34 C
Phnom Penh

កម្ពុជា​នាំចេញ​សម្លៀកបំពាក់​និង​គ្រឿង​បន្ទាប់បន្សំ​ទៅ​ទីផ្សារ​អន្តរជាតិ​ថយ​ចុះ​ជាង ១៧% បើ​ធៀប​រយៈពេល​៩​ខែ​ឆ្នាំ​២០២២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) ឲ្យ​ដឹង​ថា រយៈពេល ៩​ខែ​ឆ្នាំ​នេះ កម្ពុជា​នាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សរុប​ជាង ៥,៩​ពាន់​លាន​ដុល្លារ ដែល​ចំនួន​នេះ​ថយ​ចុះ​ជាង ១៧% បើ​ធៀប​នឹង​រយៈពេល ៩​ខែ​ឆ្នាំ​២០២២។

យោង​តាម​តារាង​ស្ថិតិ​នាំចេញ​ទំនិញ​របស់​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) បង្ហាញ​ថា ចាប់ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០២៣ ការ​នាំចេញ​ទំនិញ​នៅ​ក្នុង​ជំពូក​ទំនិញ​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​ដែល​ធ្វើ​ឡើង​ពី​ក្រណាត់ ឬ​មិន​ធ្វើ​ពី​ក្រណាត់ មាន​ទឹកប្រាក់​សរុប​ជិត ៦​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ឆ្នាំ​២០២២ ចំនួន​ទឹកប្រាក់​សរុប ៧​ពាន់​លាន​ដុល្លារ។

ប្រភព​ដដែល​ថា ចំនួន​ទឹកប្រាក់ និង​ទំនិញ​នៃ​ការ​នាំចេញ​រយៈពេល ៩​ខែ​ឆ្នាំ​២០២៣ នេះ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២២ គឺ​បាន​ធ្លាក់​ចុះ ១៧,៣៥%។

ប្រធាន​សហព័ន្ធ​សមាគម​អ្នក​វិនិយោគ​កម្ពុជា និង​ជា​ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា លោក លី ឃុនថៃ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ធ្លាក់​ចុះ​បរិមាណ និង​ទឹកប្រាក់​ពី​ការ​នាំចេញ រួម​ទាំង​ផលិតផល​ជាច្រើន​មុខ​ទៀត​នៅ​ឆ្នាំ​នេះ មិន​មែន​មកពី​សមត្ថភាព​ការ​ផលិត​នៅ​កម្ពុជា​ធ្លាក់​ចុះ​ឡើយ ប៉ុន្តែ​បណ្តាល​មកពី​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​នៅ​ទីផ្សារ​អន្តរជាតិ។

ជុំវិញ​រឿង​នេះ ក្រុម​សហជីព​ឯករាជ្យ​ធ្លាប់​លើកឡើង​ថា ប្រសិនបើ​កម្ពុជា​មិន​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​ដូច​សហគមន៍​អន្តរជាតិ​ស្នើសុំ​នោះ​ទេ ការ​នាំចេញ​ផលិត​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​ទៅ​ក្រៅ​ប្រទេស នឹង​រង​ផល​ប៉ះពាល់ ខណៈ​ទីផ្សារ​សំខាន់​ដែល​ទទួល​ទិញ​ផលិតផល​សម្លៀកបំពាក់​ពី​ប្រទេស​កម្ពុជា គឺ​មាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប។

គិត​ចាប់​តាំងពី​ចុង​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៣ នេះ សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ឲ្យ​កម្ពុជា​វិញ​នៅឡើយ ខណៈ​សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% និង​បាន​ព្រមាន​ដក​ទាំងស្រុង បើ​កម្ពុជា​នៅ​មិន​ស្ដារ​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស រួម​ទាំង​សកម្មជន​បរិស្ថាន​ជាដើម​វិញ​ទេ​នោះ។

យោង​តាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​ឆ្នាំ​២០២២ ការ​នាំចេញ​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​មាន​ទឹកប្រាក់​សរុប ៩​ពាន់​លាន​ដុល្លារ​កើន​ឡើង ១២,៦៩% បើ​ធៀប​ឆ្នាំ​២០២១ ដែល​មាន ៨​ពាន់​លាន​ដុល្លារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស