អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ចោទថារដ្ឋាភិបាលដែលបានដឹកនាំដោយលោក ហ៊ុន សែន និងកំពុងដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីតពូជថ្មីរបស់កម្ពុជានៅពេលនេះ កំពុងតែឃុបឃិតគ្នាជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ច្របាច់កពលរដ្ឋក្រីក្រដើម្បីទទួលបានប្រាក់ចំណេញកប់ពពក ដោយមិនខ្វល់ពីទុក្ខសោករបស់ពលរដ្ឋខ្មែរឡើយ។
លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៦ ខែតុលា ថា ដោយសារតែមានការឃុបឃិតគ្នារវាងរដ្ឋាភិបាលក្រុងភ្នំពេញជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីច្របាច់កពលរដ្ឋក្រីក្រនេះហើយ បានធ្វើឱ្យពលរដ្ឋដែលជំពាក់បំណុលធនាគារវ័ណ្ឌករើខ្លួនមិនរួច ក្នុងនោះកូនបំណុលមួយចំនួនសុខចិត្តសម្លាប់ខ្លួន។
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ កាសែតអង់គ្លេស The Guardian បានចុះផ្សាយអំពីការធ្វើអត្តឃាតរបស់ពលរដ្ឋជនជាតិដើមភាគតិច បន្ទាប់ពីពួកគេបានជំពាក់បំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវ័ណ្ឌក ក្នុងនោះក៏មានអ្នកជំពាក់បំណុលផ្សេងទៀតចង់ធ្វើអត្តឃាតដែរ ដោយសារតែខ្លួនគ្មានលទ្ធភាពរកប្រាក់ចំណូលសម្រាប់សងត្រឡប់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះវិញ ខណៈស្ថាប័នទាំងនោះបានបង្ខំឱ្យពួកគេត្រូវតែសងលុយត្រឡប់ទៅវិញ ទោះដឹងថាកូនបំណុលរបស់ខ្លួនមិនទាន់មានលទ្ធភាពសងក៏ដោយ។
កាសែត The Guardian បានចុះផ្សាយថា ស្ថាប័នចំនួនបួនដែលស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ឬ The International Finance Corporation (IFC) ដែលជាស្ថាប័នអន្តរជាតិមានគោលដៅជួយធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពលរដ្ឋក្នុងប្រទេសកំពុងអភិវឌ្ឍ ដោយការវិនិយោគក្នុងកំណើនវិស័យឯកជន ដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ខេមបូឌា ធនាគារហត្ថា និងធនាគារស្ថាបនា ដែលយ៉ាងហោចណាស់កូនបំណុលម្នាក់នៃស្ថាប័នទាំងនេះបានសម្លាប់ខ្លួន និងប៉ុនប៉ងធ្វើអត្តឃាត ដោយសារតែរងនូវសម្ពាធពីស្ថាប័នទាំងនេះ។
ទិន្នន័យសង្គមស៊ីវិល បង្ហាញថា ក្នុងឆ្នាំ២០២៣ នេះ កម្ចីមីក្រូហិរញ្ញវត្ថុរបស់ពលរដ្ឋខ្មែរបានហក់ឡើងទៅដល់ប្រមាណ ១៦ពាន់លានដុល្លារអាមេរិកហើយ ខណៈឆ្នាំ២០២១ និងឆ្នាំ២០២២ កន្លងទៅ គឺមានត្រឹមតែប្រមាណ ១០ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយទំហំកម្ចី ១៦ពាន់លានដុល្លារអាមេរិកនេះ គឺជាទំហំលើសពីពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជាទៅហើយ។ ដូច្នេះ បំណុលនេះក៏ជាសញ្ញានៃការបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូលដែរនាពេលអនាគត។
ទិន្នន័យដដែលបង្ហាញថា ក្នុងចំណោមពលរដ្ឋខ្មែរសរុប ១៧លាននាក់ គឺមានអ្នកដែលមានគ្រួសារចំនួនជាង ៣លាន ៦សែនគ្រួសារ ខណៈបំណុលដែលកើតចេញពីកម្ចីមីក្រូហិរញ្ញវត្ថុគឺមានដល់ទៅ ៣លានកម្ចីឯណោះ ហើយតួលេខនេះបានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកដែលបានជំពាក់បំណុលច្រើនជាងគេក្នុងចំណោមស្ថាប័នមីក្រូហិរញ្ញវត្ថុជាង ៨០ស្ថាប័ន (៨៦ស្ថាប័ន) ដែលកំពុងរកប្រាក់ចំណេញក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ដែលហៅកាត់ថា លីកាដូ បានចេញរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនជុំវិញបំណុលរបស់ពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ កាលពីអំឡុងខែសីហា ឆ្នាំ២០២៣ នេះថា ខ្លួនបានសម្ភាសពលរដ្ឋជាង ៧០០គ្រួសារ (៧១៧គ្រួសារ) ក្នុងចំណោមប្រជាពលរដ្ឋជិត ២សែនគ្រួសារ (១៩៥៨៨២គ្រួសារ) ទូទាំងខេត្តកំពង់ស្ពឺ ហើយបានរកឃើញថាជាង ២៧% នៃអ្នកខ្ចីលុយមីក្រូហិរញ្ញវត្ថុ គឺលើសពីសមត្ថភាពរបស់ខ្លួនដែលអាចសងលុយត្រឡប់ទៅវិញបាន។
អង្គការលីកាដូ បញ្ជាក់ថា ២៧% នៃអ្នកខ្ចីលុយមីក្រូហិរញ្ញវត្ថុនេះ គឺត្រូវសងត្រឡប់ទៅវិញលើសពីចំណូលរបស់ខ្លួនរហូតដល់ទៅ ៧០% ឯណោះ ដែលតួលេខនេះបង្ហាញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបំពានទៅលើគោលការណ៍របស់ខ្លួនធ្ងន់ធ្ងរ ខណៈប័ណ្ណកម្មសិទ្ធិដីធ្លីរបស់កូនបំណុលទាំងនោះជិត ១៥ម៉ឺនគ្រួសារ (១៤៤៨១៩គ្រួសារ) ត្រូវបានដាក់បញ្ចាំឱ្យស្ថាប័នដែលខ្លួនបានខ្ចីលុយ ហើយក្នុងនោះជិត ១ម៉ឺនគ្រួសារ (៩៦០២គ្រួសារ) ក៏បានលក់ដីយកលុយសងដល់ស្ថាប័នផ្តល់ប្រាក់កម្ចីទាំងនោះវិញដែរ។
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់ដែលមានស្រាប់ និងធ្វើកំណែទម្រង់វិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីកុំឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាលក់ដីដោយបង្ខំក្រៅប្រព័ន្ធតុលាការ បញ្ឈប់ការអនុវត្តការផ្តល់កម្ចីឥណទានបែបកេងប្រវ័ញ្ច និងចាត់វិធានការចាំបាច់ ដើម្បីកាត់បន្ថយចំនួននៃការលក់ដីដែលតម្រូវឱ្យបង់សងបំណុល និងកែប្រែបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយការបញ្ឈប់តម្រូវឱ្យដាក់ប័ណ្ណកម្មសិទ្ធិដីធ្លីជាទ្រព្យធានា ជាដើម។
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ឬ The International Finance Corporation (IFC) គឺជាស្ថាប័នដ៏សំខាន់មួយរបស់ធនាគារពិភពលោក (World Bank) ដែលបានផ្តល់កម្ចីដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុកសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍ ដូចជាប្រទេសកម្ពុជា ជាដើម ដោយយកការប្រាក់ទាបបំផុត ក្នុងបំណងឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះជួយដល់ពលរដ្ឋខ្មែរដែលក្រីក្រ ឲ្យទទួលបាននូវឥណទាន ដើម្បីបង្កើតមុខរបរចិញ្ចឹមជីវិត ប៉ុន្តែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនេះបានអនុវត្តផ្ទុយពីគោលបំណងរបស់ IFC ទៅវិញ ដោយយកការប្រាក់ខ្ពស់ពីអ្នកខ្ចីបុល និងរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេថែមទៀត នៅពេលដែលកូនបំណុលទាំងនោះខ្វះលទ្ធភាពសងត្រឡប់ទៅវិញទាន់ពេល ខណៈរដ្ឋាភិបាលគ្មានវិធានការទប់ស្កាត់លើបញ្ហានេះឡើយ៕