ​ទេ។

ក្រៅពី​មិន​ដោះស្រាយ​ហើយ នាយករដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត បែរ​ជា​តែងតាំង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ គឺ​លោក ចេន លីបគង់ (Chen Lip Keong) ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​លោក​ដែរ​ផង។

ចំណែក​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ឪពុក​លោក ហ៊ុន ម៉ាណែត កាលពី​ខែ​មិថុនា ឆ្នាំ​២០២៣ បាន​ចោទប្រកាន់​ទៅ​អតីត​បុគ្គលិក​ណាហ្គា​វើលដ៍​បន្ត​ធ្វើ​សកម្មភាព​តវ៉ា​ខាង​មុខ​ក្រុមហ៊ុន​ថា ពួកគេ​កំពុង​ស៊ីឈ្នួល​បាតុកម្ម​ទៅ​វិញ។

ទោះជា​បែប​នេះ​ក្តី ក្រុម​សហជីព និង​សង្គម​ស៊ីវិល​ធ្វើការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ការងារ ចាត់ទុក​ការ​ចោទប្រកាន់​របស់​លោក ហ៊ុន សែន លើ​ក្រុម​កូដករ​ទាំងនោះ​ថា​គ្រាន់តែ​លេស​ដើម្បី​គេចវេះ​ពី​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ដោះស្រាយ​វិវាទ​នេះ​ប៉ុណ្ណោះ ពីព្រោះ​នរណា​ក៏​គេ​ដឹង​ដែរ​ថា ក្រុមហ៊ុន​ល្បែង​ស៊ីសង​ណាហ្គា​វើលដ៍​ក៏​មាន​ភាគហ៊ុន​មួយ​ចំណែក​ធំ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ដែរ ដូច្នេះ​ការ​ខាតបង់​របស់​ក្រុមហ៊ុន​ល្បែង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស