32 C
Phnom Penh

ប្រមុខ​ការទូត​អាមេរិក​ច្រាន​ចោល​សំណើ​របស់​ក្រុម​ប្រទេស​អារ៉ាប់​ដែល​សុំ​ឱ្យ​អ៊ីស្រាអែល​បញ្ចប់​សង្គ្រាម​លើ​ប៉ាឡេស្ទីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​ជា​លើក​ទី​៣ នៅតែ​សន្យា​គាំទ្រ​សង្គ្រាម​វាយ​សងសឹក​របស់​អ៊ីស្រាអែល ទៅ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា ទោះជា​មេដឹកនាំ​ប្រទេស​អារ៉ាប់ ព្យាយាម​ស្នើ​ឱ្យ​ក្រុង​វ៉ាស៊ីនតោន បង្គាប់​ទៅ​អ៊ីស្រាអែល បញ្ឈប់​ការ​ធ្វើ​សង្គ្រាម​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន ក៏ដោយ​នោះ។

កាលពី​ថ្ងៃទី​៣ វិច្ឆិកា លោក Blinken បាន​ដល់​ទីក្រុង Tel Aviv ដើម្បី​ស្វែងរក​ការពិត​មួយ​ចំនួន​ដែល​អ៊ីស្រាអែល លើក​ទ័ព​វាយ​ចូល​ដែនដី​របស់​ពួក​ហាម៉ាស នៅ​តំបន់​ហ្កាហ្សា ជា​សង្គ្រាម​វាយ​សងសឹក​របស់​អ៊ីស្រាអែល ឆ្លើយតប​ពួក​ហាម៉ាស​លួច​បាញ់​គ្រាប់​រ៉ុក្កែត ៥០០០​គ្រាប់​ចូល​ដែនដី​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧ តុលា ដែល​បណ្ដាល​ឱ្យ​ប្រជាជន​អ៊ីស្រាអែល ស្លាប់​ជាង ១៤០០​នាក់។

វត្តមាន​របស់​ប្រមុខ​ការទូត​អាមេរិក ជា​ថ្មី​ទៀត​នេះ​នៅ​លើ​ទឹកដី​អ៊ីស្រាអែល ចំ​ពេល​ដែល​សហគមន៍​អន្តរជាតិ​បង្កើន​ការ​ថ្កោលទោស​អ៊ីស្រាអែល ដែល​មិន​ព្រម​បញ្ឈប់​ការ​វាយប្រហារ​លើ​ដែនដី​ហ្កាហ្សា នៃ​ដែនដី​ប៉ាឡេស្ទីន ដែល​បណ្ដាល​ឱ្យ​ជនស៊ីវិល​ស្លាប់​កាន់តែ​កើន​ឡើង។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ឱ្យ​ដឹង​ថា ប្រជាជន​ប៉ាឡេស្ទីន ស្លាប់​កើន​ឡើង​ជិត ១០០០០​នាក់​ក្នុង​សង្គ្រាម​សងសឹក​របស់​អ៊ីស្រាអែល ដែល​ចូល​ដល់​ថ្ងៃទី​៣១ នៅ​ថ្ងៃទី​៦ ខែ​វិច្ឆិកា នេះ។

កងទ័ព​អ៊ីស្រាអែល បន្ត​វាយប្រហារ​ឥត​ឈប់​ឈរ​ទាំង​ទ័ព​ជើងគោក ជើង​អាកាស និង​ជើង​ទឹក ទៅ​លើ​តំបន់​ហ្កាហ្សា។ កងទ័ព​អ៊ីស្រាអែល អះអាង​ថា កងកម្លាំង​របស់​ខ្លួន​បាន​ឡោមព័ទ្ធ​ទីក្រុង​ហ្កាហ្សា និង​កំពុង​បន្ត​រុល​ឆ្ពោះ​ទៅ​មុខ​ថែម​ទៀត ដែល​អ៊ីស្រាអែល​ថា​ក្នុង​គោលដៅ​បោស​សម្អាត​ពួក​ហាម៉ាស ដែល​ជា​ក្រុម​ភេរវកម្ម។ នៅ​ថ្ងៃ​នេះ អ៊ីស្រាអែល​ប្រកាស​ថា ទីបញ្ជាការ​របស់​ពួក​ហាម៉ាស​ជាង ២៥០០​ត្រូវ​បាន​កម្ទេច​ចាប់តាំងពី​ថ្ងៃទី​៧ តុលា មក​នេះ។

តែ​យ៉ាងណា អ៊ីស្រាអែល​ប្រកាស​ថា​នឹង​មិន​ព្រម​បញ្ឈប់​ដាច់ខាត​ទោះជា​មាន​ការ​ស្នើ​ឱ្យ​ផ្អាក​សង្គ្រាម​ពី​ប្រទេស​ណា ឬ​ពី​អង្គការ​សហប្រជាជាតិ​ក៏ដោយ។

ស្រប​នឹង​ជំហរ​របស់​អ៊ីស្រាអែល រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken ដែល​បាន​ទៅ​ជួប​សមភាគី​មកពី​បណ្ដា​ប្រទេស​អារ៉ាប់ នៅ​លើ​ទឹកដី​នៃ​ប្រទេស​ហ្សកដានី ដូចជា រដ្ឋមន្ត្រី​ការបរទេស​មកពី​ប្រទេស​កាតា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ប្រទេស​អារ៉ាប់រួម​អេម៉ារ៉េត ប្រធានាធិបតី​ប្រទេស​តួកគី និង​មេដឹកនាំ​ហ្សកដានី ផង​ដែរ ថា ទោះបីជា​សហរដ្ឋ​អាមេរិក​ថ្កោលទោស​ការ​វាយប្រហារ​កាលពី​ថ្ងៃទី​៧ ខែ​តុលា របស់​ក្រុម​ហាម៉ាស់ ទៅ​លើ​អ៊ីស្រាអែល ប្រហែល​ជា​គ្មាន​នរណា​មួយ​សម្ដែង​មតិ​ចាត់ទុក​ក្ដី​ឈឺចាប់​របស់​ប្រជាជន​អ៊ីស្រាអែល នៅ​ថ្ងៃ​នោះ​ថា​ជា​រឿង​ដែល​ត្រូវ​ទាមទារ​យុត្តិធម៌​នោះ​ទេ។

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​បន្ត​បកស្រាយ​ថា បើ​មាន​បទ​ឈប់​បាញ់​នា​ពេលនេះ នឹង​ផ្តល់​ឱកាស​ឱ្យ​ក្រុម​ហាម៉ាស ស្ថិត​នៅ​ដដែល ហើយ​អាច​ប្រមូលផ្ដុំ​កម្លាំង​ឡើងវិញ និង​បន្ត​ប្រព្រឹត្ត​ទង្វើ​ដែល​ពួកគេ​បាន​ធ្វើ​ដូច​កាលពី​ថ្ងៃទី​៧ ខែ​តុលា។

លោក​បញ្ជាក់​ប្រាប់​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អារ៉ាប់​ថា អាមេរិក​នៅ​បន្ត​គាំទ្រ​អ៊ីស្រាអែល ព្រោះ​ជា​រឿង​ទាមទារ​យុត្តិធម៌​ពី​អ្នក​ឈ្លានពាន ហើយ​ការ​វាយ​បោស​សម្អាត​ពួក​ហាម៉ាស ជា​រឿង​ចាំបាច់​របស់​អ៊ីស្រាអែល។

ក្នុង​ជំនួប​លើ​ទឹកដី​នៃ​ប្រទេស​ហ្សកដានី កាលពី​ថ្ងៃ​សៅរ៍ ទី​៤ វិច្ឆិកា ក្រុម​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​អារ៉ាប់ បាន​ដាក់​សម្ពាធ​ជា​សាធារណៈ​ទៅ​លើ​លោក Antony Blinken ឱ្យ​ខិតខំ​ប្រឹងប្រែង​សម្រេច​ឱ្យ​បាន​នូវ​បទ​ឈប់​បាញ់​ ជាបន្ទាន់​មួយ​នៅ​តំបន់​ហ្កាហ្សា ដែល​ពួក​រដ្ឋមន្ត្រី​ប្រទេស​ទាំងនោះ​បាន​ថ្កោលទោស​អ៊ីស្រាអែល ហើយ​ព្រមាន​ថា សង្គ្រាម​របស់​អ៊ីស្រាអែល​កាន់តែ​អាក្រក់​ឡើង ព្រោះ​អ៊ីស្រាអែល មិន​ត្រឹមតែ​វាយប្រហារ​លើ​ពួក​ហាម៉ាស​នោះ​ទេ គឺ​សូម្បី​មន្ទីរពេទ្យ និង​ជំរំ​ជនភៀសខ្លួន ក៏​អ៊ីស្រាអែល​វាយប្រហារ​ដែរ។

លោក Blinken បាន​ឆ្លើយ​ថា លោក​ព្យាយាម​ប្រាប់​អ៊ីស្រាអែល ឱ្យ​បញ្ចៀស​ការ​វាយប្រហារ​លើ​ទីតាំង​ស៊ីវិល តែ​លោក​នៅតែ​ការពារ​អ៊ីស្រាអែល ថា ពេល​ខ្លះ​ពួក​ហាម៉ាស រត់​ចូល​ទៅ​ទីនោះ ទើប​អ៊ីស្រាអែល​ដេញ​វាយប្រហារ។

ក្នុង​ការ​បង្ហាញ​ភាព​ខ្វែង​គំនិត​គ្នា​ដោយ​ចំហ​យ៉ាង​កម្រ​នេះ លោក Blinken បាន​សន្យា​នៅ​ចំពោះ​មុខ​សមភាគី​ប្រទេស​អារ៉ាប់ រួម​ទាំង​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​តួកគី និង​មហាក្សត្រ​ប្រទេស​ហ្សកដានី ថា ក្រុង​វ៉ាស៊ីនតោន​នៅតែ​គាំទ្រ​អ៊ីស្រាអែល ព្រោះ​អ៊ីស្រាអែល​ត្រូវការ​យុត្តិធម៌។

លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ជា​ថ្មី​ថា នឹង​មិន​មាន​ឡើយ​បទ​ឈប់​បាញ់ រហូត​ទាល់តែ​ចំណាប់ខ្មាំង​ទាំងអស់​ត្រូវ​បាន​ដោះលែង។

លោក Netanyahu បាន​លើកឡើង​ថា ចំណាប់ខ្មាំង​ជាង ២៤០​នាក់​ដែល​ត្រូវ​បាន​ក្រុម​ហាម៉ាស​ចាប់​ជា​ចំណាប់ខ្មាំង​អំឡុង​ការ​វាយប្រហារ​កាលពី​ថ្ងៃទី​៧ ខែ​តុលា ត្រូវតែ​មាន​សេរីភាព​ឡើងវិញ។

លោក Netanyahu បាន​បញ្ជាក់​ទៀត​ថា នឹង​មិន​មាន​ឡើយ​បទ​ឈប់​បាញ់ ហើយ​បន្ត​វាយ​លុក​រហូត​ទាល់តែ​អាច​បំបាក់​ពួក​ហាម៉ាស ព្រោះ​គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​នេះ​ទេ។

សង្គ្រាម​អ៊ីស្រាអែល វាយ​ចូល​ដែនដី​ហ្កាហ្សា ត្រូវ​បាន​សម្ព័ន្ធមិត្ត​សហរដ្ឋ​អាមេរិក​ហៅថា​ជា​សង្គ្រាម​សងសឹក ដើម្បី​យុត្តិធម៌​សម្រាប់​ប្រជាជន​អ៊ីស្រាអែល ស្លាប់​ជាង ១៤៤០​នាក់​ក្រោម​គ្រាប់​រ៉ុក្កែត​ដែល​ពួក​ហាម៉ាស​នៅ​តំបន់​ហ្កាហ្សា នៃ​ដែនដី​ប៉ាឡេស្ទីន លួច​បាញ់​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧ តុលា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស