នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតែលអាវីវ នៃប្រទេសអ៊ីស្រាអែល របស់លោក ចូ បៃដិន កាលពីថ្ងៃពុធ ទី១៨ តុលា គឺជាការបង្ហាញសាមគ្គីភាពរបស់សហរដ្ឋអាមេរិកជាមួយអ៊ីស្រាអែល កំពុងធ្វើសង្គ្រាមបោសសម្អាតពួកសកម្មប្រយុទ្ធហាម៉ាស-ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។
លោកប្រធានាធិបតី ចូ បៃដិន បង្ហាញជំហរគាំទ្រដ៏ឥតងាករេរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតនៅមជ្ឈិមបូព៌ា ខណៈប្រទេសនេះរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយក្រុមហាម៉ាស នៅក្នុងដែនដីហ្កាហ្សា ដែលបានបាញ់គ្រាប់រ៉ុក្កែតប្រមាណជា ៥ពាន់គ្រាប់ចូលទឹកដីអ៊ីស្រាអែល បណ្ដាលឱ្យប្រជាជនអ៊ីស្រាអែលប្រហែល ១៤០០នាក់ស្លាប់ និងរបួសរាប់ពាន់នាក់កាលពីថ្ងៃទី៧ តុលា។
នៅក្នុងដំណើរទស្សនកិច្ចនៅទីក្រុងតែលអាវីវ ជាទីដែលលោកបានជួបពិភាក្សាផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ លោក ចូ បៃដិន បានបង្ហាញជំហរគាំទ្រការវាយកម្ទេចពួកហាម៉ាស បើទោះអ៊ីស្រាអែលរងការចោទប្រកាន់ពីក្រុមប្រទេសអារ៉ាប់ ថានៅក្រោយហេតុការណ៍វាយប្រហារលើមន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុងហ្កាហ្សា ដែលបានសម្លាប់មនុស្សជិត ៥០០នាក់ក៏ដោយនោះ។
លោក បៃដិន យល់ស្របជាមួយអ៊ីស្រាអែល ដែលថាការបាញ់បំផ្លាញមន្ទីរពេទ្យ Ahli Arab កាលពីយប់ថ្ងៃអង្គារ តាមពិតគឺជាស្នាដៃរបស់ពួកជីហាតអ៊ីស្លាម នៅហ្កាហ្សា។ លោក ចូ បៃដិន បានអះអាងថា ដោយផ្អែកទៅលើព័ត៌មានទទួលបានពីមន្ទីរប៉ុងតាហ្គូន គឺមន្ទីរពេទ្យ Ahli Arab ក្នុងដែនដីហ្កាហ្សា រងការវាយប្រហារដោយសារក្រុមជីហាត បាញ់គ្រាប់រ៉ុក្កែតខុសគោលដៅ ហើយក៏ធ្លាក់ទៅលើមន្ទីរពេទ្យនោះ។
លោក បៃដិន បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថា ក្រុងវ៉ាស៊ីនតោននឹងផ្តល់ឱ្យអ៊ីស្រាអែលនូវអ្វីគ្រប់យ៉ាងដែលអ៊ីស្រាអែលត្រូវការដើម្បីការពារខ្លួន។
លោក បៃដិន បាននិយាយថា ក្រុមហាម៉ាស គឺអាក្រក់ជាងក្រុម ISIS ទៅទៀត។ ប្រធានាធិបតីអាមេរិកបាននិយាយថា លោកមានការសោកស្ដាយចំពោះការវាយប្រហារទៅលើមន្ទីរពេទ្យមួយកន្លែងក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ។
ចំណែកលោក នេតាន់យ៉ាហ៊ូ បានប្រាប់លោក បៃដិន ថា អ៊ីស្រាអែលនឹងព្យាយាមជៀសវាងការស្លាប់ និងរបួសជនស៊ីវិលនៅក្នុងសង្គ្រាមក្នុងដែនដីហ្កាហ្សា ដែលលោកថាការវាយប្រហារលើមន្ទីរពេទ្យនោះ គឺជាកលល្បិចរបស់ក្រុមហាម៉ាស។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាសម្ព័ន្ធមិត្តដែលខ្វះគ្នាមិនបានឡើយ។
នៅក្នុងជំនួបទ្វេភាគីកាលពីថ្ងៃពុធ ទី១៨ តុលា លោក ចូ បៃដិន បានបញ្ជាក់ប្រាប់ទៅលោកនាយករដ្ឋមន្ត្រី នេតាន់យ៉ាហ៊ូ ថា ពេលត្រឡប់ទៅអាមេរិកវិញ លោកនឹងសុំឲ្យសភាសហរដ្ឋអាមេរិកបោះឆ្នោតនូវកញ្ចប់ជំនួយយោធា ១០ពាន់លានដុល្លារតាមសំណើរបស់អ៊ីស្រាអែល។
ខណៈលោក ចូ បៃដិន កំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល តំណាងក្រុងវ៉ាស៊ីនតោនបានចេញមុខការពារអ៊ីស្រាអែល នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបោះឆ្នោតវេតូប្រឆាំងសេចក្តីសម្រេចដែលទាមទារឲ្យអ៊ីស្រាអែល ផ្អាកការវាយប្រហារលើដែនដីហ្កាហ្សា ដើម្បីបុព្វហេតុមនុស្សធម៌។
តំណាងសហរដ្ឋអាមេរិកបានលើកហេតុផលថា ការបោះឆ្នោតប្រឆាំង ព្រោះសេចក្តីស្នើដំណោះស្រាយដែលតំណាងរបស់រុស្ស៊ី បានស្នើឡើង វាមិនបានចែងពីសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល នោះទេ។
នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសង្គ្រាមនៃប្រទេសអ៊ីស្រាអែល ដែលត្រូវបង្កើតឡើងនៅក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ តុលា លោក ចូ បៃដិន បានទាមទារផងដែរឲ្យអ៊ីស្រាអែល បង្ហាញផែនការ និងភាពជាក់លាក់អំពីគោលដៅធ្វើសង្គ្រាមរបស់ខ្លួននៅហ្កាហ្សា។ លោកបានប្រាប់ថា លោកពិតជាគាំទ្រអ៊ីស្រាអែលសម្រេចបោសសម្អាតពួកហាម៉ាស តែសូមកុំវាយកាន់កាប់តំបន់នេះ។
តែបើតាមកាសែតរបស់អ៊ីស្រាអែល កងទ័ពរបស់ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ នឹងចាប់ផ្ដើមវាយលុកទ្រង់ទ្រាយធំដោយកងទ័ពថ្មើរជើងចូលដែនដីហ្កាហ្សា នៅពេលខាងមុខឆាប់ៗនេះ ហើយបើវាយកាន់កាប់បាន គឺអ៊ីស្រាអែល នឹងគ្រប់គ្រងដែនដីនេះរយៈពេលតែ ១៨ខែ ហើយដកទ័ពត្រឡប់មកវិញ។ ពួកមន្ត្រីអ៊ីស្រាអែលថា ធ្វើដូចនេះដើម្បីបោសសម្អាតពួកហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។ ការបោសសម្អាតពួកហាម៉ាស នេះ ត្រូវគេមើលឃើញថា ក្រោមហេតុផលកម្ទេចពួកភេរវករ។
តែសម្រាប់លោក ចូ បៃដិន បានបង្ហើបថា សហរដ្ឋអាមេរិកកំពុងបញ្ចុះបញ្ចូលអ៊ីស្រាអែល ឱ្យរកផ្លូវផ្សេងក្រៅពីការវាយប្រហារដោយទ័ពថ្មើរជើងចូលតំបន់ហ្កាហ្សា ព្រោះថាប្រតិបត្តិការសឹកជើងគោកទៅក្នុងទឹកដីហ្កាហ្សា អាចនាំទៅរកការបង្កមហន្តរាយសម្លាប់ជីវិតមនុស្សយ៉ាងសម្បើម ដែលក្រុងវ៉ាស៊ីនតោន បារម្ភពីការបង្ករាលដាលទៅជាសង្គ្រាមតំបន់។ ដូចនេះហើយ មើលទៅបានជាសហរដ្ឋអាមេរិក និងពួកបស្ចិមប្រទេស ព្រមានអ៊ីរ៉ង់ កុំចូលពាក់ព័ន្ធក្នុងសង្គ្រាមអ៊ីស្រាអែល និងពួកហាម៉ាស-ប៉ាឡេស្ទីន ឱ្យសោះ ដែលអាមេរិកប្រកាសថាកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា បានត្រៀមរួចហើយដើម្បីជួយកងទ័ពអ៊ីស្រាអែល បើសង្គ្រាមនេះត្រូវអ៊ីរ៉ង់ ចូលពាក់ព័ន្ធ។
អ៊ីរ៉ង់ជាប្រទេសតែមួយគត់នៅមជ្ឈិមបូព៌ា ដែលពួកបស្ចិមប្រទេសចោទថាជាអ្នកនៅពីក្រោយការវាយប្រហាររបស់ពួកហាម៉ាស-ប៉ាឡេស្ទីន ដែលបាញ់រ៉ុក្កែត ៥ពាន់គ្រាប់ចូលដែនដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ តុលា តែអ៊ីរ៉ង់ បានបដិសេធដោយអះអាងថាខ្លួនមិនជាប់ពាក់ព័ន្ធឡើយ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

