ក្រសួងការពារជាតិអ៊ីស្រាអែល បានឱ្យដឹងថា ការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធនៃក្រុមប៉ាឡេស្ទីន-ហាម៉ាស កំពុងតែបន្តដោយការប្រយុទ្ធគ្នានៅតាមទីតាំងយ៉ាងតិច ៨កន្លែងក្នុងទឹកដីអ៊ីស្រាអែល នៅក្បែរតំបន់ហ្កាហ្សាស្ទ្រីព។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP រយៈពេល ៣ថ្ងៃបន្ទាប់ពីក្រុមហាម៉ាស បើកការវាយប្រហារទ្រង់ទ្រាយធំយ៉ាងភ្ញាក់ផ្អើលលើអ៊ីស្រាអែល អ្នកនាំពាក្យយោធាអ៊ីស្រាអែល បានឱ្យដឹងថា ទ័ពរបស់អ៊ីស្រាអែល កំពុងបន្តការប្រយុទ្ធនៅឡើយ ដោយប៉ះគ្នាលើទីតាំងចំនួន ៧-៨កន្លែងនៅក្បែរតំបន់ហ្កាហ្សា ជាទីដែលកងកម្លាំងរបស់អ៊ីស្រាអែល កំពុងបន្តប្រយុទ្ធតតាំងជាមួយក្រុមហាម៉ាស-ប៉ាឡេស្ទីន។
បើតាមអ្នកនាំពាក្យអ៊ីស្រាអែល ការវាយដណ្តើមការគ្រប់គ្រងពីពួកហាម៉ាស អាចនឹងវាយយកបានវិញនៅថ្ងៃចន្ទ។
កាលពីយប់រំលងអាធ្រាត្រថ្ងៃសៅរ៍ចូលថ្ងៃអាទិត្យ កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាស និងការបាញ់កាំភ្លើងធំសរុបជាង ៥០០លើក ដោយកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស នៅឯតំបន់ហ្កាហ្សា ដោយបណ្ដាលឱ្យមនុស្សស្លាប់ក្នុងជម្លោះរវាងអ៊ីស្រាអែល និងពួកហាម៉ាស-ប៉ាឡេស្ទីន ជាង ១១០០នាក់ ក្នុងនោះ ៧០០នាក់ស្លាប់នៅខាងអ៊ីស្រាអែល និង ៤០០នាក់នៅខាងហ្កាហ្សា។
ស្របពេលនេះដែរ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសក្រុមហាម៉ាស ជុំវិញការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល ព្រោះក្រុមនេះជាអ្នកផ្ដើមការវាយប្រហារមុនទៅលើអ៊ីស្រាអែល។
ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំបិទទ្វារនៃក្រុមប្រឹក្សាសន្តិសុខ លោក Robert Wood ជាមន្ត្រីការទូតអាមេរិកនៅអង្គការសហប្រជាជាតិ បាននិយាយថា មានប្រទេសជាច្រើនបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស តែប្រទេសខ្លះមិនចូលរួមថ្កោលទោសនោះទេ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាក់ថា សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់នៅក្នុងការផ្ដល់នូវរាល់គ្រប់មធ្យោបាយទៅឱ្យអ៊ុយក្រែន។ លោក ចូ បៃដិន បានដឹកនាំក្រុមសន្តិសុខជាតិសហរដ្ឋអាមេរិក បើកការតាមដានស្ថានការណ៍នៅក្នុងចំណោមប្រទេសក្នុងតំបន់ ដែលរួមមានដូចជា អេហ្ស៊ីប តួកគី ហ្កាតា អារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី អូម៉ង់ អេមីរ៉ាត់អារ៉ាប់រួម ក៏ដូចជាប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀត។
ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក អាតូនី ប្លៃកិន បានហៅទូរស័ព្ទដើម្បីពិភាក្សាជាមួយសមភាគីនៃប្រទេសជាច្រើន ខណៈរដ្ឋមន្ត្រីការពារជាតិអាមេរិកក៏បានជជែកជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ផងដែរ។
ទន្ទឹមនឹងគ្នានេះ លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវឲ្យមេដឹកនាំពិភពលោកបង្ហាញសាមគ្គីភាព និងការរួបរួមនៅក្នុងការជួយគាំទ្រអ៊ីស្រាអែល ក៏ដូចជាថ្កោលទោសការវាយប្រហាររបស់ចលនាហាម៉ាស-ប៉ាឡេស្ទីន។
តែប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ដែលបានស្នើឱ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន ស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់ជាផ្លូវការ ខណៈលោកចោទសហរដ្ឋអាមេរិក និងពួកលោកខាងលិចនៅពីក្រោយអំពើហិង្សាប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងពួកហាម៉ាស-ប៉ាឡេស្ទីន។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា លោកបានបញ្ជាឱ្យកងនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង USS Gerald R. Ford ធ្វើដំណើរទៅកាន់តំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត ដើម្បីបង្ហាញការគាំទ្រ និងត្រៀមលក្ខណៈដើម្បីជួយអ៊ីស្រាអែល។
នាវាផ្ទុកយន្តហោះចម្បាំង USS Gerald R. Ford ដែលជានាវាផ្ទុកយន្តហោះចម្បាំងស៊េរីទំនើបបំផុតរបស់កងទ័ពជើងទឹកអាមេរិក ត្រូវដឹកទ័ពជាង ៥០០០នាក់ រួមទាំងផ្ទុកយន្តហោះចម្បាំងផងនោះ នឹងត្រូវបានអមដំណើរដោយនាវាចម្បាំងប្រដាប់ដោយមីស៊ីល និងនាវាពិឃាដ ដើម្បីបង្ហាញសាច់ដុំ និងត្រៀមលក្ខណៈធ្វើការឆ្លើយតប និងដឹកនាំសកម្មភាពឃ្លាំមើល ក៏ដូចជារារាំងរាល់ការបញ្ជូនអាវុធបន្ថែមណាមួយទៅឱ្យក្រុមហាម៉ាស។
លោករដ្ឋមន្ត្រីបញ្ជាក់ថា សហរដ្ឋអាមេរិកក៏កំពុងបង្កើនចំនួនយន្តហោះចម្បាំង F-35, F-15, F-16 និង A-10 នៅក្នុងតំបន់ផងដែរ។
បើតាមលោក Lloyd Austin រដ្ឋការរបស់លោកប្រធានាធិបតី ចូ បៃដិន នឹងផ្ដល់ឱ្យកងកម្លាំងអ៊ីស្រាអែលនូវបរិក្ខារ និងធនធានបន្ថែម ក្នុងនោះរួមមានទាំងអាវុធផងដែរ ហើយកញ្ចប់ជំនួយសន្តិសុខដំបូងអាចនឹងត្រូវបានបញ្ជូនទៅដល់ដៃអ៊ីស្រាអែល ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស-ប៉ាឡេស្ទីន បានចាប់ផ្ដើមធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែល បន្ទាប់ពីការបាញ់ស្រោចគ្រាប់រ៉ុក្កែតប្រមាណជា ៥០០០គ្រាប់ចូលទឹកដីអ៊ីស្រាអែល កាលពីព្រឹកថ្ងៃសៅរ៍ ទី៧ តុលា។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ក៏បាននិយាយដែរថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន-ហាម៉ាស បានចាប់ផ្ដើមធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែលហើយ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលកំពុងប្រយុទ្ធប្រឆាំងនឹងសត្រូវនៅតាមទីតាំងជាច្រើន ហើយអ៊ីស្រាអែលនឹងឈ្នះក្នុងសង្គ្រាមមួយនេះ។
ប្រទេសជាច្រើនរួមមានបារាំង អាល្លឺម៉ង់ សហភាពអឺរ៉ុប រួមទាំងអ៊ុយក្រែន បានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល ហើយថាគាំទ្រដល់សិទ្ធិស្វ័យការពារខ្លួនរបស់អ៊ីស្រាអែល ស្របពេលសហរដ្ឋអាមេរិកអះអាងថាខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។
ភាពតានតឹងនៃសង្គ្រាមចេះតែបន្តកើនឡើង ខណៈភាគីទាំងសងខាងទម្លាក់កំហុសឱ្យគ្នា និងព្រមានគ្នាទៅវិញទៅមក ជាជាងរកដំណោះស្រាយរួម។
ចុងក្រោយទៀតនេះ នៅខែឧសភា ឆ្នាំ២០២១ អ៊ីស្រាអែល-ប៉ាឡេស្ទីន បានប្រយុទ្ធគ្នាក្នុងសង្គ្រាម ១១ថ្ងៃ តែសង្គ្រាមបានបិទបញ្ចប់វិញ គឺកាលនោះ អ៊ីស្រាអែលបានយល់ព្រមទទួលយកបទឈប់បាញ់ជាមួយនឹងប៉ាឡេស្ទីន ហើយកិច្ចសម្របសម្រួលរបស់ប្រទេសអេហ្ស៊ីប ដែលអង្គការសហប្រជាជាតិពេលនោះចេញមុខខ្លាំងរុញឱ្យអេហ្ស៊ីប ដើរតួជួយបញ្ចប់សង្គ្រាមរវាងដែនដីពីរនេះ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

