29 C
Phnom Penh

បណ្ដាញ​សហគមន៍​ថា​ការ​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃឡង់​ធ្វើ​ជា​កម្មសិទ្ធិ​នៅតែ​បន្ត​កើត​ឡើង​ដដែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ អះអាង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​រាន​ទន្ទ្រាន​ដី​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ធ្វើ​ជា​កម្មសិទ្ធិ នៅ​តែ​បន្ត​កើតឡើង បើ​ទោះបីជា​រដ្ឋាភិបាល​ចេញ​វិធានការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ក៏ដោយ។

កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ រដ្ឋាភិបាល​បាន​កែប្រែ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ពី​ផ្ទៃដី​ទំហំ ៤៣១៦៨៣​ហិកតារ​ទៅ​ផ្ទៃដី​ទំហំ ៤៨៩៦៦៣​ហិកតារ​វិញ ដែល​មាន​ការ​កើន​ឡើង​ផ្ទៃដី​គ្រប់គ្រង​បន្ថែម​ចំនួន​ជាង ៥​ម៉ឺន​ហិកតារ (៥៧៩៨០​ហិកតារ)។

បើ​ទោះបីជា​ផ្ទៃដី​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​បាន​កើនឡើង​ក៏ដោយ ប៉ុន្តែ​សកម្មភាព​នៃ​ការ​បំផ្លាញ និង​ទន្ទ្រាន​យក​ដី នៅ​តែ​បន្ត​កើត​មាន​ឡើង​ដដែល។ ជាក់ស្ដែង ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ បណ្ដាញ​សហគមន៍​ព្រៃឡង់​ព្រះវិហារ ថា សហគមន៍​បាន​ប្រទះ​ឃើញ​ទីតាំង​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ចំនួន​ពីរ​ទីតាំង​ថ្មី​បន្ថែម​ទៀត។

ទីតាំង​មួយ​ដែល​ពួកគេ​ប្រទះ​ឃើញ​នោះ​នៅ​ចំណុច​ជ្រាប់ព្រាល ដែល​ការ​កាប់​បំផ្លាញ​ក្រោយពី​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ និង​ចំណុច​ទី​ពីរ នៅ​ភ្នំ​ចំបក់ក្អែក មាន​ការ​កាប់​ត្រាយ​ជា​តម្រុយ និង​ក្រៀវ​ដើមឈើ​ព័ទ្ធ​យក​ដី​ភ្នំ​បន្ថែម​លើ​ការ​កាប់​រាន​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២៣ ខណៈ​ចំណុច​អូរអាស្រង់ ដី​ព្រៃ​ចំនួន ១៥​ហិកតារ​ដែល​ត្រូវ​កាប់​ទន្ទ្រាន​កាលពី​ខែ​កញ្ញា កន្លង​ទៅ។

ពួកគេ​អះអាង​ថា សកម្មភាព​នៃ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​បរិស្ថាន បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ដោយ​ដាក់​ចេញ​វិធានការ​តឹងរ៉ឹង​ចំនួន ៤​ចំណុច ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ។

បណ្ដាញ​សហគមន៍​ព្រៃឡង់​ព្រះវិហារ បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​បណ្ដាញ​ព្រៃឡង់​រក​ឃើញ​បទល្មើស​ព្រៃឈើ​កើត​មាន​ក្នុង​ដែន​ជម្រក​សត្វព្រៃ ដែល​ជា​ដែន​អភិរក្ស​ដោយ​ក្រសួង​បរិស្ថាន។ ពួកគេ​ថា​បទល្មើស​នេះ​បន្ត​កើតឡើង​ដោយសារតែ​ក្រសួង​នៅ​រឹតត្បិត​បណ្ដាញ​សហគមន៍​ព្រៃឡង់ មិន​ឲ្យ​ចុះ​ល្បាត​ព្រៃឡង់​ចាប់តាំងពី​ចុង​ត្រីមាស​ទី​១ ក្នុង​ឆ្នាំ​២០១៩ មក​ម្ល៉េះ។

ចំពោះ​វិធានការ​ទាំង​ចំនួន ៤​ចំណុច​ដែល​ដាក់​ចេញ​ថ្មីៗ​នេះ ដោយ​ក្រសួង​អះអាង​ថា ក្នុង​ការ​កែប្រែ​ឥរិយាបថ​ស្ដារ​ស្ថានការណ៍ និង​ដាក់​ចេញ​យុទ្ធនាការ​កាត់បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក «ថ្ងៃ​នេះ​មិន​ប្រើ​ប្លាស្ទិក​ទេ»។

តែ​យ៉ាងណា​ក៏ដោយ យុទ្ធសាស្ត្រ វិធានការ និង​យុទ្ធនាការ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ទាំងនេះ វា​មិន​បាន​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​សាធារណជន​ក្នុង​ការ​ថែរក្សា​ការពារ​បរិស្ថាន ក្នុង​ការ​ចុះ​អនុវត្ត​ជាក់ស្ដែង​នោះ​ទេ ពីព្រោះ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សហគមន៍​ព្រៃឡង់ សហគមន៍​ព្រៃព្រះរការ សកម្មជន សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​មិន​ឲ្យ​ចុះ​ល្បាត​ការពារ​ពី​សំណាក់​រដ្ឋាភិបាល ក៏​នៅ​តែ​កើត​ឡើង​ដដែល។

មួយ​វិញ​ទៀត ថ្មីៗ​នេះ រដ្ឋាភិបាល​ក៏​មិន​អនុញ្ញាត​ឲ្យ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចេញ​ទៅ​ទទួល​ពានរង្វាន់​សកល (Right Livelihood Award) ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ពានរង្វាន់​ណូបែល​សន្តិភាព​ដែរ (Nobel Peace Prize) នៅ​ប្រទេស​ស៊ុយអែត ដោយ​ផ្ទាល់​នោះ​ទេ។

ដូច្នេះ វិធានការ​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​តាមរយៈ​ក្រសួង​បរិស្ថាន​នេះ បាន​បង្ហាញ​ថា រដ្ឋាភិបាល​ធ្វើ​ការ​ប្ដេជ្ញាចិត្ត​ផ្សេង ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​ផ្សេង។

ពួកគេ​ចាត់ទុក​ការ​រឹតត្បិត​បណ្ដាញ​សហគមន៍​ព្រៃឡង់​មិន​ឲ្យ​ចុះ​ល្បាត​នេះ ដោយសារ​ក្រសួង​មិន​ហ៊ាន​ទទួលស្គាល់​ការពិត និង​ខ្លាច​បណ្ដាញ​សហគមន៍​ព្រៃឡង់​លាតត្រដាង​ការពិត​ពី​វិនាសកម្ម​ព្រៃ​អភិរក្ស ហើយ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ការ​ចូលរួម​របស់​ពលរដ្ឋ​រហូត​ដល់​បច្ចុប្បន្ន។

ព្រៃឡង់​មាន​ផ្ទៃដី​ប្រមាណ ៥០​ម៉ឺន​ហិកតារ គ្របដណ្ដប់​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ព្រះវិហារ កំពង់ធំ ក្រចេះ និង​ស្ទឹងត្រែង ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ជា​តំបន់​ការពារ​នៅ​ក្នុង​ឆ្នាំ​២០១៦។ ប៉ុន្តែ​ព្រៃឡង់​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា​នេះ បាន​រង​ការ​កាប់​បំផ្លាញ​បន្ត​ឥត​ស្រាកស្រាន្ត ហើយ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​នា​ពេល​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​នៅ​មិន​ទាន់​ទប់ស្កាត់​បាន​ដែរ។

កាលពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២៣ កាសែត​បរទេស ម៉ុងហ្គាបេ ចុះផ្សាយ​ព័ត៌មាន​ស៊ើបអង្កេត​ថា នៅ​តំបន់​ព្រៃឡង់​មាន​ជន​មិន​ស្គាល់​មុខ​បាន​ឈូស​ឆាយ​ព្រៃ​ធ្វើ​ផ្លូវ​ថ្មី​មួយ​ខ្សែ​ចេញពី​តំបន់​ដី​សម្បទាន​ដាំ​ដើមឈើ​ឡើងវិញ​របស់​ក្រុមហ៊ុន Think Biotech (Cambodia) រហូត​ដល់​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់។

កាសែត​បរទេស ម៉ុងហ្គាបេ ថា​ការ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នោះ វា​ជា​ការ​ជួយ​សម្រួល​ដល់​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​ការ​ជួញដូរ​ឈើ​មាន​តម្លៃ​យ៉ាង​អនាធិបតេយ្យ​ពី​សំណាក់​ក្រុមហ៊ុន Think Biotech (Cambodia) ខណៈ​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) កាលពី​ដើម​ឆ្នាំ​២០២២ បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​មួយ ដោយ​រក​ឃើញ​ថា គម្រប​ព្រៃឈើ​ទំហំ ៦២៧១​ហិកតារ​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ព្រៃព្រះរការ ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ឆ្នាំ​២០២១។

ចំពោះ​មូលហេតុ​ចម្បង​នាំ​ឲ្យ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់ អង្គការ​លើកលែង​ទោស​អន្តរជាតិ​ថា​ការ​ទទួល​សំណូក និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស