មេដឹកនាំខ្មែរក្រាញអំណាចជិត ៤ទសវត្សរ៍ លោក ហ៊ុន សែន សារភាពថា លោកពិតជាមិនបានដឹងអំពីទំហំនៃការរឹបអូសផ្ទះសម្បែងពីម្ចាស់បុរីដែលជាឧកញ៉ាលើអតិថិជនដែលជាអ្នកបង់រំលស់ ថាមានចំនួនប៉ុន្មាននោះទេ ដូច្នេះលោកបញ្ជាឱ្យមន្ត្រីក្រោមឱវាទធ្វើរបាយការណ៍អំពីបញ្ហានេះឲ្យលោកនូវចំនួនជាក់លាក់ជាបន្ទាន់ ដើម្បីឱ្យលោកអាចដោះស្រាយបញ្ហានេះបានជូនជនរងគ្រោះ។
នាយករដ្ឋមន្ត្រីកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលដោយឯកបក្ស លោក ហ៊ុន សែន លើកឡើងក្នុងពិធីជួបជាមួយកម្មករនិយោជិតនៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នេះ ដោយអំពាវនាវឱ្យម្ចាស់បុរីទាំងអស់នៅកម្ពុជាយោគយល់ដល់អ្នកបង់រំលស់ផ្ទះពីខ្លួនទាំងអស់ ដោយការសម្រួលគណនីឥណទានដល់អ្នកទាំងនោះឡើងវិញ តាមរយៈនៃការបន្ធូរបន្ថយរយៈពេលបង់ឱ្យវែងជាងមុន និងបន្ធូរបន្ថយចំនួនលុយបង់ឲ្យតិចជាងមុន ដើម្បីចៀសវាងរឹបអូសផ្ទះរបស់ពួកគេ ដោយសារតែអ្នកទិញផ្ទះបង់រំលស់ទាំងនោះខ្វះលទ្ធភាពបង់លុយតាមកាលកំណត់ក្នុងរយៈពេលណាមួយនោះ។
មេដឹកនាំបក្សកាន់អំណាចដែលក្តោបក្តាប់អំណាចផ្តាច់មុខនៅកម្ពុជា លោក ហ៊ុន សែន លើកឡើងថា លោកបានទទួលព័ត៌មានអំពីការរឹបអូសផ្ទះរបស់ម្ចាស់បុរីចំពោះអ្នកដែលខ្វះលទ្ធភាពបង់លុយជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ ខណៈអ្នកទិញផ្ទះបង់រំលស់បានបង់លុយអស់រយៈពេលច្រើនឆ្នាំមកហើយ ក្នុងនោះអ្នកខ្លះក៏បានបង់អស់ ២ភាគ៣ នៃតម្លៃផ្ទះដែលខ្លួនបានទិញនោះដែរ ប៉ុន្តែដោយសារគ្មានលទ្ធភាពបង់លុយក្នុងរយៈពេលណាមួយនោះ ស្រាប់តែត្រូវម្ចាស់បុរីរឹបអូសយកផ្ទះ និងលុយដែលគាត់បានបង់នោះទាំងអស់តែម្តង។
បុរសដែលមានអំណាចបំផុតនៅកម្ពុជា លោក ហ៊ុន សែន អំពាវនាវឱ្យម្ចាស់បុរីទាំងអស់ដែលបានរឹបអូសផ្ទះពីអតិថិជនរបស់ខ្លួនកាលពីពេលថ្មីៗនេះ ត្រូវតែផ្តល់ផ្ទះនោះឱ្យពួកគេវិញ ខណៈផ្ទះខ្លះដែលបានរឹបអូសជាយូរមកហើយនោះ គួរតែផ្តល់លុយឱ្យពួកគេចំនួនពាក់កណ្តាលនៃលុយដែលពួកគេបានបង់នាពេលកន្លងមកផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការសាងសង់បុរីលំនៅឋានដើម្បីលក់ បានកើតឡើងព្រោងព្រាត ប៉ុន្តែប្រតិបត្តិការនៃការលក់បុរី ឬលំនៅឋានទាំងនោះ ត្រូវធ្វើឡើងតាមរយៈនៃការបង់រំលស់ភាគច្រើន ប៉ុន្តែអតិថិជនដែលទិញបុរី ឬលំនៅឋានដោយការបង់រំលស់តែងរងនូវការរឹបអូសផ្ទះពីម្ចាស់ក្រុមហ៊ុនត្រឡប់ទៅវិញ នៅពេលដែលពួកគេអាក់ខានបង់លុយតាមពេលកំណត់ទៅតាមកិច្ចសន្យា ដែលធ្វើឲ្យពួកគេខាតទាំងលុយដែលបានបង់រំលស់ និងផ្ទះដែលខ្លួនកំពុងបង់រំលស់នោះថែមទៀត ខណៈអតិថិជនខ្លះបង់លុយជិតគ្រប់ចំនួនឆ្នាំទៅហើយនោះ។
ទាក់ទិននឹងបញ្ហានេះ គេក៏សង្កេតឃើញមានម្ចាស់ក្រុមហ៊ុនបុរី និងលំនៅឋានខ្លះ មិនបានគោរពទៅតាមកិច្ចព្រមព្រៀងជាមួយអតិថិជនដែរ ដូចជាការមិនបានសាងសង់ផ្ទះឲ្យអតិថិជនទៅតាមពេលកំណត់ ជាដើម ប៉ុន្តែម្ចាស់ក្រុមហ៊ុនទាំងនោះមិនបានខាតបង់អ្វីទេ គ្រាន់តែផ្តល់ហេតុផលថា ពួកគេសុំពន្យារពេលប៉ុណ្ណោះ ខណៈអតិថិជនក៏មិនបានចាត់វិធានការណាមួយលើពួកគេដែរ។
ជាក់ស្តែង ក្រុមហ៊ុនអចលនទ្រព្យ ឡេង ណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាដើម បានរំលោភកិច្ចសន្យាមិនសាងសង់លំនៅឋានជូនអតិថិជនតាមកិច្ចព្រមព្រៀងនាពេលកន្លងមក ដែលអតិថិជនខ្លះបាននាំគ្នាចេញតវ៉ាលើបណ្ដាញសង្គមហ្វេសប៊ុកព្រោងព្រាតក្នុងរយៈពេលចុងក្រោយនេះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ មិថុនា នេះថា ប្រសិនបើប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាចដោះស្រាយបញ្ហានេះបាន គឺជារឿងល្អសម្រាប់ប្រជាពលរដ្ឋដែលបានខាតបង់ដោយសារត្រូវក្រុមហ៊ុនរឹបអូសផ្ទះរបស់ពួកគេកន្លងមក ទាំងដែលខ្លួនបានបង់លុយជិតគ្រប់ឆ្នាំទៅហើយនោះ។
លោកបន្ថែមថា នៅពេលនេះមិនមែនមានតែប្រជាពលរដ្ឋដែលអត់លុយបង់ហើយក្រុមហ៊ុនបានរឹបអូសផ្ទះយកនោះទេ ប៉ុន្តែក៏មានបញ្ហាក្រុមហ៊ុនមិនសាងសង់ផ្ទះឲ្យអតិថិជនដែរ ដូច្នេះបើរដ្ឋាភិបាលជួយជំរុញឲ្យក្រុមហ៊ុនអចលនទ្រព្យទាំងនោះជួយសាងសង់ផ្ទះដែលភាគីខាងក្រុមហ៊ុនមិនបានសាងសង់ជូនអតិថិជនទៅតាមកិច្ចព្រមព្រៀងនោះ គឺរឹតតែល្អ ព្រោះថាកន្លងមក អតិថិជនមិនអាចធ្វើអ្វីលើក្រុមហ៊ុនបានទេ ក្រៅតែពីរង់ចាំក្រុមហ៊ុនសាងសង់ឲ្យនោះ ដែលបញ្ហានេះធ្វើឲ្យអតិថិជនខាតបង់លុយកាក់អស់រាប់ម៉ឺនដុល្លារក្នុងម្នាក់ៗ។
លោក សេក សុជាតិ លើកឡើងបន្តថា បញ្ហាខាងលើនេះមិនមែនទើបតែនឹងកើតមានទេ ប៉ុន្តែមិនមានមន្ត្រីរដ្ឋាភិបាលណាម្នាក់លើកយកបញ្ហានេះមកដោះស្រាយឡើយ ផ្ទុយទៅវិញទាល់តែនាយករដ្ឋមន្ត្រីចាត់វិធានការ ទើបបញ្ហានេះត្រូវបានដោះស្រាយ ដូច្នេះប្រសិនបើមន្ត្រីពាក់ព័ន្ធនៅតែប្រកាន់ឥរិយាបថការងារដូចពេលកន្លងមក នោះប្រជាពលរដ្ឋមិនដឹងថាត្រូវសង្ឃឹមលើមន្ត្រីរដ្ឋាភិបាលដូចម្តេចទេទៅថ្ងៃមុខ។
អ្នកផ្តល់ប្រឹក្សាផ្នែកអភិវឌ្ឍផ្នត់គំនិតរូបនេះអំពាវនាវឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនតាមដាន និងដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាព ចៀសវាងគ្រាន់តែបង្កើតព្រឹត្តិការណ៍នៅមុនការបោះឆ្នោតដើម្បីទាក់ទាញសន្លឹកឆ្នោត និងទឹកចិត្តរបស់ប្រជាពលរដ្ឋ ប៉ុន្តែក្រោយពេលបោះឆ្នោតរួច បែរជាលែងអើពើទៅវិញ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋលែងមានទំនុកចិត្តលើរដ្ឋាភិបាលទៅថ្ងៃមុខ៕