32 C
Phnom Penh

ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​លោក ឈឿង ចាន់ធឿន ជា​ប្រធាន​ស្ដីទី​គណបក្ស​ខ្មែរ​ក្រោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ ប្រកាស​ទទួលស្គាល់​លោក ឈឿង ចាន់ធឿន ជា​ប្រធាន​ស្ដីទី​គណបក្ស​ខ្មែរ​ក្រោក ប៉ុន្តែ​ស្នើ​ឱ្យ​គណបក្ស​នេះ​ត្រូវ​ជ្រើសរើស​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​ឱ្យ​ស្រប​តាម​រចនាសម្ព័ន្ធ​កំណត់​ក្នុង​លក្ខន្តិកៈ​របស់​គណបក្ស ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ និង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​កំណត់។

លិខិត​របស់​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចុះ​កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ ដែល​ទើប​តែ​ផ្សព្វផ្សាយ​ជា​សាធារណៈ បាន​ឲ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ​ប្រកាស​ទទួលស្គាល់​លោក ឈឿង ចាន់ធឿន ជា​ប្រធាន​ស្ដីទី​គណបក្ស​ខ្មែរ​ក្រោក បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​នេះ​បាន​សម្រេច​នា​ពេល​កន្លង​ទៅ។

លិខិត​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា បាន​ឱ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ​បាន​ពិនិត្យ និង​សម្រេច​ទទួលស្គាល់​នូវ​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ខ្មែរ​ក្រោក ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២៣ ដែល​បាន​សម្រេច​ជ្រើសតាំង​លោក ឈឿង ចាន់ធឿន ជា​ប្រធាន​គណបក្ស​ស្តីទី។

លិខិត​ដដែល​បាន​បញ្ជាក់​ថា ការ​ទទួលស្គាល់​លោក ឈឿង ចាន់ធឿន ជា​ប្រធាន​ស្ដីទី​គណបក្ស​ខ្មែរ​ក្រោក គឺ​ដោយសារ​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​នេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​តាមរយៈ​សាលក្រម​លេខ​៥៧៤ “ថ” ក្រ​៦ ចុះ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២ លើ​សំណុំរឿង​ព្រហ្មទណ្ឌ​កាលពី​ឆ្នាំ​២០២១។

លិខិត​ដដែល​ថា គណបក្ស​ខ្មែរ​ក្រោក​ត្រូវ​ជ្រើសរើស​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​ឱ្យ​ស្រប​តាម​រចនាសម្ព័ន្ធ​កំណត់​ក្នុង​លក្ខន្តិកៈ​របស់​គណបក្ស ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ និង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​កំណត់។

គណបក្ស​ខ្មែរ​ក្រោក ហាក់​មាន​ជម្លោះ​ផ្ទៃក្នុង​បក្ស​រហូត​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីល្លាម ហ្គ័ង ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ បាន​ចោទ​លោក ឈឿង ចាន់ធឿន ថា​កំពុង​ធ្វើ​បក្ស​ប្រហារ។ លោក វីល្លាម ហ្គ័ង អះអាង​ពី​ក្នុង​ពន្ធនាគារ​ថា ប្រធាន​ស្ដីទី​គណបក្ស​ខ្មែរ​ក្រោក បច្ចុប្បន្ន​គឺ​លោក មាស សុភ័ក្ត្រ ដែល​លោក​បាន​ចុះហត្ថលេខា​ប្រគល់​សិទ្ធិ​ឱ្យ​ដឹកនាំ​គណបក្ស។

ការ​លើកឡើង​នេះ បន្ទាប់ពី​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang កាលពី​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២៣ និយាយ​ជា​សារ​សំឡេង​ជិត ៤​នាទី​ចេញពី​ពន្ធនាគារ ផ្ញើ​ទៅ​សមាជិក​សមាជិកា​របស់​ខ្លួន​ជុំវិញ​រឿង​ទំនាស់​ផ្ទៃក្នុង​នៅ​គណបក្ស​ខ្មែរ​ក្រោក។

សារ​សំឡេង​នោះ លោក​ក៏​បាន​ទម្លាយ​ឈ្មោះ​បុគ្គល​ម្នាក់​ដែល​កំពុង​ដឹកនាំ​គណបក្ស​ខ្មែរ​ក្រោក​ថា​បាន​កិបកេង​ថវិកា​រដ្ឋ​អំឡុង​ពេល​បំពេញ​ការងារ​នៅ​លេខាធិការ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ផង​ដែរ។

កាលពី​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ប្រកាស​ប្ដឹង​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ករណី​ដែល​លួច​ប្រើ​ទូរសព្ទ និង​បញ្ចេញ​សារ​នយោបាយ​ពី​ក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២៣ លើ​បណ្ដាញ​សង្គម TikTok។

ក្រៅពី​ប្ដឹង​ហើយ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ថា​ខ្លួន​នឹង​ដាក់​ពិន័យ​លើ​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែល​ជា​ប្រធាន​ស្តីទី​គណបក្ស​ខ្មែរ​ក្រោក ឲ្យ​នៅ​ក្នុង​បន្ទប់​ដាក់​វិន័យ ដោយ​ហាម​ប្រើប្រាស់​ទូរសព្ទ​អចល័ត និង​មិន​អនុញ្ញាត​ឲ្យ​ជួប​សួរ​សុខទុក្ខ​ជាមួយ​ញាតិមិត្ត​ខាងក្រៅ​រយៈពេល ២​សប្ដាហ៍។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang និង​បក្ខពួក ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប និង​ឃាត់​ខ្លួន​បន្ទាប់ពី​ប្លន់​ផ្ទះ​ឧកញ៉ា អ៊ាន សៀវម៉ី កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១។

នៅ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang និង​បក្ខពួក​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៦​ទៅ ៩​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​ប្លន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស