27 C
Phnom Penh

លោក ហ៊ុន ម៉ាណែត៖ និស្សិត​ខ្មែរ​ជាង​៣០០​នាក់​នៅ​អ៊ីស្រាអែល​ស្ថិត​ក្នុង​តំបន់​មាន​សុវត្ថិភាព ខណៈ​ជាង​១០០​នាក់​ទៀត​កំពុង​នៅ​ទីតាំង​មាន​ហានិភ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា និស្សិត​ខ្មែរ​ដែល​កំពុង​ស្នាក់នៅ​បន្ត​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល សព្វថ្ងៃ​នេះ​ចំនួន​ជាង ៣០០​នាក់ (៣២៣​នាក់) កំពុង​ស្នាក់នៅ​ទីតាំង​មាន​សុវត្ថិភាព ខណៈ​និស្សិត​ចំនួន ១៣១​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យ​នៅឡើយ។

កូនប្រុស​មេខ្លោង​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចេញ​ខ្សែអាត់​សំឡេង​ប្រវែង​ជាង ៧​នាទី​នៅ​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា រាជរដ្ឋាភិបាល​កំពុង​យកចិត្ត​ទុកដាក់​តាមដាន​ពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​អ៊ីស្រាអែល ទាំង​ជាង ៤០០​នាក់ (៤៥៤​នាក់) នៅ​ពេលនេះ​យ៉ាង​ហ្មត់ចត់ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ពួកគេ​ឱ្យ​បាន​គ្រប់ៗ​គ្នា។

នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​ត្រូវ​ឪពុក​ខ្លួនឯង​លើក​បន្តុប​លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ក្នុង​ស្ថានភាព​នេះ សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល នៅ​ពេលនេះ គឺ​ជា​អាទិភាព​ខ្ពស់​បំផុត​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធានា​នូវ​សុវត្ថិភាព​សម្រាប់​ពួកគេ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​និស្សិត​ខ្មែរ​លោក ចាន់ ឧត្តម ទទួល​មរណភាព​ក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាលពី​ពេល​ថ្មីៗ​នេះ។

លោក ចាន់ ឧត្តម ដែល​ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (ចំការ​ដូង) កំពុង​ស្នាក់​នៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល នា​ពេល​កន្លងមក​បាន​ទទួល​មរណភាព​ក្នុង​វ័យ ២៤​ឆ្នាំ ជុំវិញ​ហេតុការណ៍​ផ្ទុះ​អាវុធ​រវាង​កងទ័ព​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស ក្នុង​ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០២៣ កន្លងទៅ​នេះ។

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី បាន​ចេញ​ព្រះរាជ​លិខិត​ចូលរួម​មរណទុក្ខ​កាលពី​ថ្ងៃទី​៩ ខែ​តុលា ឆ្នាំ​២០២៣ នេះ ដើម្បី​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​បន្ទាប់ពី​លោក ចាន់ ឧត្តម បាន​បាត់បង់​ជីវិត។

ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ថា ទ្រង់​សូម​សម្ដែង​នូវ​សេចក្ដី​សោកស្តាយ និង​សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​ចំពោះ​ការ​បាត់បង់​លោក ចាន់ ឧត្តម ដែល​ជា​ការ​បាត់បង់​នូវ​ធនធាន​និស្សិត​ផ្នែក​កសិកម្ម​មួយ​រូប ដើម្បី​នាំ​យក​ចំណេះដឹង​មក​ចូលរួម​បម្រើ​ជាតិ​មាតុភូមិ។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ក៏​បាន​ចេញ​លិខិត​ចូលរួម​មរណទុក្ខ​ផង​ដែរ​កាលពី​ថ្ងៃទី​៩ ខែ​តុលា ឆ្នាំ​២០២៣ ដើម្បី​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​លោក ចាន់ ឧត្តម ផង​ដែរ។

លោក ស សុខា បញ្ជាក់​ថា រាជការ​ស៊ីវិល មន្ត្រី​ពន្ធនាគារ និង​មន្ត្រី​នគរបាល​នៃ​ក្រសួង​មហាផ្ទៃ មាន​សេចក្តី​ក្តុកក្តួល​រន្ធត់​តក់ស្លុត និង​សោកស្តាយ​ជា​អនេក​ចំពោះ​ការ​បាត់បង់​លោក ចាន់ ឧត្តម ក្នុង​ហេតុការណ៍​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន ដែល​កំពុង​ក្តោប​ក្តាប់​អំណាច​ពី​លើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា បាន​អះអាង​កាលពី​ថ្ងៃទី​៩ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា ប្រសិនបើ​រដ្ឋាភិបាល​អ៊ីស្រាអែល មិន​ប្រកាស​ឱ្យ​ជម្លៀស​ជនបរទេស​ចេញពី​ប្រទេស​ខ្លួន​ទេ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​មិន​គួរ​ឱ្យ​និស្សិត​របស់​ខ្លួន​ចាកចោល​ប្រជាជន​អ៊ីស្រាអែល ដែរ ប៉ុន្តែ​ប្រសិនបើ​មាន​ការ​សម្រេច​ឱ្យ​ជម្លៀស​ជនបរទេស​ចេញពី​អ៊ីស្រាអែល ពេល​ណា​នោះ កម្ពុជា​ក៏​មិន​រុញរា​ក្នុង​ការ​ជួល​យន្តហោះ​ពិសេស​ចេញ​ទៅ​ដឹក​ប្រជាពលរដ្ឋ​ខ្លួន​ឡើយ។

របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ថា និស្សិត​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ​បន្ត​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល សព្វថ្ងៃ​នេះ​មាន​ចំនួន​ប្រមាណ​ជាង ៤០០​នាក់ (៤៥៤​នាក់) ប៉ុន្តែ​កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២៣ តំបន់​ហ្កាហ្សា ដែល​នៅ​ជាប់​ដែនដី​អ៊ីស្រាអែល ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​ពី​ក្រុម​ហាម៉ាស ហើយ​ក្នុង​ហេតុការណ៍​នោះ បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់ ក្នុង​នោះ​ក៏​បាន​បណ្តាល​ឱ្យ​ស្លាប់​និស្សិត​កម្ពុជា​លោក ចាន់ ឧត្តម ម្នាក់​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស