30 C
Phnom Penh

សម្ព័ន្ធភាព​បក្ស​ប្រឆាំង​នៅ​ប៉ូឡូញ​ឈ្នះ​ឆ្នោត​ជា​ការ​ពង្រឹង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ការ​បោះឆ្នោត​របស់​ប្រទេស​ប្រជាធិបតេយ្យ​ធំ​មួយ​នៅ​អឺរ៉ុប​ខាងកើត ដែល​ធ្លាក់​ក្នុង​ដៃ​ក្រុម​បក្ស​អភិរក្ស​និយម បាន​បើក​ថ្មី​ហើយ គឺ​នៅ​ប្រទេស​ប៉ូឡូញ។

កាលពី​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​តុលា ប្រទេស​អតីត​កុម្មុយនីស្ត​មួយ​នេះ​បាន​ធ្វើការ​បោះឆ្នោត​សភា​អាណត្តិ​ថ្មី​ទៀត ដែល​លទ្ធផល​បង្ហាញ​ថា កម្លាំង​បក្ស​ប្រឆាំង​រួបរួម​បី​បក្ស បាន​ឈ្នះ​ឆ្នោត ដែល​ជា​ការ​បំបែក​អំណាច​របស់​បក្ស​អភិរក្ស​និយម​បាន​កាន់​អំណាច ៨​ឆ្នាំ​មក​នេះ ហើយ​បក្ស​នេះ​ដឹកនាំ​ដោយ​លោក Jaroslaw Kaczynski។

ជ័យជម្នះ​បាន​មកពី​កម្លាំង​រួបរួម

យោង​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត ក្រុម​បក្ស​ប្រឆាំង​ចំនួន ៣ ដែល​បាន​ចង​សម្ព័ន្ធភាព​ជាមួយ​គ្នា ឈ្នះ​ការ​បោះឆ្នោត។ បក្ស​ទាំង ៣ នេះ មាន​បក្ស​វេទិកា​ប្រជាជន បក្ស​ប្រជាជន​ប៉ូឡូញ និង​បក្ស​ជឿនលឿន។

បក្ស​ទាំង ៣ នេះ បាន​ប្រមូល​សំឡេង​ឆ្នោត​រួម​គ្នា​បាន​ច្រើន​ជាង​បក្ស​កំពុង​កាន់​អំណាច ដោយ​ទទួល​បាន​អាសនៈ​សភា ២៤៨ ក្នុង​អាសនៈ​សរុប ៤៦០ ដែល​បក្ស​កំពុង​កាន់​អំណាច​បាន ២០០​អាសនៈ។ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC។

ជ័យជម្នះ​របស់​បក្ស​ប្រឆាំង​ទាំង ៣ នេះ គឺជា​ការ​វាយ​សំពង​បក្ស​កាន់​អំណាច​នៃ​បក្ស​អភិរក្ស​និយម ហើយ​ឆ្ពោះ​ទៅ​រក​ការ​ពិនិត្យ​ឡើងវិញ​នូវ​គោលនយោបាយ​ក្នុង​នាម​ជា​សមាជិក​សហភាព​អឺរ៉ុប ដែល​ក្រុម​ប្រឆាំង​បាន​រិះគន់​បក្ស​កាន់​អំណាច​ថា កាន់តែ​ដើរ​ឃ្លាត​ឆ្ងាយ​ពី​កម្លាំង​សាមគ្គី​របស់​សហគមន៍​អឺរ៉ុប​មួយ​ដ៏​ធំ​នេះ​ហើយ ចេះតែ​ធ្វើ​ឱ្យ​ប្រេះ​ស្រាប់​ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន។

ការ​បោះឆ្នោត​នៅ​ប៉ូឡូញ គឺជា​សមរភូមិ​មនោគមន៍វិជ្ជា

ការ​បោះឆ្នោត​នេះ វា​មាន​សារសំខាន់​ជាង​ការ​ប្រកួតប្រជែង​ដើម្បី​កាន់​អំណាច​ទៅ​ទៀត គឺជា​ការ​ប៉ះ​ទង្គិច​គ្នា​ទៅ​លើ​ទស្សនៈ និង​មនោគមន៍វិជ្ជា​នៃ​សង្គម​ប៉ូឡូញ ពោល​គឺ​នីតិរដ្ឋ និង​យុត្តិធម៌​ក្នុង​រយៈពេល ៨​ឆ្នាំ​នៃ​អំណាច​ក្នុង​ដៃ​របស់​បក្ស​អភិរក្ស​និយម ដែល​ភាគច្រើន​គេ​ថា​មាន​ការ​បែកបាក់​ជាតិ និង​ការ​បែងចែក​និន្នាការ​នយោបាយ​កាន់តែ​ខ្លាំង ក្នុង​នោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ក្លាយ​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច ការ​រឹត​បន្តឹង​អំពី​សិទ្ធិ​ពន្លូត​កូន និង​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា រួម​ទាំង​ទៅ​លើ​ជន​ចំណាកស្រុក និង​ជន​ភៀសខ្លួន។

រដ្ឋាភិបាល​នៃ​បក្ស​អភិរក្ស​និយម​ដឹកនាំ​ដោយ​លោក Jaroslaw Kaczynski ត្រូវ​បាន​គេ​សម្លឹង​ឃើញ​ថា​មាន​ទំនោរ​កាន់តែ​ប្រឆាំង​នឹង​អឺរ៉ុប។

កត្តា​ទាំងនេះ បាន​នាំ​ឱ្យ​ក្រុម​ប្រឆាំង​បាន​សន្យា​កែទម្រង់​ឡើងវិញ​ក្នុង​គោលដៅ​ស្ដារ​នីតិរដ្ឋ​មួយ​ដែល​ល្អ ជាមួយ​នឹង​ការ​កែលំអ​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ឋានៈ​ប៉ូឡូញ​ជា​សមាជិក​ដ៏​សកម្ម​មួយ​របស់​សហភាព​អឺរ៉ុប។

ការ​បោះឆ្នោត​ដើម្បី​ពង្រឹង​ប្រជាធិបតេយ្យ

ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃ​អាទិត្យ ទី​១៥ តុលា មាន​អត្រា​អ្នក​ចូលរួម​បោះឆ្នោត​ដល់​ទៅ ៧២,៩%។ ជា​អត្រា​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រជាធិបតេយ្យ​ប៉ូឡូញ គឺ​មាន​អត្រា​អ្នក​ចេញ​ទៅ​បោះឆ្នោត​ច្រើន​ជាង​ការ​បោះឆ្នោត​លើកដំបូង​នៅ​ក្រោយ​ការ​ដួល​រលំ​របប​កុម្មុយនីស្ត​សហភាព​សូវៀត នៅ​ឆ្នាំ​១៩៩១។

ទោះជា​ចូល​ដល់​ពេល​យប់​ជ្រៅ​ម៉ោង ៩​យប់​ក៏ដោយ ក៏​មណ្ឌល​បោះឆ្នោត​ខ្លះ​នៅ​បន្ត​ឱ្យ​អ្នក​បោះឆ្នោត​ចូល​មក​បោះឆ្នោត។ អ្នក​បោះឆ្នោត​មក​ឈរ​រង់ចាំ​ចូល​ទៅ​បោះឆ្នោត​ទាំង​យប់​ជ្រៅ​ដោយ​មាន​សណ្ដាប់ធ្នាប់។ នេះ​ស្តែង​ឲ្យ​ឃើញ​អំពី​ឆន្ទៈ​របស់​ប្រជាជន​ប៉ូឡូញ ក្នុង​ការ​ប្រើ​សិទ្ធិ​របស់​ខ្លួន ដើម្បី​ប្រទេស​ជាតិ​ខ្លួនឯង ជាជាង​រង់ចាំ​អ្នក​នយោបាយ​ដើរ​ទិញ​សន្លឹកឆ្នោត​ទើប​ចេញ​ទៅ​បោះឆ្នោត។

ការ​បោះឆ្នោត​នេះ ប្រៀប​បាន​នឹង​រូបភាព​ថ្មី​មួយ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ។ ច្បាប់ និង​យុត្តិធម៌​ត្រូវ​ដើរ​ឱ្យ​ស្រប​គ្នា ហើយ​ត្រូវ​មាន​តុល្យភាព​នឹង​គ្នា​នៃ​អំណាច​ទាំង​៣ របស់​រដ្ឋ គឺ​អំណាច​នីតិប្រតិបត្តិ អំណាច​នីតិប្បញ្ញតិ និង​ប្រព័ន្ធ​តុលាការ ដែល​ស្ថាប័ន​ទាំង ៣ នេះ ជា​យន្តការ​ពង្រឹង​ប្រជាធិបតេយ្យ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។ មូលនិធិ​រាប់​ពាន់​លាន​ដុល្លារ​ជា​កញ្ចប់​រួម​របស់​សហភាព​អឺរ៉ុប គឺជា​សេចក្ដី​ត្រូវការ​របស់​រដ្ឋាភិបាល​ថ្មី​ដែល​ត្រូវ​រង់ចាំ។ ជ័យជម្នះ​របស់​បក្ស​ប្រឆាំង អាច​ត្រូវ​គេ​មើល​ឃើញ​អ្នក​បោះឆ្នោត​ត្រូវការ​ប្រជាធិបតេយ្យ​មួយ​មាន​កម្លាំង​ខ្លាំង ដែល​ជា​គោលដៅ​នៃ​ការ​លើក​ជ្រោង​នីតិរដ្ឋ​ដែល​មិន​ក្លែងក្លាយ។

រដ្ឋាភិបាល​ថ្មី​ចម្រុះ​តែ​ប្រឈម​នឹង​ភាព​តានតឹង

ទោះជា​ជ័យជម្នះ​បាន​ទៅ​លើ​បក្ស​ប្រឆាំង​ក៏ដោយ តែ​សំឡេង​នៅ​ក្នុង​សភា​មិន​រឹងមាំ​ខ្លាំង​ពេក​ទេ។ រដ្ឋាភិបាល​ចម្រុះ​នេះ​អាច​ចេញ​រូបរាង​បាន​ដោយ​ត្រូវ​ឆ្លងកាត់​ការ​ចរចា​ជាមួយ​បក្ស​ដែល​កំពុង​កាន់​អំណាច។ ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​អាច​ត្រូវ​ប្រើ​ពេល​ច្រើន​សប្ដាហ៍ ឬ​ច្រើន​ខែ​ទៀត​ផង ដោយសារតែ​សំឡេង​ឆ្នោត​របស់​បក្ស​អភិរក្ស​និយម​មាន​សំឡេង​ច្រើន​សម​ល្មម​ដែល​គេ​ថា​មាន​តុល្យភាព​នៃ​ឥទ្ធិពល​ក្នុង​រដ្ឋសភា។

យោង​តាម​លទ្ធផល​នេះ អាច​នាំ​ឱ្យ​មាន​ភាព​ស្មុគស្មាញ​នៃ​អនាគត​នយោបាយ​ប៉ូឡូញ បើ​ប្រធានាធិបតី​បច្ចុប្បន្ន​ចង់​រាំង​ខ្ទប់​រដ្ឋាភិបាល​ថ្មី។ តែ​យ៉ាងណា ប្រទេស​នេះ​នឹង​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២៥ ដែល​លោក Andrzej Duda ពិត​ណាស់​នឹង​ប្រឈមមុខ​នឹង​ការ​បាត់បង់​ការ​គាំទ្រ ព្រោះ​លោក​ជា​ប្រធានាធិបតី​ក្នុង​អន្តរកាល​ដែល​បក្ស​អភិរក្ស​និយម​ដឹកនាំ​ដោយ​លោក​Jaroslaw Kaczynski ជា​បក្ស​ចាញ់​ឆ្នោត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស