31 C
Phnom Penh

អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​ប្រមូលផ្ដុំ​គ្នា​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទប្រកាន់​ពី​តំណាង​​ពួកគេ​៩​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ ជាច្រើន​នាក់ បាន​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ ដើម្បី​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទប្រកាន់​តំណាង​របស់​ពួកគេ​ទាំង ៩​នាក់​ឲ្យ​មាន​សេរីភាព​វិញ ស្រប​ពេល​ដែល​តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ខាងមុខ។

ការ​នាំគ្នា​ឡើង​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ អំឡុង​ពេល​តុលាការ​ជាន់ខ្ពស់​នេះ​បើក​សវនាការ​បណ្ដឹង​សាទុក្ខ​តំណាង​សហគមន៍ ១៩៧​គ្រួសារ ចំនួន ៩​នាក់ ដែល​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣។

បន្ទាប់ពី​បើក​សវនាការ​សួរ​ដេញដោល​ពេញ​មួយ​ព្រឹក​នា​ថ្ងៃទី​២៦ ខែ​តុលា នេះ ចៅក្រម​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ លោក សួន សំណាង សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

អំឡុង​ពេល​តុលាការ​កំពុង​បើក​សវនាការ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​នាំគ្នា​ទៅ​ឃ្លាំមើល និង​លើក​បដា​ខាងមុខ​សាលា​ឧទ្ធរណ៍ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ​ជួយ​រក​យុត្តិធម៌​ឲ្យ​តំណាង​ពួកគេ ក៏ដូចជា​ពលរដ្ឋ​កំពុង​រងគ្រោះ​ដីធ្លី​រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ។

ក្រៅពី​ទាមទារ​នេះ ពួកគេ​ក៏​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ជួយ​អន្តរាគមន៍​ដោយ​ជំរុញ​ទៅ​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ ទម្លាក់​បទ​ចោទប្រកាន់​លើ​តំណាង​ពួកគេ​ទាំង ៩​នាក់​វិញ​ផង​ដែរ។

តំណាង​សហគមន៍​១៩៧​គ្រួសារ នៅ​ភូមិ​តានី ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ទាំង ៩​នាក់ ត្រូវ​តុលាការ​ខេត្ត​កោះកុង ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ និង​ប្រាក់​ផាក​ពិន័យ​រួម​គ្នា​ចំនួន ៤០​លាន​រៀល​កាល​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣ ពី​បទ «បរិហារ​បង្កាច់​កេរ្តិ៍ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» បន្ទាប់ពី​ពួកគេ​បន្ត​ចេញ​ទាមទារ​ដំណោះស្រាយ​ដីធ្លី​របស់​ខ្លួន​ដែល​ប្ដឹង​ដោយ​ឧកញ៉ា ហេង ហ៊ុយ។

តំណាង​សហគមន៍​១៩៧​គ្រួសារ អះអាង​ថា វិវាទ​ដីធ្លី​នៅ​ខេត្ត​កោះកុង ដែល​កើត​ឡើង​តាំងពី​ឆ្នាំ​២០០៧ មក​ដល់​ពេលនេះ មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ ខណៈ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ត្រូវ​ឧកញ៉ា ហេង ហ៊ុយ ប្ដឹង​ទៅ​តុលាការ​ឈាន​ដល់​ជាប់​ពន្ធនាគារ​ផង​ដែរ បើ​ទោះបីជា​ឧកញ៉ា ហេង ហ៊ុយ បាន​រំលោភ​យក​ដីធ្លី​ពួកគាត់​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស