28 C
Phnom Penh

កាសែត​អាមេរិកាំង​ផ្សាយ​ករណី​គំរាម​សម្លាប់​អ្នកកាសែត​ខ្មែរ-អាមេរិកាំង​ប្រចាំ The Cambodia Daily

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាសែត​អាមេរិកាំង​ដ៏​ល្បីល្បាញ ទាំង​ក្នុង​សហរដ្ឋ​អាមេរិក ទាំង​លើ​ពិភពលោក The Washington Post បាន​ផ្សាយ​អត្ថបទ​មួយ​អំពី​លោក តាំង សារ៉ាដា ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ដែល​មាន​អាជីព​ជា​អ្នក​កាសែត​ធ្វើការ​ឱ្យ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឈ្មោះ The Cambodia Daily ដែល​ផ្សាយ​ជា​ភាសា​ខ្មែរ​នៅ​ទូទាំង​ពិភពលោក។

លោក​ជា​អ្នក​បង្កើត​កម្មវិធី​ពិភាក្សា​មួយ​ដែល​មាន​ឈ្មោះ​ថា Idea Talk។ វា​ជា​កម្មវិធី​ដ៏​ល្បីល្បាញ​មួយ​ដែល​អាច​ទាក់ទាញ​អ្នក​ចូល​ទស្សនា​ពី​រវាង ៥​ម៉ឺន​ទៅ ៨​ម៉ឺន​នាក់ និង​មាន​អ្នក​ចូល​ទស្សនា​តាម​អនឡាញ​រហូត​ដល់​ទៅ​ជាង ១២​លាន​នាក់​ក្នុង​មួយ​ខែ។

លោក តាំង សារ៉ាដា ក៏​តែង​ចុះផ្សាយ​ព័ត៌មាន​ស៊ើបអង្កេត​អំពី​ករណី​ពុករលួយ ការ​លាង​លុយ​កង្វក់ ការ​រំលោភ​ដីធ្លី ការ​បំផ្លាញ​ព្រៃឈើ ការ​រំលោភ​សិទ្ធិមនុស្ស ការ​ជួញដូរ​មនុស្ស​ដែល​សុទ្ធសឹងតែ​ជា​រឿង​បក​អាក្រាត​នូវ​រឿង​អាស្រូវ​របស់​ក្រុម​មន្ត្រី អ្នកជំនួញ​គ្រាក់ៗ និង​អ្នក​មាន​ប្រាក់​ស្ដុកស្ដម្ភ​ក្នុង​ជួរ​រដ្ឋាភិបាល​ផ្ដាច់ការ។

កាលពី​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៣ ប៉ុន្មាន​សប្ដាហ៍​មុន​ការ​បោះឆ្នោត​ជាតិ លោក តាំង សារ៉ាដា បាន​ទទួល​សារ​សំឡេង​ចំនួន​ពីរ​លើ​បណ្ដាញ​ហ្វេសប៊ុក ដែល​បុរស​ម្នាក់​ឈ្មោះ ផែង វណ្ណៈ បាន​គំរាម​សម្លាប់​លោក​ដោយ​ពុះ​ក្បាល​នឹង​ពូថៅ ប្រសិនបើ​លោក​ហ៊ាន​ត្រឡប់​មក​ជាន់​ទឹកដី​ប្រទេស​កម្ពុជា​វិញ។

ចំណែក​សារ​សំឡេង​ទី​ពីរ ក៏​ជា​សារ​គំរាម​សម្លាប់​ដែរ ដែល​លោក ផែង វណ្ណៈ អះអាង​ថា​លោក​មាន​មិត្តភ័ក្ដិ​ជាច្រើន​នៅ​ក្រៅ​ប្រទេស រួម​សហរដ្ឋ​អាមេរិក ហើយ​អ្នក​ទាំងនោះ​ក៏​មិន​ចូលចិត្ត​លោក តាំង សារ៉ាដា ដែរ។ លោក ផែង វណ្ណៈ គំរាម​ថា គ្នីគ្នា​របស់​គេ​នៅ​អាមេរិក​អាច​ទៅ​រក​លោក តាំង សារ៉ាដា ដោយ​គ្មាន​ញញើត​ផង​ដែរ។

លោក ផែង វណ្ណៈ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ស្និទ្ធ​នឹង​គ្រួសារ​ត្រកូល ហ៊ុន។

ដោយ​មាន​ប្រវត្តិ​ជា​អ្នក​សារព័ត៌មាន​ស៊ើបអង្កេត​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​មាន​បទពិសោធន៍​ជា​អ្នកកាសែត​ជាច្រើន​ឆ្នាំ ដោយ​ធ្លាប់​ធ្វើការ​ឱ្យ​វិទ្យុ​មួយ​នៅ​កម្ពុជា គឺ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ផ្សាយ​ជា​ខេមរភាសា (VOA) និង​វិទ្យុ​អាស៊ីសេរី (RFA) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន។

នៅ​ក្នុង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនេះ លោក តាំង សារ៉ាដា ក៏​តែងតែ​ទទួល​សារ​គំរាមកំហែង​ដែរ ប៉ុន្តែ​នៅ​ពេលនេះ​គាត់​ទទួល​សារ​សំឡេង​គំរាម​សម្លាប់​ដ៏​សាហាវ​បំផុត។

លោក តាំង សារ៉ាដា មាន​កូន​ប្រុស​ម្នាក់ ហើយ​ម្ដាយ​ឪពុក​ខាង​ប្រពន្ធ​របស់​គាត់​ជា​មនុស្ស​ចាស់​ណាស់​ទៅ​ហើយ​ដែល​រស់នៅ​ក្នុង​គ្រួសារ​ជាមួយ​គ្នា។

ផ្ទះ​របស់​គាត់ គឺ​ស្ថិត​នៅ​ក្នុង​អាមេរិក មាន​ដាក់​ឧបករណ៍​តាម​ចាប់​រូបភាព ដើម្បី​សុវត្ថិភាព​សម្រាប់​គ្រួសារ​របស់​គាត់ និង​រូប​គាត់​ផ្ទាល់។

ក្រោយ​មាន​ការ​គំរាម​របស់​លោក ផែង វណ្ណៈ ចុងក្រោយ​នេះ លោក តាំង សារ៉ាដា បាន​សម្រេច​ប្ដឹង​ទៅ​សមត្ថកិច្ច​ប៉ូលិស FBI និង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

ពាក្យបណ្ដឹង​របស់​គាត់​បាន​រៀបរាប់​ថា លោក​មាន​ក្តី​បារម្ភ​ពី​ជីវិត​របស់​លោក​ជា​ខ្លាំង រួម​ទាំង​សុវត្ថិភាព​របស់​មិត្ត​រួម​ការងារ និង​មិត្តភក្ដិ​ស្និទ្ធស្នាល​ជា​អ្នកកាសែត​ដូច​លោក​ឯ​ទៀត ដែល​ពួកគេ​សុទ្ធសឹងតែ​រង​នូវ​ការ​គំរាម​សម្លាប់ ហើយ​លោក​ពិត​ជា​មាន​ក្តី​បារម្ភ​ខ្លាំង​ណាស់។

ដោយ​ឆ្លើយតប​នឹង​ពាក្យបណ្ដឹង​លោក តាំង សារ៉ាដា ភ្នាក់ងារ FBI ចំនួន ២​នាក់​បាន​មក​សម្ភាស​សាកសួរ​លោក តាំង សារ៉ាដា ហើយ​បាន​ត្រួតពិនិត្យ​សំឡេង​សារ​ដែល​គំរាម​សម្លាប់​កាត់​ក្បាល​លោក តាំង សារ៉ាដា ទៀត​ផង។

ទីបំផុត ស្ថាប័ន FBI សម្រេច​ចាប់ផ្ដើម​តាមដាន​ស្ថានភាព និង​មុខសញ្ញា​ពាក់ព័ន្ធ​ទាំងឡាយ​ដែល​ជា​គោលដៅ​តាម​គំរាម​សម្លាប់​លោក តាំង សារ៉ាដា។

យោង​តាម​កាសែត The Washington Post ភ្នាក់ងារ FBI សម្រេច​ដាក់​ឈ្មោះ​លោក តាំង សារ៉ាដា ក្នុង​បញ្ជី​អាទិភាព​ដែល​ត្រូវ​តាម​ឃ្លាំមើល និង​ការពារ។

លោក តាំង សារ៉ាដា (ឆ្វេង) និង​លោក ផែង វណ្ណៈ

នៅ​លើ​ពិភពលោក​នេះ មេដឹកនាំ​ផ្ដាច់ការ ជន​ផ្ដាច់ការ តែងតែ​ចាត់​បញ្ជូន​ភ្នាក់ងារ​សម្ងាត់ ឬ​មនុស្ស​កំណាច​ទៅ​ធ្វើ​ឃាត ហើយ​ក្នុង​នោះ​ក៏​មាន​កម្លាំង​ចារកម្ម​របស់​រដ្ឋាភិបាល​ផ្ដាច់ការ​នោះ​តាម​ចាប់​ខ្លួន ចាប់​ពង្រត់ តាម​គំរាម​សម្លាប់ បំភិតបំភ័យ និង​យាយី​ចំពោះ​ក្រុម​ដែល​ហ៊ាន​និយាយ​ការពិត និង​រិះគន់។ ក្រុម​ដែល​រង​ការ​គំរាម​សម្លាប់​បំភិតបំភ័យ​នេះ ច្រើន​តែ​ជា​សកម្មជន អ្នក​នយោបាយ​បក្ស​ប្រឆាំង អ្នក​សារព័ត៌មាន អ្នក​ស្រាវជ្រាវ និង​សកម្មជន​សង្គម ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​ការ​ដឹកនាំ​នៃ​រដ្ឋាភិបាល​ផ្ដាច់ការ​នោះ។

ការ​គំរាមកំហែង​ពី​មេដឹកនាំ​ប្រទេស​ផ្ដាច់ការ​ទាំងនោះ ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ភាព​ខ្លាំង ហើយ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដឹកនាំ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​នោះ​ទៀត​ផង។

ខណៈ​នេះ អង្គការ​ឃ្លាំមើល​សេរីភាព​លើ​ពិភពលោក (Freedom House) បាន​ធ្វើការ​កត់សម្គាល់​ថា រយៈពេល​ជាង ២​ឆ្នាំ​មក​នេះ ប្រព័ន្ធ​ដឹកនាំ​បែប​ផ្ដាច់ការ​បាន​ប៉ះពាល់​ជា​ខ្លាំង​ដល់​សេរីភាព​បញ្ចេញមតិ សេរីភាព​នយោបាយ និង​វាយប្រហារ​ទៅ​លើ​សកម្មជន​សង្គម រួម​ទាំង​អ្នក​សារព័ត៌មាន​ផង​ដែរ ខណៈ​ពួកគេ​ប្រើប្រាស់​អាជីព​របស់​ខ្លួន​ក្នុង​យុទ្ធនាការ​ការពារ​សេរីភាព​របស់​មនុស្ស។

របប​ផ្ដាច់ការ​ទាំងនោះ បាន​សិក្សា​អំពី​របៀប​ឆ្លើយតប​គ្រប់​កាលៈទេសៈ គ្រប់​ទម្រង់ ទាំង​ហិង្សា ទាំង​សកម្មភាព​ប្រើប្រាស់​ឧបករណ៍​គំរាមកំហែង ហើយ​ពួកគេ​តែងតែ​ប្រើ​មធ្យោបាយ​ចុងក្រោយ គឺ​ចាប់​ពង្រត់ និង​ប្រើ​អំពើ​ហិង្សា​វាយតប់​ទៅ​លើ​ក្រុម​អ្នក​ដែល​ជា​មុខសញ្ញា​របស់​រដ្ឋាភិបាល​ផ្ដាច់ការ​ដែល​ត្រូវ​តាម​កម្ទេច។

អង្គការ Freedom House បាន​ធ្វើការ​កត់សម្គាល់​ទៀត​ថា ៩​ឆ្នាំ​កន្លង​មក​នេះ អំពើ​គំរាមកំហែង​ឆ្លងដែន​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​ជនរងគ្រោះ។ កាលពី​ឆ្នាំ​២០២១ យ៉ាងហោច​ណាស់​មាន​អំពើ​គំរាម និង​ការ​យាយី​លើ​រូប​រាងកាយ​យ៉ាងហោច​ណាស់​មាន​ចំនួន ៦០៨​ករណី ប៉ុន្តែ​ឥឡូវ​ករណី​នេះ​បាន​កើន​ឡើង​ដល់​ទៅ ៨៥៤​ករណី​ហើយ ហើយ​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​ផ្ដាច់ការ​នោះ​យ៉ាងតិច ៣៨​នាក់ ចេញ​មុខ​ខ្លាំង​ក្នុង​ការ​គំរាម​សម្លាប់​ទៅ​លើ​ក្រុម​ប្រឆាំង អ្នក​រិះគន់ អ្នក​សារព័ត៌មាន និង​អ្នក​ដែល​ហ៊ាន​ផ្សាយ​រឿង​ពិត​របស់​ខ្លួន​សម្រាប់​ប្រទេស​ចំនួន ៩១។

ប្រទេស​ចំនួន ១០ ដែល​មាន​ការ​គំរាមកំហែង​ខ្ពស់​បំផុត​ទៅ​លើ​អ្នក​រិះគន់ មាន​ប្រទេស​ចិន ប្រទេស​តួកគី ប្រទេស​តាជីគីស្ថាន ប្រទេស​រុស្ស៊ី ប្រទេស​អេហ្ស៊ីប ប្រទេស​ទើកមីនីស្ថាន ប្រទេស​អ៊ុយបេគីស្ថាន ប្រទេស​បេឡារ៉ូស ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​រ៉វ៉ាន់ដា។

យោង​តាម​សេចក្តី​រាយការណ៍​ពី​អង្គការ Human Rights Watch ដែល​ផ្សាយ​ថ្មីៗ​នេះ​បាន​និយាយ​អំពី​ការ​ប្រព្រឹត្ត ការ​សម្លាប់ ការ​ចាប់​ពង្រត់ ការ​ប៉ុនប៉ង​សម្លាប់ ការ​ប៉ុនប៉ង​ចាប់​ពង្រត់ និង​ការ​បាត់​ខ្លួន​អ្នក​រិះគន់ និង​ក្រុម​ប្រឆាំង រួម​ទាំង​ការ​ធ្វើ​ទារុណកម្ម​លើ​រូប​រាងកាយ​ទៀត​ផង ជាពិសេស​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​បែប​ផ្ដាច់ការ​និយម។

ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដូចនេះ ពលរដ្ឋ​ដែល​រស់នៅ​ក្រោម​របប​ផ្ដាច់ការ​ទាំងនោះ ចាំបាច់​ត្រូវ​នាំគ្នា​រត់​ភៀស​ខ្លួន​ពី​ប្រទេស​កំណើត​របស់​ខ្លួន។

ចំណែក​សារព័ត៌មាន The Cambodia Daily ដែល​មាន​លោក តាំង សារ៉ាដា ជា​ប្រធាន​ខាង​ផ្នែក​គ្រប់គ្រង​អ្នក​សារព័ត៌មាន និង​ការ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​គេ​កត់សម្គាល់​ថា តែងតែ​ផ្សាយ​អំពី​ហេតុការណ៍​ដែល​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ទាំងឡាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សារព័ត៌មាន​នេះ​ក៏​តែងតែ​ចុះផ្សាយ​អំពី​ស្ថានភាព​ដែល​ប្រទេស​កម្ពុជា បច្ចុប្បន្ន​នេះ​កំពុង​ធ្លាក់​នៅ​ក្នុង​សមរភូមិ​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​កណ្ដាប់ដៃ​ប្រទេស​ចិន ផង​ដែរ។

មិន​តែប៉ុណ្ណោះ សារព័ត៌មាន​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតុន មួយ​នេះ បាន​ចុះផ្សាយ​ជាច្រើន​នូវ​រឿង​អាស្រូវ​របស់​បុគ្គល​ល្បីៗ​នៅ​ប្រទេស​កម្ពុជា ដែល​កំពុង​កាង​ពីក្រោយ​ដោយ​រដ្ឋាភិបាល។ ទាំងនេះ​ហើយ​ដែល​លោក តាំង សារ៉ាដា អ្នកកាសែត The Cambodia Daily ត្រូវ​រង​ការ​គំរាមកំហែង​រហូត​ដល់​គំរាម​សម្លាប់​ផ្ដាច់​ជីវិត​ទៀត​ផង។

សំណុំរឿង​គំរាម​សម្លាប់​លោក តាំង សារ៉ាដា ដែល​កាសែត The Washington Post ដ៏​ល្បី​នៅ​លើ​ពិភពលោក​បាន​ចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​ខ្លួន កំពុងតែ​ទាក់ទាញ​យ៉ាង​ខ្លាំង​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ជាច្រើន​ដែល​បាន​ដកស្រង់​ធ្វើការ​ប្រែ​សម្រួល និង​ផ្សាយ​បន្ត​ថែម​ទៀត។

លោក តាំង សារ៉ាដា ជា​អ្នកកាសែត​ខ្មែរ-អាមេរិកាំង​ដំបូង​គេ​បង្អស់​ដែល​ទទួល​ការ​គំរាម​សម្លាប់​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ហើយ​ត្រូវ​បាន​ចុះផ្សាយ​ដោយ​កាសែត​អាមេរិកាំង The Washington Post៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស