ក្រសួងបរិស្ថានច្រានចោលចំពោះការចុះផ្សាយថា មានការឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ពីសំណាក់ក្រុមហ៊ុន Think Biotech (Cambodia) ដែលល្បីរឿងរកស៊ីកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។
ការច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីកាសែតបរទេសម៉ុងហ្គាបេ ចុះផ្សាយព័ត៌មានស៊ើបអង្កេតរបស់ខ្លួនកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ថានៅតំបន់ព្រៃឡង់មានជនមិនស្គាល់មុខបានឈូសឆាយព្រៃធ្វើផ្លូវថ្មីមួយខ្សែចេញពីតំបន់ដីសម្បទានដាំដើមឈើឡើងវិញរបស់ក្រុមហ៊ុន Think Biotech (Cambodia) រហូតដល់តំបន់ដែនជម្រកសត្វព្រៃឡង់។ ការធ្វើផ្លូវមួយខ្សែនោះដែរ ជាការជួយសម្រួលដល់ការកាប់ឈើខុសច្បាប់ និងការជួញដូរឈើមានតម្លៃយ៉ាងអនាធិបតេយ្យពីសំណាក់ក្រុមហ៊ុន Think Biotech (Cambodia)។
តែយ៉ាងណា ក្រសួងបរិស្ថាន នៅថ្ងៃទី០៧ ខែតុលា បានច្រានចោលការចុះផ្សាយថាមានករណីឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដោយថារូបភាពផ្កាយរណបមិនបានបញ្ជាក់កាលបរិច្ឆេទ ជាហេតុធ្វើឲ្យសាធារណជនមានការយល់ច្រឡំថាជាករណីកំពុងតែកើតមានឡើងថ្មីៗនៅក្នុងតំបន់នោះ។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងថាមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត បានធ្វើការល្បាតជាប់ជាប្រចាំនៅក្នុងតំបន់នោះ មិនបានជួបប្រទះនូវសកម្មភាពឈូសឆាយផ្លូវថ្មីចូលទៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រខាងលើនោះទេ។
ប្រភពដដែលថា រាល់សកម្មភាពបទល្មើសកាប់បំផ្លាញព្រៃឈើ បំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងដែនសមត្ថកិច្ច ក្រសួងបរិស្ថានគ្រប់គ្រងបាន ចាត់វិធានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីមិនមានការលើកលែងឡើយ។
ដែនជម្រកសត្វព្រៃឡង់មានផ្ទៃដីជាង ៤សែន ៣ម៉ឺនហិកតារ (៤៣១៦៨៣ហិកតារ) ឋិតក្នុងចន្លោះខេត្តចំនួន ៤ គឺខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។
កាលពីខែមិថុនា ឆ្នាំ២០១២ ក្រសួងកសិកម្មបានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុន ស៊ីង បាយអូថេក វិនិយោគដំណាំឧស្សាហកម្មអាកាស្យា ឬស្ថានីយស្ដារព្រៃឈើឡើងវិញលើផ្ទៃដីចំនួនជាង ៣ម៉ឺន ៤ពាន់ហិកតារឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលទឹកដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នៅចុងឆ្នាំ២០១៨ ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) បានផ្ទេរសិទ្ធិបើករោងចក្រអារឈើទៅឲ្យក្រុមហ៊ុន អង្គរ ប្លាយវូដ (Angkor Plywood)។
ប៉ុន្តែអ្នកការពារព្រៃរកឃើញថា ក្រុមហ៊ុននេះបានប្រើល្បិចកាប់រំលំដើមឈើតូចធំនៅតំបន់ផ្សេងទៀតក្រៅពីតំបន់របស់ខ្លួន ដោយជួលកម្មកររាប់រយនាក់ឲ្យចូលទៅកាប់ឈើនៅក្នុងព្រៃអភិរក្សយកទៅលក់ឲ្យខ្លួន។ ក្រៅពីជួលហើយ ក្រុមហ៊ុន ស៊ីង បាយអូថេក នៅតែបន្តលួចចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃឡង់ផងដែរ។
ជាក់ស្ដែង អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីដើមឆ្នាំ២០២២ បានផ្សាយរបាយការណ៍ស្រាវជ្រាវមួយ ដោយរកឃើញថា គម្របព្រៃឈើទំហំ ៦២៧១ហិកតារឋិតក្នុងដែនជម្រកសត្វព្រៃឡង់ និងព្រៃព្រះរការ ត្រូវបានកាប់បំផ្លាញនៅក្នុងឆ្នាំ២០២១។ លើសពីនេះទៀត មូលហេតុចម្បងនាំឱ្យមានការកាប់ឈើខុសច្បាប់ គឺការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធ។
របាយការណ៍ដដែលនេះថា ការកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃការពារធម្មជាតិ បង្កើតឲ្យមានជាការរំលោភសិទ្ធិមនុស្ស និងលុបបំបាត់ទំនៀមទម្លាប់ជនជាតិដើមភាគតិចនៅកម្ពុជា។
អង្គការលើកលែងទោសអន្តរជាតិ រកឃើញថា ប្រទេសកម្ពុជាទទួលរងការកាប់បំផ្លាញព្រៃឈើខ្ពស់ជាងគេនៅលើពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយបានបាត់បង់ព្រៃឈើប្រមាណ ៦៤% នៃគម្របដើមឈើចាប់តាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន ដោយការកាប់បំផ្លាញនេះដោយសារអំពើពុករលួយដែលកំពុងកើតមានយ៉ាងច្រើនសន្ធឹកសន្ធាប់៕