ទំព័រប្រវត្តិសាស្ត្រនៃការបោះឆ្នោតរបស់ប្រទេសប្រជាធិបតេយ្យធំមួយនៅអឺរ៉ុបខាងកើត ដែលធ្លាក់ក្នុងដៃក្រុមបក្សអភិរក្សនិយម បានបើកថ្មីហើយ គឺនៅប្រទេសប៉ូឡូញ។
កាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា ប្រទេសអតីតកុម្មុយនីស្តមួយនេះបានធ្វើការបោះឆ្នោតសភាអាណត្តិថ្មីទៀត ដែលលទ្ធផលបង្ហាញថា កម្លាំងបក្សប្រឆាំងរួបរួមបីបក្ស បានឈ្នះឆ្នោត ដែលជាការបំបែកអំណាចរបស់បក្សអភិរក្សនិយមបានកាន់អំណាច ៨ឆ្នាំមកនេះ ហើយបក្សនេះដឹកនាំដោយលោក Jaroslaw Kaczynski។
ជ័យជម្នះបានមកពីកម្លាំងរួបរួម
យោងតាមលទ្ធផលនៃការបោះឆ្នោត ក្រុមបក្សប្រឆាំងចំនួន ៣ ដែលបានចងសម្ព័ន្ធភាពជាមួយគ្នា ឈ្នះការបោះឆ្នោត។ បក្សទាំង ៣ នេះ មានបក្សវេទិកាប្រជាជន បក្សប្រជាជនប៉ូឡូញ និងបក្សជឿនលឿន។
បក្សទាំង ៣ នេះ បានប្រមូលសំឡេងឆ្នោតរួមគ្នាបានច្រើនជាងបក្សកំពុងកាន់អំណាច ដោយទទួលបានអាសនៈសភា ២៤៨ ក្នុងអាសនៈសរុប ៤៦០ ដែលបក្សកំពុងកាន់អំណាចបាន ២០០អាសនៈ។ នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន BBC។
ជ័យជម្នះរបស់បក្សប្រឆាំងទាំង ៣ នេះ គឺជាការវាយសំពងបក្សកាន់អំណាចនៃបក្សអភិរក្សនិយម ហើយឆ្ពោះទៅរកការពិនិត្យឡើងវិញនូវគោលនយោបាយក្នុងនាមជាសមាជិកសហភាពអឺរ៉ុប ដែលក្រុមប្រឆាំងបានរិះគន់បក្សកាន់អំណាចថា កាន់តែដើរឃ្លាតឆ្ងាយពីកម្លាំងសាមគ្គីរបស់សហគមន៍អឺរ៉ុបមួយដ៏ធំនេះហើយ ចេះតែធ្វើឱ្យប្រេះស្រាប់ជាមួយនឹងប្រទេសអ៊ុយក្រែន។
ការបោះឆ្នោតនៅប៉ូឡូញ គឺជាសមរភូមិមនោគមន៍វិជ្ជា
ការបោះឆ្នោតនេះ វាមានសារសំខាន់ជាងការប្រកួតប្រជែងដើម្បីកាន់អំណាចទៅទៀត គឺជាការប៉ះទង្គិចគ្នាទៅលើទស្សនៈ និងមនោគមន៍វិជ្ជានៃសង្គមប៉ូឡូញ ពោលគឺនីតិរដ្ឋ និងយុត្តិធម៌ក្នុងរយៈពេល ៨ឆ្នាំនៃអំណាចក្នុងដៃរបស់បក្សអភិរក្សនិយម ដែលភាគច្រើនគេថាមានការបែកបាក់ជាតិ និងការបែងចែកនិន្នាការនយោបាយកាន់តែខ្លាំង ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋក្លាយជាឧបករណ៍របស់បក្សកាន់អំណាច ការរឹតបន្តឹងអំពីសិទ្ធិពន្លូតកូន និងការស្រឡាញ់ភេទដូចគ្នា រួមទាំងទៅលើជនចំណាកស្រុក និងជនភៀសខ្លួន។
រដ្ឋាភិបាលនៃបក្សអភិរក្សនិយមដឹកនាំដោយលោក Jaroslaw Kaczynski ត្រូវបានគេសម្លឹងឃើញថាមានទំនោរកាន់តែប្រឆាំងនឹងអឺរ៉ុប។
កត្តាទាំងនេះ បាននាំឱ្យក្រុមប្រឆាំងបានសន្យាកែទម្រង់ឡើងវិញក្នុងគោលដៅស្ដារនីតិរដ្ឋមួយដែលល្អ ជាមួយនឹងការកែលំអកាន់តែប្រសើរឡើងក្នុងឋានៈប៉ូឡូញជាសមាជិកដ៏សកម្មមួយរបស់សហភាពអឺរ៉ុប។
ការបោះឆ្នោតដើម្បីពង្រឹងប្រជាធិបតេយ្យ
ការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ ទី១៥ តុលា មានអត្រាអ្នកចូលរួមបោះឆ្នោតដល់ទៅ ៧២,៩%។ ជាអត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រជាធិបតេយ្យប៉ូឡូញ គឺមានអត្រាអ្នកចេញទៅបោះឆ្នោតច្រើនជាងការបោះឆ្នោតលើកដំបូងនៅក្រោយការដួលរលំរបបកុម្មុយនីស្តសហភាពសូវៀត នៅឆ្នាំ១៩៩១។
ទោះជាចូលដល់ពេលយប់ជ្រៅម៉ោង ៩យប់ក៏ដោយ ក៏មណ្ឌលបោះឆ្នោតខ្លះនៅបន្តឱ្យអ្នកបោះឆ្នោតចូលមកបោះឆ្នោត។ អ្នកបោះឆ្នោតមកឈររង់ចាំចូលទៅបោះឆ្នោតទាំងយប់ជ្រៅដោយមានសណ្ដាប់ធ្នាប់។ នេះស្តែងឲ្យឃើញអំពីឆន្ទៈរបស់ប្រជាជនប៉ូឡូញ ក្នុងការប្រើសិទ្ធិរបស់ខ្លួន ដើម្បីប្រទេសជាតិខ្លួនឯង ជាជាងរង់ចាំអ្នកនយោបាយដើរទិញសន្លឹកឆ្នោតទើបចេញទៅបោះឆ្នោត។
ការបោះឆ្នោតនេះ ប្រៀបបាននឹងរូបភាពថ្មីមួយនៃដំណើរការប្រជាធិបតេយ្យនៅប្រទេសអឺរ៉ុបខាងកើតមួយនេះ។ ច្បាប់ និងយុត្តិធម៌ត្រូវដើរឱ្យស្របគ្នា ហើយត្រូវមានតុល្យភាពនឹងគ្នានៃអំណាចទាំង៣ របស់រដ្ឋ គឺអំណាចនីតិប្រតិបត្តិ អំណាចនីតិប្បញ្ញតិ និងប្រព័ន្ធតុលាការ ដែលស្ថាប័នទាំង ៣ នេះ ជាយន្តការពង្រឹងប្រជាធិបតេយ្យឱ្យកាន់តែប្រសើរឡើង។ មូលនិធិរាប់ពាន់លានដុល្លារជាកញ្ចប់រួមរបស់សហភាពអឺរ៉ុប គឺជាសេចក្ដីត្រូវការរបស់រដ្ឋាភិបាលថ្មីដែលត្រូវរង់ចាំ។ ជ័យជម្នះរបស់បក្សប្រឆាំង អាចត្រូវគេមើលឃើញអ្នកបោះឆ្នោតត្រូវការប្រជាធិបតេយ្យមួយមានកម្លាំងខ្លាំង ដែលជាគោលដៅនៃការលើកជ្រោងនីតិរដ្ឋដែលមិនក្លែងក្លាយ។
រដ្ឋាភិបាលថ្មីចម្រុះតែប្រឈមនឹងភាពតានតឹង
ទោះជាជ័យជម្នះបានទៅលើបក្សប្រឆាំងក៏ដោយ តែសំឡេងនៅក្នុងសភាមិនរឹងមាំខ្លាំងពេកទេ។ រដ្ឋាភិបាលចម្រុះនេះអាចចេញរូបរាងបានដោយត្រូវឆ្លងកាត់ការចរចាជាមួយបក្សដែលកំពុងកាន់អំណាច។ ការបង្កើតរដ្ឋាភិបាលចម្រុះអាចត្រូវប្រើពេលច្រើនសប្ដាហ៍ ឬច្រើនខែទៀតផង ដោយសារតែសំឡេងឆ្នោតរបស់បក្សអភិរក្សនិយមមានសំឡេងច្រើនសមល្មមដែលគេថាមានតុល្យភាពនៃឥទ្ធិពលក្នុងរដ្ឋសភា។
យោងតាមលទ្ធផលនេះ អាចនាំឱ្យមានភាពស្មុគស្មាញនៃអនាគតនយោបាយប៉ូឡូញ បើប្រធានាធិបតីបច្ចុប្បន្នចង់រាំងខ្ទប់រដ្ឋាភិបាលថ្មី។ តែយ៉ាងណា ប្រទេសនេះនឹងបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៥ ដែលលោក Andrzej Duda ពិតណាស់នឹងប្រឈមមុខនឹងការបាត់បង់ការគាំទ្រ ព្រោះលោកជាប្រធានាធិបតីក្នុងអន្តរកាលដែលបក្សអភិរក្សនិយមដឹកនាំដោយលោកJaroslaw Kaczynski ជាបក្សចាញ់ឆ្នោត៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

