ក្រុមអ្នកវិភាគថារដ្ឋាភិបាលថ្មីរបស់កម្ពុជាគ្មានសមត្ថភាពរកចំណូលដើម្បីផ្គត់ផ្គង់ការចំណាយរបស់ខ្លួនដែលបានអនុម័តរហូតដល់ជាង ៩ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៤ ទេ ព្រោះថាផ្អែកតាមស្ថានភាពសេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃនេះ បើទោះបីជារដ្ឋាភិបាលអាចប្រមូលពន្ធបានត្រឹមត្រូវក៏ដោយ ក៏អាចទទួលបានចំណូលត្រឹមតែរង្វង់ប្រមាណជាង ៣ពាន់លានដុល្លារប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ វិច្ឆិកា នេះថា ថវិកាជាង ៩ពាន់លានដុល្លារអាមេរិកដែលរដ្ឋាភិបាលកម្ពុជាបានអនុម័តសម្រាប់ឆ្នាំបន្ទាប់ បើរដ្ឋាភិបាលអាចប្រមូលពន្ធបានពេញលេញនោះ នឹងមិនធ្វើឲ្យរដ្ឋាភិបាលខ្វះថវិកាក្នុងចរន្តចំណាយធ្ងន់ធ្ងរទេ ប៉ុន្តែចំណុចគន្លឹះនៅត្រង់ថា តើរដ្ឋាភិបាលនឹងប្រមូលបានថវិកាឱ្យគ្រប់ការចំណាយជាង ៩ពាន់លានដុល្លារអាមេរិកពីប្រភពណា បើសេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃនេះកំពុងតែដុនដាបទៅហើយនោះ។
លោក គឹម សុខ លើកឡើងថា បើនិយាយពីការរំពឹងកម្ចីបរទេសវិញ តើប្រទេសណានឹងផ្តល់កម្ចីឲ្យកម្ពុជាទៀត ដូចជា ជប៉ុន អឺរ៉ុប អាមេរិក និងប្រទេសសម្ព័ន្ធមិត្តសេរីប្រជាធិបតេយ្យដទៃទៀត គេនឹងមិនឲ្យកម្ពុជាខ្ចីទៀតទេ ហើយយ៉ាងច្រើនបំផុត គេផ្ដល់ត្រឹមជំនួយក្នុងគម្រោងអភិវឌ្ឍន៍តែបន្តិចបន្តួចប៉ុណ្ណោះ។
លោកបន្ថែមថា ចំណែកមិត្តដែកថែបចិន វិញ តាំងពីឆ្នាំ២០២០ មក មិនទាន់សន្យាផ្តល់កម្ចីឲ្យរដ្ឋាភិបាលត្រកូលហ៊ុនខ្ចីបន្តទៀតទេ ព្រោះចិនហាក់ដូចជាដឹងថារដ្ឋាភិបាលត្រកូលមួយនេះកំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរនៅពេលនេះ ដូច្នេះបើចិនឲ្យខ្ចី វាអាចកើតមានតែក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិនប៉ុណ្ណោះ ដែលត្រូវសាងសង់ផ្លូវគមនាគមន៍ឆ្លងកាត់ទឹកដីកម្ពុជា ហើយក៏ដើម្បីជាផលប្រយោជន៍របស់ចិនដែរ។
អ្នកវិភាគរូបនេះបញ្ជាក់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រាកដជានឹងត្រូវប្រឈមមុខចំពោះវិបត្តិខ្វះលុយរហូតដល់ប្រមាណជាង ៦ពាន់លានដុល្លារអាមេរិកឯណោះក្នុងផែនការចំណាយសម្រាប់ឆ្នាំ២០២៤ ដូច្នេះលោកសង្ឃឹមថារដ្ឋាភិបាលក្មេងខ្ចីមួយនេះនឹងមិនយកគំរូតាមយោធាភូមា ដែលលក់គ្រឿងញៀន និងធនធានធម្មជាតិ ដើម្បីចិញ្ចឹមរដ្ឋាភិបាលរបស់ខ្លួនដោយមិនគិតពីប្រយោជន៍ជាតិនោះទេ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តថវិកាចំណាយសម្រាប់ឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៩ពាន់លានដុល្លារអាមេរិកនៅឆ្នាំក្រោយនេះ។
កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលថ្មីកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត បានអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនូវសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ឬហៅម្យ៉ាងទៀតថា ច្បាប់ថវិកាជាតិឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់សរុបជាង ៣៨ពាន់លានរៀល (៣៨៨២៩ប៊ីលានរៀល) ដែលស្មើនឹងប្រមាណជាង ៩ពាន់លានដុល្លារអាមេរិក។
ការអនុម័តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងចំណាយប្រចាំឆ្នាំ២០២៤ នេះ រដ្ឋាភិបាលកម្ពុជាតែងធ្វើឡើងរៀងរាល់មុនដំណាច់ឆ្នាំនីមួយៗរហូតមក។ ជាក់ស្តែង កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ រដ្ឋសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា ក៏បានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៣ ចំនួន ៩,៦ពាន់លានដុល្លារអាមេរិកផងដែរ។
សេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៣ កន្លងទៅនោះ រដ្ឋាភិបាលរំពឹងថាខ្លួននឹងអាចប្រមូលចំណូលត្រឡប់មកវិញបានប្រមាណ ៧,២ពាន់លានដុល្លារអាមេរិក ប៉ុន្តែជាក់ស្តែង ក្នុងរយៈពេល ៧ខែនៅដើមឆ្នាំ២០២៣ នេះ រដ្ឋាភិបាលប្រមូលចំណូលពន្ធបានត្រឹមតែជាង ២,៣ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលគ្មានលទ្ធភាពជួយឱ្យសេដ្ឋកិច្ចរបស់កម្ពុជាងើបពីឱនភាពបានទេសម្រាប់ឆ្នាំ២០២៣ នេះ ខណៈឆ្នាំ២០២៤ ខាងមុខនេះ ត្រូវគេមើលឃើញថាការប្រមូលចំណូលត្រឡប់មកវិញ គឺកាន់តែយ៉ាប់យ៉ឺនជាងឆ្នាំ២០២៣ ទៅទៀត។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីដើមខែតុលា ឆ្នាំ២០២៣ នេះថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ នេះ កំពុងប្រឈមនឹងការធ្លាក់ចុះធ្ងន់ធ្ងរ ព្រោះថាឆ្នាំ២០២៣ នេះ រដ្ឋាភិបាលកម្ពុជានៅខ្វះថវិការាប់ពាន់លានដុល្លារអាមេរិកទៀត ដើម្បីបង្គ្រប់ផែនការចំណាយរបស់ខ្លួន។
បណ្ឌិត មាស នី បញ្ជាក់ថា កម្ពុជានៅពេលនេះកុំថាឡើយប្រមូលថវិកាឱ្យគ្រប់ការចំណាយរបស់ខ្លួនដែលមានចំនួនជាង ៩ពាន់លានដុល្លារនោះ សូម្បីប្រមូលឱ្យបានគ្រប់ ៧,២ពាន់លានដុល្លារអាមេរិក ក៏ប្រមូលមិនបានផងសម្រាប់ឆ្នាំ២០២៣ នេះ។
ជុំវិញការលើកឡើងពីការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចកម្ពុជានេះ គឺហាក់មានខ្លឹមសារស្របគ្នានឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត ដែលគាត់បានអះអាងក្នុងពិធីជួបជាមួយកម្មករកាលពីពេលថ្មីៗនេះថា លោកបានបញ្ជាក់ក្នុងកិច្ចប្រជុំជាមួយគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៧ តុលា កន្លងទៅរួចហើយថា ឆ្នាំ២០២៤ ខាងមុខនេះ គឺឆ្នាំដែលចាប់ហ្វ្រាំង ដែលមានន័យថា រដ្ឋាភិបាលនឹងមិនដាក់ផែនការអភិវឌ្ឍអ្វីទាំងអស់៕