លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់កម្ពុជាដែលកំពុងចម្លងការដឹកនាំតាមបែបកុម្មុយនីស្តពីឪពុក លើកឡើងថា រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកនៅពេលនេះ គឺកំពុងផ្ដោតការយកចិត្តទុកដាក់ជាពិសេសទៅលើការធ្វើទំនើបកម្មសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជាដែលត្រូវឪពុកលើកបន្តុបលោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី២៨ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេសនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា រាជរដ្ឋាភិបាលអាណត្តិទី៧ នេះកំពុងផ្ដោតការយកចិត្តទុកដាក់ជាពិសេសទៅលើការធ្វើទំនើបកម្មសមត្ថភាពកងទ័ព ដើម្បីការពារខ្លួនប្រកបដោយប្រសិទ្ធភាព។ ជាក់ស្តែង កម្ពុជាកំពុងតែពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងក្លាចំពោះមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលកម្ពុជានឹងបន្តប្រកាន់យកនយោបាយការពារដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីការពារសម្រាប់វិស័យការពារជាតិ ដោយផ្ដោតសំខាន់ទៅលើការការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ជាពិសេសត្រូវការពារសន្តិភាពដែលរកបានដោយលំបាកនោះ។
កូនប្រុសមេដឹកនាំក្រាញអំណាចតត្រកូលលោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ ពង្រឹងសមត្ថភាពកងទ័ពឱ្យកាន់តែខ្លាំងក្លាទៅលើការពង្រឹងប្រព័ន្ធការពារជាតិរបស់ខ្លួនឱ្យកាន់តែសកម្ម ក្រោមការធ្វើទំនើបកម្មសំខាន់ៗ ដូចជា ទំនើបកម្មរចនាសម្ព័ន្ធ ទំនើបកម្មការហ្វឹកហ្វឺន និងទំនើបកម្មគ្រឿងបំពាក់ផ្សេងៗផងដែរ។
មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជា គឺមានទីតាំងនៅតំបន់រាម ដែលមានទំហំផ្ទៃដីជិត ២០០ហិកតារ (១៩០ហិកតារ) នៅភាគអាគ្នេយ៍នៃទីរួមខេត្តព្រះសីហនុ ហើយមូលដ្ឋានទ័ពជើងទឹកនេះបានក្លាយជាកន្លែងនៃការហ្វឹកហ្វឺន និងសមយុទ្ធកងទ័ពជើងទឹករួមគ្នាប្រចាំឆ្នាំរវាងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែក្រោយមក កម្ពុជាបានផ្អាកការហ្វឹកហាត់ជាមួយអាមេរិក និងបានវាយកម្ទេចអគារដែលជាជំនួយរបស់អាមេរិកនៅទីនោះផងដែរ។
មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ធ្លាប់បានលើកឡើងថា ប្រវែងកំពង់ផែរាមដែលចិនបានសាងសង់សម្រាប់កម្ពុជា គឺមានសមត្ថភាពអាចឱ្យនាវាផ្ទុកយន្តហោះរបស់ចិនចូលចតបាន ព្រោះថានាវាផ្ទុកយន្តហោះរបស់ចិនមានប្រវែងប្រមាណជា ៣០០ម៉ែត្រ ចំណែកប្រវែងកំពង់ផែនៅតំបន់ជើងទឹករាម គឺមានប្រវែងប្រមាណជា ៣៣៥ម៉ែត្រដែរនោះ។
មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក បញ្ជាក់ថា បើផ្អែកតាមភស្តុតាងនានា និងភស្តុតាងជាក់ស្តែងនៃទំហំកំពង់ផែនេះ គឺមានន័យថា កំពង់ផែរាមកំពុងត្រូវបានសាងសង់ឡើងជាពិសេសដើម្បីការចតនាវាផ្ទុកយន្តហោះរបស់ចិនតែម្តង ហើយហេតុផល គឺនៅត្រង់ថា ប្រទេសកម្ពុជាគ្មាននាវាចម្បាំង ឬនាវាផ្ទុកយន្តហោះដែលមានប្រវែងរហូតត្រូវការកំពង់ផែប្រវែងជាង ៣០០ម៉ែត្រសម្រាប់សំចតនោះទេ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ បាញ់ បានចោទថា ការលើកឡើងរបស់សហរដ្ឋអាមេរិកដោយចោទប្រកាន់មកលើកម្ពុជាជាបន្តបន្ទាប់ ថាកម្ពុជាបានអនុញ្ញាតឲ្យចិនតាំងមូលដ្ឋានកងទ័ពជើងទឹកនៅតំបន់រាមនោះ គឺគ្មានចង់បានអ្វីក្រៅពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ។
កាលពីដើមខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចវាយកម្ទេចអគារមួយក្នុងចំណោមអគារជាច្រើននៅក្នុងមូលដ្ឋានទ័ពរាម ដែលសាងសង់ដោយថវិកាជំនួយរបស់សហរដ្ឋអាមេរិក កាលពីអំឡុងខែសីហា ឆ្នាំ២០១២ កន្លងទៅ។ បញ្ហានេះ សហរដ្ឋអាមេរិកបានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះការវាយកម្ទេចអគារដែលជានិមិត្តសញ្ញានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
កាលពីអំឡុងឆ្នាំ២០១៨ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence ធ្លាប់បានសរសេរលិខិតផ្លូវការមួយច្បាប់ទៅមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ដោយបង្ហាញអំពីកង្វល់ចម្បងបំផុតនៃមូលដ្ឋានយោធាចិននៅកម្ពុជា និងព្រមានថា ប្រសិនបើកម្ពុជាផ្តល់មូលដ្ឋានតំបន់រាម ឱ្យកងទ័ពជើងទឹកចិន ឈរជើងមែននោះ នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកដោយចៀសមិនផុតនោះទេ។
ជុំវិញបញ្ហានេះ កាសែតអាមេរិក The Wall Street Journal កាលពីខែកក្កដា ឆ្នាំ២០១៩ បានចុះផ្សាយអត្ថបទមួយដោយអះអាងថា កម្ពុជានិងចិនបានចុះហត្ថលេខាជាសម្ងាត់លើកិច្ចព្រមព្រៀងយោធាមួយជាមួយគ្នា។
ប្រភពដដែលបន្តថា កិច្ចព្រមព្រៀងនោះ កម្ពុជាបានអនុញ្ញាតឲ្យចិនមានសិទ្ធិផ្ដាច់មុខប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាម ក្នុងរយៈពេល ៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តឡើងវិញនៅរៀងរាល់ ១០ឆ្នាំម្ដង៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

