30 C
Phnom Penh

កូនឈើ​ជាង​១៥​ម៉ឺន​ដើម​កំពុង​លូតលាស់​នៅ​សួន​ភ្នំ​តាម៉ៅ​បន្ទាប់ពី​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា កាលពី​ជាង​១​ឆ្នាំ​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនឈើ​ប្រមាណ ១៥​ម៉ឺន ៥​ពាន់​ដើម (១៥៥០០០​ដើម) ដែល​រួម​មាន​ប្រភេទ​ឈើ​បេង ធ្នង់ នាងនួន និង​ក្រញូង បាន​និង​កំពុង​ដុះ​លូតលាស់​លើ​ផ្ទៃដី ៥៣០​ហិកតារ​នៃ​សួន​ភូតគាម​ឈើ​ប្រណិត​ភ្នំ​តាម៉ៅ ក្រោយពី​ជាង ១​ឆ្នាំ​មុន​ដែល​ត្រូវ​បាន​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ​អស់​ជាង ៥០០​ហិកតារ​ក្រោម​រូបភាព​អភិវឌ្ឍ។

អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម លោក ឃឹម ហ្វីណង់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រោយ​មាន​ការ​ឈូស​ឆាយ​ដី​ព្រៃ​ជាង ៥០០​ហិកតារ​ក្រោម​រូបភាព​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​មួយ​នៅ​តំបន់​ភ្នំ​តាម៉ៅ កាលពី​ជាង ១​ឆ្នាំ​មុន បច្ចុប្បន្ន​នេះ កូនឈើ​ប្រណិត​ត្រូវ​បាន​ដាំដុះ​ឡើងវិញ​បាន​ប្រមាណ ១៥​ម៉ឺន ៥​ពាន់​ដើម​នៅ​សួន​ភូតគាម​ភ្នំ​តាម៉ៅ លើ​ផ្ទៃដី​ទំហំ ៥៣០​ហិកតារ។ កូនឈើ​ប្រណិត​ទាំងនោះ​រួម​មាន​ប្រភេទ​ឈើ​បេង ធ្នង់ នាងនួន ក្រញូង និង​ច្រែស ជាដើម។

អ្នក​នាំពាក្យ​ដដែល​បាន​លើកឡើង​ថា ចំនួន​នេះ​នឹង​អាច​កើន​ឡើង​ជា​បន្ត​ទៀត ខណៈ​ស្ថានភាព​កូនឈើ​បច្ចុប្បន្ន​ដុះ​លូតលាស់​បាន​យ៉ាង​ល្អ​ប្រសើរ។

អ្នក​នាំពាក្យ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ​២០២២ កន្លង​ទៅ បញ្ជាការដ្ឋាន​អង្គរក្ស​បាន​ដាំដុះ​កូនឈើ​ប្រណិត​មាន​ដូចជា បេង ធ្នង់ នាងនួន ក្រញូង និង​ច្រែស ប្រមាណ​ជាង ១៥​ម៉ឺន​ដើម។ លោក​បន្ត​ថា ទោះបីជា​ឆ្លងកាត់​នូវ​រដូវប្រាំង​ក៏ដោយ ក៏​កូនឈើ​ដែល​អាច​រក្សា​បាន​នូវ​ការ​លូតលាស់​ល្អ គឺ​មាន​តែ​ចំនួន ៩០%។

រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម បាន​ដាំ​បន្ថែម ឬ​ដាំ​ជួស​កូនឈើ​ប្រណិត​ប្រមាណ ២​ម៉ឺន​កូន​បន្ថែម​ទៀត​ក្នុង​រដូវវស្សា​ឆ្នាំ​២០២៣ នេះ ហើយ​ក៏​បាន​បង្កើត​ថ្នាល​បណ្ដុះ​កូនឈើ​មួយ​កន្លែង​ដែល​មាន​កូនឈើ​សម្រាប់​បណ្ដុះ​ប្រភេទ​ធ្នង់ បេង ក្រញូង និង​នាងនួន ជាង ៨​ម៉ឺន​កូន ទុក​បម្រុង​សម្រាប់​ដាំ​ជួស​ផង​ដែរ។

គិត​មក​ទល់​នឹង​ពេលនេះ គឺ​មាន​រយៈពេល​ប្រមាណ ១​ឆ្នាំ ៣​ខែ​ហើយ​ដែល​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បញ្ឈប់​ការ​ឈូស​ឆាយ​ដី​នៅ​តំបន់​ភ្នំ​តាម៉ៅ នេះ និង​ប្រគល់​ឲ្យ​ស្ថិត​ក្រោម​ការ​ការពារ និង​អភិរក្ស​ដោយ​ក្រសួង​កសិកម្ម។

កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២២ ក្រុមហ៊ុន​ឯកជន​ចំនួន ៣ រួម​មាន​ក្រុមហ៊ុន Bati Tourism & Development ក្រុមហ៊ុន TP Moral Group និង​ក្រុមហ៊ុន China Poipet Satellite City បាន​សហការ​គ្នា​ដោយ​មាន​ការ​ឯកភាព​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដាក់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ឈូស​ឆាយ​ព្រៃឈើ​នៅ​ឧទ្យាន​សួន​សត្វ​ភ្នំ​តាម៉ៅ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្ត​តាកែវ ដើម្បី​ប្រកប​អាជីវកម្ម​របស់​ពួកគេ។

ការ​ឈូស​ឆាយ​ព្រៃឈើ​នៅ​ឧទ្យាន​សួន​សត្វ​ភ្នំ​តាម៉ៅ នេះ ត្រូវ​សកម្មជន​ព្រៃឈើ​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំងនេះ​មាន​បំណង​បង្កើត​អាជីវកម្ម​ដី​ឡូត៍​ដែល​អាច​លក់​បាន​ក្នុង​តម្លៃ​ប្រមាណ​ជា ៣៦​ដុល្លារ​អាមេរិក​ក្នុង ១​ម៉ែត្រ​ការ៉េ។ ដូច្នេះ ទំហំ​ដី​ជិត ៦០០​ហិកតារ​ដែល​ពួកគេ​ទទួល​បាន​សិទ្ធិ​កាន់កាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ទំហំ​ស្មើ​នឹង ៦​លាន​ម៉ែត្រ​ការ៉េ​នោះ ពួកគេ​នឹង​ទទួល​បាន​ចំណូល​ត្រឡប់​មក​វិញ​ប្រមាណ​ជាង ២០០​លាន​ដុល្លារ​អាមេរិក​ពី​ការ​ឈូស​ឆាយ​ព្រៃ​នៅ​តំបន់​ឧទ្យាន​សួន​សត្វ​ភ្នំ​តាម៉ៅ នោះ។

ព្រះរាជក្រឹត្យ​កាលពី​ខែ​សីហា ឆ្នាំ​២០២២ បាន​កំណត់​ថា តំបន់​ការពារ​ភ្នំ​តាម៉ៅ មាន​ផ្ទៃដី​សរុប ២០២៥​ហិកតារ ស្ថិត​នៅ​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ ក្នុង​នោះ​ផ្ទៃដី ១០២១​ហិកតារ​ជា​តំបន់​ព្រៃ​ការពារ​សម្រាប់​ស្ដារ​លទ្ធភាព​សត្វ​ព្រៃ ចំណែក ៥៣០​ហិកតារ​ជា​តំបន់​សួន​ភូតគាម​ឈើប្រណិត​ភ្នំ​តាម៉ៅ និង​ផ្ទៃដី ៤៧៤​ហិកតារ​ជា​តំបន់​ឧទ្យាន​សួន​សត្វ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស