26 C
Phnom Penh

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក៖ ប្រទេស​អ៊ុយក្រែន នឹង​ទទួល​ជំនួយ​បន្ថែម​ពី​ប្រទេស​លោក​ខាងលិច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​មុន​ការ​ចូល​ទៅ​កាន់​សេតវិមាន​វិញ​របស់​លោក ដូណាល់ ត្រាំ គេ​សង្កេត​ឃើញ​ក្រុម​សម្ព័ន្ធភាព​នៃ​រដ្ឋការ​លោក បៃដិន បង្កើន​ការ​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន។

ចំណែក​រដ្ឋការ​លោក បៃដិន វិញ កាន់តែ​បង្កើន​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន លើស​ពី​សព្វដង ព្រោះតែ​បារម្ភ​លោក ដូណាល់ ត្រាំ អាច​កាត់បន្ថយ​ជំនួយ​សម្រាប់​អ៊ុយក្រែន។ ជំនួយ​យោធា​នៅ​សេសសល់​ទាំងអស់ សេតវិមាន​នៃ​រដ្ឋការ​លោក បៃដិន សម្រុក​បញ្ជូន​ទៅ​អ៊ុយក្រែន។

កាលពី​ថ្ងៃទី​៤ ធ្នូ លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ទៅ​កាន់​អឺរ៉ុប​ម្ដង​ទៀត ដែល​ជា​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​របស់​លោក​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការបរទេស​ក្នុង​រដ្ឋការ​លោក បៃដិន។

នៅ​ទីក្រុង​ប្រ៊ុចសែល ទីបញ្ជាការ​កណ្ដាល​របស់​អង្គការ​យោធា​ណាតូ លោក Blinken បាន​ប្រកាស​ប្រាប់​សមភាគី​ណាតូ​របស់​លោក​ថា ដំណើរការ​នៃ​ការ​ផ្ទេរ​ហិរញ្ញវត្ថុ​ជំនួយ​ក្នុង​ទំហំ ៥០០០០​លាន​ដុល្លារ​ដែល​បាន​មកពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី នឹង​ផ្ទេរ​ទៅ​ឱ្យ​អ៊ុយក្រែន នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Ukrainska Pravda នៃ​ប្រទេស​អ៊ុយក្រែន បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៥ ធ្នូ នេះ។

តាម​ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក ដំណើរការ​នៃ​ការ​រៀបចំ​ផ្ទេរ​ហិរញ្ញវត្ថុ​ជំនួយ​ទាំងអស់​នេះ បាន​រួចរាល់​ហើយ ដែល​លោក Blinken ថា​ទាំង​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​ក្រុម​ប្រទេស​ឧស្សាហកម្ម G7 បាន​ដំណើរការ​នីតិវិធី​រួចរាល់​ហើយ​ដោយ​រង់ចាំ​ការ​បញ្ជូន​ទៅ​ឱ្យ​អ៊ុយក្រែន។

ក្នុង​ជំនួប​កំពូល​នៃ​មេដឹកនាំ​ប្រទេស​ឧស្សាហកម្ម G7 មាន​សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង ជប៉ុន អ៊ីតាលី កាណាដា អាល្លឺម៉ង់ រួម​នឹង​សហភាព​អឺរ៉ុប នៅ​លើ​ទឹកដី​នៃ​ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៤ បាន​អនុម័ត​នូវ​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី នៅ​ក្រៅ​ប្រទេស ក្នុង​ទំហំ ៣២៥​ពាន់​លាន​ដុល្លារ ហើយ​ក្នុង​នោះ ៥០​ពាន់​លាន​ដុល្លារ​សម្រាប់​ឱ្យ​អ៊ុយក្រែន តែ​ក្នុង​ក្របខ័ណ្ឌ​ជា​ប្រាក់​បំណុល​ដែល​ផ្ទេរ​ចេញពី​ការ​បង្ខាំង​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី។

លោក Blinken បញ្ជាក់​ថា សហរដ្ឋ​អាមេរិក និង​អឺរ៉ុប បាន​ធានា​ចំពោះ​ការ​ជួយ​ផ្ដល់​ជំនួយ​ពេញ​មួយ​ឆ្នាំ​ទៀត​ទាំង​ជំនួយ​យោធា និង​ជំនួយ​មិនមែន​យោធា​សម្រាប់​អ៊ុយក្រែន។ ការ​ប្រកាស​របស់​លោក Blinken ក៏​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន Andrii Sybiha ដែល​មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ណាតូ​នៅ​ទីក្រុង​ប្រ៊ុចសែល។

តាម​ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក​នៃ​រដ្ឋការ​លោក បៃដិន ចាប់​តាំងពី​អ៊ុយក្រែន ធ្លាក់​ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​ទាំង​ជំនួយ​យោធា និង​ជំនួយ​មិនមែន​យោធា​មាន​ទំហំ ១០២​ពាន់​លាន​ដុល្លារ ហើយ​ចំណែក​សម្ព័ន្ធមិត្ត​អាមេរិក​បាន​ផ្ដល់​ជំនួយ​ឱ្យ​អ៊ុយក្រែន ១៥៨​ពាន់​លាន​ដុល្លារ។

នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Andrii Sybiha លោក Blinken បាន​អះអាង​ថា កញ្ចប់​ជំនួយ​យោធា ៦១​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន ដែល​សភា​អាមេរិក​បាន​អនុម័ត​កាលពី​ខែ​មេសា ខណៈ​នេះ​រដ្ឋការ​លោក បៃដិន កំពុង​ធ្វើការ​សម្របសម្រួល​ដើម្បី​ទាញ​ជំនួយ​ទាំងអស់​ទៅ​ឱ្យ​អ៊ុយក្រែន មុន​បិទ​បញ្ចប់​រដ្ឋការ​លោក បៃដិន នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ ជា​ពេល​ដែល​លោក ដូណាល់ ត្រាំ ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ជំនួស​លោក បៃដិន។

លោក Blinken បញ្ជាក់​ថា គឺជា​ការ​ធានា​ថា អ៊ុយក្រែន​មាន​លទ្ធភាព​ប្រើប្រាស់​ជំនួយ​យោធា​របស់​រដ្ឋការ​លោក បៃដិន រយៈពេល​មួយ​ឆ្នាំ​ទៀត​នៅ​ឆ្នាំ​២០២៥ ដែល​នេះ​ជា​គោលដៅ​ក្រុង​វ៉ាស៊ីនតោន ពង្រឹង​សមត្ថភាព​ការពារ​ជាតិ​សម្រាប់​ប្រទេស​អ៊ុយក្រែន។

ក្នុង​ពេល​បញ្ជាក់​ពី​ការ​ធានា​ជំនួយ​អន្តរជាតិ​សម្រាប់​អ៊ុយក្រែន សេតវិមាន​ប្រកាស​ពី​ជំនួយ​យោធា​នៅ​សល់​ចុងក្រោយ​នៃ​រដ្ឋការ​លោក បៃដិន ៧២៥​លាន​ដុល្លារ​ថា​កំពុង​រៀបចំ​ចាត់ចែង​ទិញ​អាវុធ​ផលិត​នៅ​អាមេរិក ទៅ​ឱ្យ​អ៊ុយក្រែន នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២៤។

តាម​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Blinken ក្នុង​ជំនួយ ៧២៥​លាន​ដុល្លារ រួម​មាន​មីស៊ីល គ្រាប់កាំភ្លើង​ធំ គ្រាប់រំសេវ គ្រាប់មីន​ប្រឆាំង​មនុស្ស និង​អាវុធ​មួយ​ចំនួន​ទៀត។

លោក Blinken អះអាង​ទៀត​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​ជាង ៥០​ផ្សេង​ទៀត បាន​និង​កំពុង​សាមគ្គី​គ្នា​ដើម្បី​ធានា​ឱ្យ​បាន​ថា អ៊ុយក្រែន​មាន​សមត្ថភាព​តាម​តម្រូវការ​ចាំបាច់​ក្នុង​ការ​ការពារ​ខ្លួនឯង​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​រុស្ស៊ី។

កាលពី​ថ្ងៃទី​១ ធ្នូ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ថ្មី លោក Antonio Costa និង​ប្រធាន​កិច្ចការ​នយោបាយ​បរទេស​នៃ​សហភាព​អឺរ៉ុប​ថ្មី អ្នកស្រី Kaja Kallas បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋធានី​គៀវ ជា​ថ្ងៃ​ដែល​មេដឹកនាំ​ថ្មី​អឺរ៉ុប​ទាំង​ពីរ​រូប​ចូល​កាន់​តំណែង​របស់​ពួកគាត់។

មេដឹកនាំ​ថ្មី​ទាំង​ពីរ​រូប​នៃ​សហភាព​អឺរ៉ុប បាន​ជួប​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ហើយ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​នៅ​រដ្ឋធានី​គៀវ។ មេដឹកនាំ​សហភាព​អឺរ៉ុប​ទាំង​ពីរ​រូប​នេះ បាន​សន្យា​បន្ត​គាំទ្រ​អ៊ុយក្រែន រហូត​រុស្ស៊ី យល់ព្រម​បញ្ចប់​សង្គ្រាម។

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ថ្មី លោក Antonio Costa បាន​ប្រកាស​ថា សហភាព​អឺរ៉ុប​នឹង​ប្រមូល​ប្រាក់កម្ចី​ដែល​បាន​ពី​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី ឱ្យ​បាន ១៥០០​លាន​អឺរ៉ូ ឬ​ជាង ១៥៧៩​លាន​ដុល្លារ​សម្រាប់​មួយ​ខែៗ​ទៅ​ឱ្យ​អ៊ុយក្រែន ជា​រៀង​រាល់​ខែ​សម្រាប់​ឆ្នាំ​២០២៥។

សហភាព​អឺរ៉ុប​ជា​សហគមន៍​មួយ​មាន ២៧​ប្រទេស។ សហគមន៍​មួយ​នេះ​បាន​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​អ៊ុយក្រែន គិត​ជា​ទឹកប្រាក់​ប្រហែល ១៣៣​ពាន់​លាន​ដុល្លារ ចាប់តាំងពី​សង្គ្រាម​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន ផ្ទុះ​ឡើង៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស