សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស-ប៉ាឡេស្ទីន បានឈានចូលដល់ថ្ងៃទី១៧ហើយ។ សេចក្ដីរាយការណ៍សារព័ត៌មាន The Times of Israel បានឱ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមសកម្មប្រយុទ្ធក្នុងប្រទេសស៊ីរី លីបង់ និងប្រទេសយេមែន ដែលគេថាអ៊ីរ៉ង់ នៅពីក្រោយ បានធ្វើការវាយប្រហារដោយបាញ់មីស៊ីលទៅលើដែនដីអ៊ីស្រាអែល។
សម្រាប់អ៊ីរ៉ង់ មិនត្រឹមតែរងនូវការចោទថាជាអ្នកនៅពីក្រោយក្រុមសកម្មប្រយុទ្ធនៃប្រទេស ៣ នេះទេ គឺជាអ្នកគាំទ្រពួកហាម៉ាស-ប៉ាឡេស្ទីន ខ្លាំងជាងគេ។
អ្នកជំនាញខាងកិច្ចការសង្គ្រាម បានហៅស្ថានភាពសង្គ្រាមនៅពេលនេះកាន់តែរាលដាល ព្រោះប្រទេសដទៃទៀតចូលពាក់ព័ន្ធ ខណៈអ៊ីស្រាអែល មិនបានបន្តបើកដៃឱ្យប្រទេសទាំងនោះវាយប្រហារងាយៗនោះទេ។ នៅពេលដែលគ្រាប់មីស៊ីល ឬគ្រាប់រ៉ុក្កែតនៃ ៣ប្រទេសនេះវាយប្រហារ គឺអ៊ីស្រាអែលត្រូវតែវាយបកវិញ រហូតបញ្ជូនរថក្រោះទៅដាក់ពង្រាយគំរាមវាយប្រហារចូលប្រទេសទាំងនោះផងដែរ ជាពិសេសគឺប្រទេសលីបង់ ដែលមានព្រំដែនជាប់នឹងប្រទេសអ៊ីស្រាអែល។
អ្នកជំនាញមើលឃើញថា សង្គ្រាមអ៊ីស្រាអែល និងប៉ាឡេស្ទីន អាចកាន់តែរាលដាលខ្លាំងឡើងថែមទៀត ខណៈអ៊ីស្រាអែលនៅតែបន្តវាយប្រហារលើតំបន់ Gaza កាន់តែសន្ធប់ ហើយជាពិសេសអ៊ីស្រាអែល បើកការវាយលុកទ័ពជើងគោកដើម្បីកាន់កាប់តំបន់ Gaza ក្នុងគោលដៅបោសសម្អាតពួកសកម្មប្រយុទ្ធហាម៉ាស។
ក្រុមសកម្មប្រយុទ្ធ Hezbollah ក្នុងប្រទេសលីបង់ តែងតែបាញ់គ្រាប់រ៉ុក្កែតមកលើប្រទេសអ៊ីស្រាអែល បណ្តាលឱ្យស្លាប់ និងរបួសកងទ័ពអ៊ីស្រាអែលទៀតផង។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានព្រមានក្រុម Hezbollah ថាក្រុមសកម្មប្រយុទ្ធក្នុងប្រទេសលីបង់ មួយនេះចង់ចាប់ផ្តើមសង្គ្រាមជាមួយអ៊ីស្រាអែល គឺជាការបង្កើតកំហុស ហើយចំពោះអ៊ីស្រាអែល នឹងវាយលុកចូលលីបង់ បើគ្រាប់រ៉ុក្កែតរបស់ពួក Hezbollah នៅបន្តវាយប្រហារមកលើអ៊ីស្រាអែល។
ការព្រមានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានធ្វើកាលពីថ្ងៃទី២២ តុលា ក្នុងពេលលោកបានចុះទៅសួរសុខទុក្ខកងទ័ពរបស់លោកនៅតាមព្រំដែនអ៊ីស្រាអែល ជាប់នឹងលីបង់ ហើយតំបន់ដែលលោកបានចុះធ្វើទស្សនកិច្ចនោះ គឺជាទឹកដីមួយដែលមានការវាយប្រហារបាញ់ផ្លោងដាក់គ្នាទៅវិញទៅមករវាងអ៊ីស្រាអែល និងក្រុម Hezbollah ដែលនាំឱ្យមានក្តីបារម្ភថា សង្គ្រាមនឹងរាលដាលកាន់តែធំឡើង។
លោក Netanyahu ព្រមានថា អ៊ីស្រាអែលនឹងធ្វើការវាយប្រហារដោយកម្លាំងតបតយ៉ាងសន្ធប់លើពួក Hezbollah។
សង្គ្រាមអ៊ីស្រាអែល វាយលើពួកហាម៉ាស–ប៉ាឡេស្ទីន គឺជាសង្គ្រាមសងសឹករបស់អ៊ីស្រាអែល
សង្គ្រាមដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានឈានចូលដល់ថ្ងៃទី១៧ហើយគិតត្រឹមថ្ងៃទី២៣ ខែតុលា នេះ។ ក្រៅពីប្រជាជនអ៊ីស្រាអែល ដែលបានស្លាប់ជាង ១៤០០នាក់ គឺប្រជាជនប៉ាឡេស្ទីន នៅហ្កាហ្សា បានស្លាប់រហូតដល់ជាង ៥ពាន់នាក់ ហើយរបួសជាង ១ម៉ឺន ៥ពាន់នាក់។
ការត្រៀមវាយលុកដោយទ័ពថ្មើរជើង ត្រូវគេរំពឹងថានឹងអាចចាប់ផ្តើមនាពេលខាងមុខនេះ បើទោះបីជាមានការព្រមានពីប្រទេសលីបង់ និងពីប្រទេសអ៊ីរ៉ង់ ក៏ដោយ។ តែនាពេលនេះ ប្រជាជនប៉ាឡេស្ទីន បានទទួលការព្រមានសាជាថ្មីថែមទៀតពីទ័ពអ៊ីស្រាអែល ដែលត្រៀមវាយលុកជាមួយការប្រាប់ថា ប្រជាជនប៉ាឡេស្ទីន ត្រូវតែនាំគ្នាធ្វើដំណើរចាកចេញពីភាគខាងជើងតំបន់ Gaza ហើយទៅកាន់ភាគខាងត្បូងវិញ។
កាលពីចុងសប្តាហ៍កន្លងមកនេះ ដើម្បីស្វែងរកសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ា កិច្ចប្រជុំកំពូលមួយត្រូវបានរៀបចំធ្វើនៅក្នុងប្រទេសអេហ្ស៊ីប ដោយមានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស ផងដែរ។
កិច្ចប្រជុំនោះ បានពិភាក្សារិះរកមធ្យោបាយដើម្បីការផ្តល់ជំនួយ ការបន្ធូរបន្ថយភាពតានតឹងក្នុងមជ្ឈិមបូព៌ា ខណៈដែលបណ្តារដ្ឋក្នុងពិភពអារ៉ាប់បានអំពាវនាវឱ្យអ៊ីស្រាអែល ត្រូវបញ្ចប់ការវាយប្រហារលើតំបន់ហ្កាហ្សា ប៉ុន្តែការអំពាវនាវនោះត្រូវបានអ៊ីស្រាអែល ច្រានចោល។
តំណាងប្រទេសចំនួន ១៥ បានចូលរួមកិច្ចប្រជុំនោះ ហើយក្នុងនោះមានចិន និងរុស្ស៊ី ផងដែរ តែពុំមានអ៊ីរ៉ង់ និងអ៊ីស្រាអែល ទេ។ អ្នកចូលរួមស្នើឲ្យអ៊ីស្រាអែល លុបផែនការវាយកាន់កាប់តំបន់ហ្កាហ្សា តែអ៊ីស្រាអែល បដិសេធ។
ខណៈប្រទេសក្នុងពិភពអារ៉ាប់ រួមទាំងចិន និងរុស្ស៊ី ជាប្រទេសក្រៅតំបន់ បានប្រឆាំងនឹងអ៊ីស្រាអែល ដែលមានផែនការលើកទ័ពលុកលុយតំបន់ហ្កាហ្សា តែចំពោះប្រទេសដែលគាំទ្រអ៊ីស្រាអែល វិញ រួមមានសហរដ្ឋអាមេរិក ប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងអង់គ្លេស បានបន្តបញ្ជាក់ការគាំទ្រចំពោះរដ្ឋាភិបាលអ៊ីស្រាអែល និងសិទ្ធិការការពារខ្លួនរបស់អ៊ីស្រាអែល ប៉ុន្តែប្រទេសទាំងនេះបានស្នើឱ្យអ៊ីស្រាអែល ត្រូវប្រកាន់នូវច្បាប់មនុស្សធម៌អន្តរជាតិ និងការពារជនស៊ីវិល។
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាក់ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល ដែលលោកថាអ៊ីស្រាអែលមានសិទ្ធិក្នុងការវាយការពារខ្លួនក្នុងសង្គ្រាមនេះ។
ប្រធានាធិបតីអាមេរិកបានថ្លែងថា រូបលោកនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានពិភាក្សានូវរបៀបរបបច្បាប់នៃការធ្វើសង្គ្រាម ដែលមានន័យថា គេត្រូវការពារប្រជាជនស៊ីវិលឱ្យអស់លទ្ធភាពក្នុងពេលដែលកងទ័ពអ៊ីស្រាអែលវាយចូលតំបន់ហ្កាហ្សា។
លោកបន្តថា គេមិនអាចធ្វើមិនដឹងមិនឮចំពោះប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ដែលចង់រស់នៅក្នុងតំបន់ហ្កាហ្សានោះឡើយ។
លោក ចូ បៃដិន បានថ្លែងថា ការបោសសម្អាតក្រុមភេរវកម្មដូចជាក្រុមហាម៉ាស គឺជារឿងចាំបាច់ តែលោកស្នើឱ្យអ៊ីស្រាអែល ត្រូវជៀសឱ្យផុតពីវាយប្រហារលើជនស៊ីវិល។
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ក្រុមអ្នកសារព័ត៌មានថា បទឈប់បាញ់ណាមួយនឹងផ្តល់ឱកាសឱ្យក្រុមហាម៉ាស អាចសម្រាកស្ដារកម្លាំងឡើងវិញ ហើយត្រៀមលក្ខណៈជាថ្មីដើម្បីបន្តការវាយប្រហារថ្មីថែមទៀតប្រឆាំងអ៊ីស្រាអែល។
លោកបន្តថា គេអាចយល់បានយ៉ាងច្បាស់ថា ស្ថានការណ៍មួយដែលមិនអាចអត់ទ្រាំបានសម្រាប់អ៊ីស្រាអែល គឺដូចគ្នាទៅនឹងប្រទេសដទៃទៀត ប្រសិនបើពួកគេទទួលរងការវាយប្រហារភេរវកម្មដ៏ឃោរឃៅដូចពួកហាម៉ាសវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ តុលា ហើយបន្តមើលឃើញការគំរាមកំហែងភេរវកម្មនោះនៅជាប់នឹងព្រំដែនប្រទេសរបស់ខ្លួន គឺដាច់ខាតមិនចង់ឃើញពួកនេះនៅក្បែរខ្លួនឡើយ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

