27.5 C
Phnom Penh

ស្ថានការណ៍​ចុងក្រោយ​នៃ​សង្គ្រាម​ប៉ាឡេស្ទីន-ហាម៉ាស និង​អ៊ីស្រាអែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល បាន​ឱ្យ​ដឹង​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​អ៊ីស្រាអែល និង​ពួក​សកម្ម​ប្រយុទ្ធ​នៃ​ក្រុម​ប៉ាឡេស្ទីន-ហាម៉ាស កំពុង​តែ​បន្ត​ដោយ​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ទីតាំង​យ៉ាងតិច ៨​កន្លែង​ក្នុង​ទឹកដី​អ៊ីស្រាអែល នៅ​ក្បែរ​តំបន់​ហ្កាហ្សា​ស្ទ្រីព។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រយៈពេល ៣​ថ្ងៃ​បន្ទាប់ពី​ក្រុម​ហាម៉ាស បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​យ៉ាង​ភ្ញាក់ផ្អើល​លើ​អ៊ីស្រាអែល អ្នក​នាំពាក្យ​យោធា​អ៊ីស្រាអែល បាន​ឱ្យ​ដឹង​ថា ទ័ព​របស់​អ៊ីស្រាអែល កំពុង​បន្ត​ការ​ប្រយុទ្ធ​នៅឡើយ ដោយ​ប៉ះ​គ្នា​លើ​ទីតាំង​ចំនួន ៧-៨​កន្លែង​នៅ​ក្បែរ​តំបន់​ហ្កាហ្សា ជា​ទី​ដែល​កងកម្លាំង​របស់​អ៊ីស្រាអែល កំពុង​បន្ត​ប្រយុទ្ធ​តតាំង​ជាមួយ​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន។

បើ​តាម​អ្នក​នាំពាក្យ​អ៊ីស្រាអែល ការ​វាយ​ដណ្តើម​ការ​គ្រប់គ្រង​ពី​ពួក​ហាម៉ាស អាច​នឹង​វាយ​យក​បាន​វិញ​នៅ​ថ្ងៃ​ចន្ទ។

កាលពី​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​សៅរ៍​ចូល​ថ្ងៃ​អាទិត្យ កងទ័ព​អ៊ីស្រាអែល បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស និង​ការ​បាញ់​កាំភ្លើង​ធំ​សរុប​ជាង ៥០០​លើក ដោយ​កំណត់​គោលដៅ​ទៅ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស នៅ​ឯ​តំបន់​ហ្កាហ្សា ដោយ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាស-ប៉ាឡេស្ទីន ជាង ១១០០​នាក់ ក្នុង​នោះ ៧០០​នាក់​ស្លាប់​នៅ​ខាង​អ៊ីស្រាអែល និង ៤០០​នាក់​នៅ​ខាង​ហ្កាហ្សា។

ស្រប​ពេល​នេះ​ដែរ សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ថ្កោលទោស​ក្រុម​ហាម៉ាស ជុំវិញ​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​អ៊ីស្រាអែល ព្រោះ​ក្រុម​នេះ​ជា​អ្នក​ផ្ដើម​ការ​វាយប្រហារ​មុន​ទៅ​លើ​អ៊ីស្រាអែល។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​បិទ​ទ្វារ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ លោក Robert Wood ជា​មន្ត្រី​ការទូត​អាមេរិក​នៅ​អង្គការ​សហប្រជាជាតិ បាន​និយាយ​ថា មាន​ប្រទេស​ជាច្រើន​បាន​ថ្កោលទោស​ការ​វាយប្រហារ​របស់​ក្រុម​ហាម៉ាស តែ​ប្រទេស​ខ្លះ​មិន​ចូលរួម​ថ្កោលទោស​នោះ​ទេ។

ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​រួច​រាល់​នៅ​ក្នុង​ការ​ផ្ដល់​នូវ​រាល់​គ្រប់​មធ្យោបាយ​ទៅ​ឱ្យ​អ៊ុយក្រែន។ លោក ចូ បៃដិន បាន​ដឹកនាំ​ក្រុម​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក បើក​ការ​តាមដាន​ស្ថានការណ៍​នៅ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់ ដែល​រួម​មាន​ដូចជា អេហ្ស៊ីប តួកគី ហ្កាតា អារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី អូម៉ង់ អេមីរ៉ាត់អារ៉ាប់រួម ក៏ដូចជា​ប្រទេស​សម្ព័ន្ធមិត្ត​អឺរ៉ុប​ផ្សេង​ទៀត។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក អាតូនី ប្លៃកិន បាន​ហៅ​ទូរស័ព្ទ​ដើម្បី​ពិភាក្សា​ជាមួយ​សមភាគី​នៃ​ប្រទេស​ជាច្រើន ខណៈ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ក៏​បាន​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល ផង​ដែរ។

ទន្ទឹម​នឹង​គ្នា​នេះ លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតី​អ៊ុយក្រែន បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​ពិភពលោក​បង្ហាញ​សាមគ្គីភាព និង​ការ​រួបរួម​នៅ​ក្នុង​ការ​ជួយ​គាំទ្រ​អ៊ីស្រាអែល ក៏ដូចជា​ថ្កោលទោស​ការ​វាយប្រហារ​របស់​ចលនា​ហាម៉ាស-ប៉ាឡេស្ទីន។

តែ​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន ដែល​បាន​ស្នើ​ឱ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ស្វែងរក​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជា​ផ្លូវការ ខណៈ​លោក​ចោទ​សហរដ្ឋ​អាមេរិក និង​ពួក​លោក​ខាងលិច​នៅ​ពីក្រោយ​អំពើ​ហិង្សា​ប្រយុទ្ធ​គ្នា​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាស-ប៉ាឡេស្ទីន។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Lloyd Austin បាន​និយាយ​ថា លោក​បាន​បញ្ជា​ឱ្យ​កង​នាវាចម្បាំង​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Gerald R. Ford ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​សមុទ្រ​មេឌីទែរ៉ាណេ​ខាងកើត ដើម្បី​បង្ហាញ​ការ​គាំទ្រ និង​ត្រៀម​លក្ខណៈ​ដើម្បី​ជួយ​អ៊ីស្រាអែល។

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Gerald R. Ford ដែល​ជា​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប​បំផុត​របស់​កងទ័ព​ជើងទឹក​អាមេរិក ត្រូវ​ដឹក​ទ័ព​ជាង ៥០០០​នាក់ រួម​ទាំង​ផ្ទុក​យន្តហោះ​ចម្បាំង​ផង​នោះ នឹង​ត្រូវ​បាន​អម​ដំណើរ​ដោយ​នាវាចម្បាំង​ប្រដាប់​ដោយ​មីស៊ីល និង​នាវា​ពិឃាដ ដើម្បី​បង្ហាញ​សាច់ដុំ និង​ត្រៀម​លក្ខណៈ​ធ្វើការ​ឆ្លើយតប និង​ដឹកនាំ​សកម្មភាព​ឃ្លាំមើល ក៏ដូចជា​រារាំង​រាល់​ការ​បញ្ជូន​អាវុធ​បន្ថែម​ណា​មួយ​ទៅ​ឱ្យ​ក្រុម​ហាម៉ាស។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​ក៏​កំពុង​បង្កើន​ចំនួន​យន្តហោះ​ចម្បាំង F-35, F-15, F-16 និង A-10 នៅ​ក្នុង​តំបន់​ផង​ដែរ។

បើ​តាម​លោក Lloyd Austin រដ្ឋការ​របស់​លោក​ប្រធានាធិបតី ចូ បៃដិន នឹង​ផ្ដល់​ឱ្យ​កងកម្លាំង​អ៊ីស្រាអែល​នូវ​បរិក្ខារ និង​ធនធាន​បន្ថែម ក្នុង​នោះ​រួម​មាន​ទាំង​អាវុធ​ផង​ដែរ ហើយ​កញ្ចប់​ជំនួយ​សន្តិសុខ​ដំបូង​អាច​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ដៃ​អ៊ីស្រាអែល ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល បាន​និយាយ​ថា ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស-ប៉ាឡេស្ទីន បាន​ចាប់ផ្ដើម​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​អ៊ីស្រាអែល បន្ទាប់ពី​ការ​បាញ់​ស្រោច​គ្រាប់​រ៉ុក្កែត​ប្រមាណ​ជា ៥០០០​គ្រាប់​ចូល​ទឹកដី​អ៊ីស្រាអែល កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៧ តុលា។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល លោក Yoav Gallant ក៏​បាន​និយាយ​ដែរ​ថា ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន-ហាម៉ាស បាន​ចាប់ផ្ដើម​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​អ៊ីស្រាអែល​ហើយ។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កងទ័ព​អ៊ីស្រាអែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​នៅ​តាម​ទីតាំង​ជាច្រើន ហើយ​អ៊ីស្រាអែល​នឹង​ឈ្នះ​ក្នុង​សង្គ្រាម​មួយ​នេះ។

ប្រទេស​ជាច្រើន​រួមមាន​បារាំង អាល្លឺម៉ង់ សហភាព​អឺរ៉ុប រួម​ទាំង​អ៊ុយក្រែន បាន​ថ្កោលទោស​ការ​វាយប្រហារ​របស់​ក្រុម​ហាម៉ាស លើ​អ៊ីស្រាអែល ហើយ​ថា​គាំទ្រ​ដល់​សិទ្ធិ​ស្វ័យ​ការពារ​ខ្លួន​របស់​អ៊ីស្រាអែល ស្រប​ពេល​សហរដ្ឋ​អាមេរិក​អះអាង​ថា​ខ្លួន​កំពុង​តាមដាន​ស្ថានការណ៍​យ៉ាង​យកចិត្ត​ទុកដាក់។

ភាព​តានតឹង​នៃ​សង្គ្រាម​ចេះ​តែ​បន្ត​កើនឡើង ខណៈ​ភាគី​ទាំង​សងខាង​ទម្លាក់​កំហុស​ឱ្យ​គ្នា និង​ព្រមាន​គ្នា​ទៅវិញ​ទៅមក ជាជាង​រក​ដំណោះស្រាយ​រួម។

ចុងក្រោយ​ទៀត​នេះ នៅ​ខែ​ឧសភា ឆ្នាំ​២០២១ អ៊ីស្រាអែល-ប៉ាឡេស្ទីន បាន​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម ១១​ថ្ងៃ តែ​សង្គ្រាម​បាន​បិទ​បញ្ចប់​វិញ គឺ​កាល​នោះ អ៊ីស្រាអែល​បាន​យល់ព្រម​ទទួលយក​បទ​ឈប់​បាញ់​ជាមួយ​នឹង​ប៉ាឡេស្ទីន ហើយ​កិច្ច​សម្របសម្រួល​របស់​ប្រទេស​អេហ្ស៊ីប ដែល​អង្គការ​សហប្រជាជាតិ​ពេល​នោះ​ចេញ​មុខ​ខ្លាំង​រុញ​ឱ្យ​អេហ្ស៊ីប ដើរ​តួ​ជួយ​បញ្ចប់​សង្គ្រាម​រវាង​ដែនដី​ពីរ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស