31 C
Phnom Penh

អ្នកវិភាគ៖ មេដឹកនាំ​វៀតណាម-ចិន សុទ្ធតែ​សង្ស័យ​អំពី​ភាព​ស្មោះត្រង់​របស់​លោក ហ៊ុន ម៉ាណែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​លើកឡើង​ថា ទាំង​មេដឹកនាំ​វៀតណាម ទាំង​មេដឹកនាំ​ចិន សុទ្ធតែ​កំពុង​សង្ស័យ​អំពី​ភាព​ស្មោះត្រង់​របស់​លោក ហ៊ុន ម៉ាណែត ចំពោះ​ពួកគេ​ដូច​គ្នា ព្រោះ​ថា​ទំនាក់ទំនង​នយោបាយ​រវាង​កម្ពុជា-វៀតណាម និង​កម្ពុជា-ចិន លោក ហ៊ុន ម៉ាណែត ត្រូវតែ​បិទបាំង​ទាំង​សងខាង ត្បិត​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន និង​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម បាន​ប្រកាន់​គោល​ជំហរ​នយោបាយ​បញ្ច្រាស​ទិស​គ្នា​ទាំងស្រុង។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ តុលា នេះ​ថា នៅ​លើ​ឆាក​ជាតិ និង​ឆាក​អន្តរជាតិ លោក ហ៊ុន ម៉ាណែត ត្រូវ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ខ្លួន​គ្រប់គ្រង ជួយ​កុហក​ពលរដ្ឋ​ថា គាត់​កំពុង​ទទួល​បាន​ជោគជ័យ​លើ​កិច្ចការ​ទំនាក់ទំនង​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​យ៉ាង​ខ្លាំង ដោយ​បង្ហាញ​ពី​វត្តមាន​មេដឹកនាំ​ចិន លោក ស៊ី ជីនពីង ស្និទ្ធស្នាល​នឹង​ខ្លួន ព្រមទាំង​បង្ហាញ​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន ជាដើម។

លោក គឹម សុខ លើកឡើង​ថា នៅ​ពីក្រោយ​ឆាក លោក ហ៊ុន ម៉ាណែត កំពុង​ប្រឈម​នឹង​ចារកម្ម​យោធា​របស់​វៀតណាម ផង និង​កម្លាំង​ពង្រីក​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​របស់​ចិន ផង ដូច្នេះ​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេដឹកនាំ​ទើប​នឹង​ឡើង​កាន់​អំណាច​តាម​ជើងខោ​ឪពុក​នេះ មិន​អាច​បម្រើ​ចៅហ្វាយ​ពោរពេញ​ដោយ​មហិច្ឆតា​ធំៗ​ទាំង​ពីរ​ដែល​មាន​ទិសដៅ​នយោបាយ​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ​បាន​ទេ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​ព្រមាន​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​ដឹកនាំ​នយោបាយ​បម្រើ​ចៅហ្វាយ​កុម្មុយនីស្ត​ដែល​មាន​មហិច្ឆតា​កេង​ចំណេញ​ផល​ប្រយោជន៍​ពី​កម្ពុជា​ដូច​សព្វថ្ងៃ​នេះ រដ្ឋាភិបាល​ថ្មី​ក្បាល​ធំ​របស់​លោក ហ៊ុន ម៉ាណែត មួយ​នេះ ច្បាស់​ជា​ចៀស​មិន​ផុត​ពី​ការ​ដួល​រលំ​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ថ្មី និង​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​របស់​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​វៀតណាម​ជា​បន្តបន្ទាប់​កាលពី​ពេល​ថ្មីៗ​នេះ ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា កម្ពុជា​កំពុង​សាង​មិត្តភាព​ដែកថែប​ជាមួយ​ចិន​កាន់តែ​ស៊ីជម្រៅ​ទៅ​ហើយ​នោះ។

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​ការងារ​លើ​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម លោក វ៉ វ៉ាន់ ធឿង (VO Van Thuong) អំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​នៅ​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ នៅ​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២៣ នេះ។

ការ​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម នេះ ធ្វើឡើង​មួយ​ថ្ងៃ​ក្រោយពី​ជំនួប​រវាង​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​លោក វង្ស ពិសេន បាន​ជួប​ពិភាក្សា​ការងារ​ដើម្បី​បង្កើន​ភាព​ជិតស្និទ្ធ និង​បន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង​ជា​ប្រពៃណី​រវាង​ប្រទេស និង​កងទ័ព​ទាំង​ពីរ អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២៣ នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចំណង​មិត្តភាព​កម្ពុជា និង​វៀតណាម បច្ចុប្បន្ន​នេះ គឺ​មាន​ផល​ចំណេញ​សម្រាប់​ប្រទេស​វៀតណាម​តែ​មួយ​គត់។ ជាក់ស្តែង ចាប់ពី​កងទ័ព​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨៥ មក កម្ពុជា​បាន​បាត់បង់​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ទៅ​ប្រទេស​វៀតណាម​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​គឺ​ព្រៃឈើ និង​ដីធ្លី​រាប់​សិប​ម៉ឺន​ហិកតារ​ដែល​ក្រុមហ៊ុន​វៀតណាម​ទទួល​បាន​សិទ្ធិ​កាន់កាប់​ពី​រដ្ឋាភិបាល​កម្ពុជា​រាប់​សិប​ឆ្នាំ​សព្វថ្ងៃ​នេះ។

លោក ម៉ែន ណាត លើកឡើង​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ លោក ហ៊ុន សែន បាន​ងាក​ទៅ​រក​មហាមិត្ត​ចិន ជា​ខ្នងបង្អែក​របស់​ខ្លួន​វិញ​ក្នុង​បំណង​ឱ្យ​ជួយ​គាំទ្រ​ដល់​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​កាន់​អំណាច​បន្ត​ពី​ខ្លួន ប៉ុន្តែ​ទំនាក់ទំនង​នេះ​ក៏​មិន​ខុស​ពី​ទំនាក់ទំនង​រវាង​លោក ហ៊ុន សែន និង​វៀតណាម​កន្លង​មក​ដែរ គឺ​កម្ពុជា​ត្រូវតែ​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​ចិន ដូច​ដែល​កម្ពុជា​ធ្លាប់​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​វៀតណាម ដូច្នេះ​ដែរ។

លោក​បញ្ជាក់​ថា អ្វី​ដែល​ចិន​ត្រូវការ​ពី​កម្ពុជា គឺ​កម្ពុជា​ត្រូវតែ​ធ្វើ​ជា​កូនអុក​សម្រាប់​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ឱ្យ​ខ្លួន ដើម្បី​ទប់ទល់​នឹង​សហរដ្ឋ​អាមេរិក ដូច្នេះ​ហើយ​បាន​ជា​ចិន​ផ្តល់​ការ​ធ្វើ​ទំនើបកម្ម​កសាង​មូលដ្ឋាន​ជើងទឹក​រាម​ដល់​កម្ពុជា​នៅ​ពេលនេះ។

លោក​បន្ថែម​ថា ករណីនេះ​កម្ពុជា​មិន​ទទួល​បាន​ផល​ចំណេញ​ដល់​ខ្លួន​ទេ គឺ​មាន​តែ​ខាតបង់​ប៉ុណ្ណោះ។ លើស​ពី​នេះ គឺ​មាន​តែ​នាំ​ភ្លើង​សង្គ្រាម​ចូល​មក​ក្នុង​ប្រទេស​របស់​ខ្លួន​ថែម​ទៀត។

ចំណែក​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​ថា បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​សម័យ​ថ្មី​ដែល​បន្ត​វេន​ពី​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ នឹង​ខិតខំ​ប្រែ​ក្លាយ​កម្ពុជា វៀតណាម និង​ឡាវ ឱ្យ​ទៅ​ជា​ប្រទេស​តែ​មួយ ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​នា​ពេល​អនាគត។

លោក អ៊ុំ សំអាន លើកឡើង​ជា​ការ​ប្រៀបធៀប​ថា ស្លឹកឈើ​ពិត​ជា​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​មែន ដែល​លោក​ចង់​មាន​ន័យ​ថា លោក ហ៊ុន ម៉ាណែត ដែល​បាន​បន្ត​កាន់​អំណាច​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក និង​ជា​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា​ឱ្យ​ចំណុះ​ប្រទេស​វៀតណាម មិន​ខុស​ពី​លោក ហ៊ុន សែន ដែល​បាន​អនុវត្ត​នា​ពេល​កន្លង​មក​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស