29 C
Phnom Penh

លោក ផែង វណ្ណៈ គំរាម​សម្លាប់​លោក តាំង សារ៉ាដា ដោយ​ផ្ទាល់​ដៃ​បើ​មាន​វត្តមាន​លើ​ទឹកដី​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ខាង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន The Cambodia Daily ជា​ភាសា​ខ្មែរ​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន លោក តាំង សារ៉ាដា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ត្រូវ​បាន​សមាជិក​បក្ស​កាន់​អំណាច​ដែល​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន គឺ​លោក ផែង វណ្ណៈ គំរាម​សម្លាប់​ដោយ​ពុះ​ក្បាល​នឹង​ពូថៅ ប្រសិនបើ​លោក​ហ៊ាន​មក​ជាន់​ទឹកដី​ខ្មែរ​នៅ​ថ្ងៃ​ណា​មួយ ហើយ​ថា​គេ​ក៏​មាន​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក​ដែល​មិន​ចូលចិត្ត​លោក តាំង សារ៉ាដា ដែរ។

លោក ផែង វណ្ណៈ បាន​ផ្ញើ​សារ​ជា​សំឡេង​ទៅ​កាន​ទំព័រ​ហ្វេសប៊ុក​របស់​លោក តាំង សារ៉ាដា កាលពី​ថ្ងៃ​ចន្ទ ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រមាណ​ជា ១០​ព្រឹក​ម៉ោង​នៅ​សហរដ្ឋ​អាមេរិក ដោយ​គំរាម​ផ្តាច់​ជីវិត​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន The Cambodia Daily ជា​ភាសា​ខ្មែរ​រូប​នេះ ស្រប​ពេល​ដែល​លោក តាំង សារ៉ាដា មិន​ដែល​មាន​ទំនាក់ទំនង ឬ​ឈ្លោះ​ប្រកែក​ជា​ពាក្យ​សម្ដី​ជាមួយ​លោក ផែង វណ្ណៈ នោះ​ឡើយ។

លោក ផែង វណ្ណៈ ដែល​ឧស្សាហ៍​ជេរ​ប្រមាថ​មាក់ងាយ​អ្នកដទៃ​ជា​សាធារណៈ បាន​គំរាម​នៅ​ក្នុង​សារ​សំឡេង​នោះ​ថា «សូម​លោក តាំង សារ៉ាដា ប្រយ័ត្ន​ខ្លួន ព្រោះ​នៅ​ទឹកដី​សហរដ្ឋ​អាមេរិក​ក៏​មាន គេដែល​លោក​ចង់​សំដៅ​ដល់​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិន​ចូលចិត្ត​លោក តាំង សារ៉ាដា ហើយ គេក៏​អាច​ធ្វើ​បាប​លោក តាំង សារ៉ាដា តាម​វិធី​ណា​ក៏​បាន​នៅ​គ្រប់​ពេលវេលា​ទាំងអស់»

ជាង​នេះ​ទៀត លោក ផែង វណ្ណៈ ក៏​បាន​គំរាម​ថា ប្រសិនបើ​ថ្ងៃ​ណា​មួយ​លោក តាំង សារ៉ាដា ហ៊ាន​មក​ជាន់​ទឹកដី​ខ្មែរ លោក​នឹង​ចេញ​មុខ​សម្លាប់​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន The Cambodia Daily ជា​ភាសា​ខ្មែរ​រូប​នេះ​ដោយ​ផ្ទាល់​ដៃ​របស់​លោក​តែម្តង។

ក្រៅពី​គំរាម​សម្លាប់​ជីវិត​លោក តាំង សារ៉ាដា ហើយ លោក ផែង វណ្ណៈ ក៏​បាន​ជេរប្រមាថ​លើ​ក្រុម​គ្រួសារ ដូចជា​ម្តាយ និង​ភរិយា​របស់​លោក ដោយ​ការ​ប្រើ​ពាក្យ​អសុរោះ​ជា​ទីបំផុត ហើយ​ដែល​មនុស្ស​មាន​សីលធម៌​មិន​អាច​និយាយ​ទៅ​កើត។

ការ​គំរាម​សម្លាប់​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន The Cambodia Daily ជា​ភាសា​ខ្មែរ លោក តាំង សារ៉ាដា បាន​អញ្ជើញ​វាគ្មិន​ឱ្យ​ចូលរួម​កិច្ច​សម្ភាសន៍​ក្នុង​កម្មវិធី Idea Talk របស់​សារព័ត៌មាន The Cambodia Daily ដែល​បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​អំណាច​នៃ​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» ដែល​ញាំញី​ទៅ​ដោយ​ការ​រំលោភ​អំណាច ការ​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ជម្លោះ​ផ្ទៃក្នុង​របស់​បក្ស​ប្រជាជន​កម្ពុជា ក្នុង​បំណង​លើក​ស្ទួយ​លោក ហ៊ុន ម៉ាណែត ឱ្យ​ស្នង​អំណាច​ពី​លោក ហ៊ុន សែន ទៅ​ថ្ងៃ​មុខ។

ការ​គំរាម​សម្លាប់​ផ្តាច់​ជីវិត​លោក តាំង សារ៉ាដា ពី​សំណាក់​លោក ផែង វណ្ណៈ នេះ មិនមែន​ជា​លើក​ទី​មួយ​ទេ ព្រោះ​ថា​បុគ្គល​រូប​នេះ​ធ្លាប់​បាន​ប្រព្រឹត្ត​អំពើ​អសីលធម៌​បែប​នេះ​ទៅ​លើ​អ្នកដទៃ​ទៀត​ជាច្រើន​លើក​រួច​មក​ហើយ ប៉ុន្តែ​គ្មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​មួយ​ចាត់​វិធានការ​ច្បាប់​លើ​បុគ្គល​រូប​នេះ​ឡើយ រហូត​មាន​ពេល​ខ្លះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏​បាន​ជួយ Like និង Share ដែល​ជា​ការ​បង្ហាញ​នូវ​ការ​គាំទ្រ​ទង្វើ​អសីលធម៌​របស់​បុគ្គល​នោះ​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២១ ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក លោក ផែង វណ្ណៈ ធ្លាប់​បាន​គំរាម​ថា ខ្លួន​នឹង​ជេរប្រមាថ​លោក តាំង សារ៉ាដា រហូត​ទាល់​តែ​ម្តាយ​របស់​លោក តាំង សារ៉ាដា ធ្លាក់​ខ្លួន​ឈឺ​ដោយ​ការ​ជេរប្រមាថ​របស់​ខ្លួន ក្នុង​នោះ លោក ផែង វណ្ណៈ បាន​ហៅ​ម្តាយ​លោក តាំង សារ៉ាដា ថា​ជា​ស្រី​សំផឹង​កប់ៗ​មាត់​តែម្តង។

ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​នៅ​ពេល​នោះ បុគ្គល​ដែល​តែង​ប្រើ​ពាក្យ​គ្មាន​សីលធម៌​រូប​នេះ បាន​គំរាម​ថា ខ្លួន​នឹង​ឱ្យ​ភ្នាក់ងារ​តាមដាន​លោក តាំង សារ៉ាដា ដើម្បី​ឱ្យ​ដឹង​ថា ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន The Cambodia Daily ជា​ភាសា​ខ្មែរ​រូប​នេះ​ចូល​ស្រុក​ខ្មែរ​នៅ​ពេល​ណា ប៉ុន្តែ​ការ​គំរាម​ទាំងនេះ​គ្មាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ណា​ម្នាក់ ឬ​ស្ថាប័ន​ណា​មួយ​ហៅ​បុគ្គល​នេះ​ទៅ​អប់រំ​ណែនាំ ឬ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​នៅឡើយ​រហូត​ដល់​ពេលនេះ។

សារព័ត៌មាន The Cambodia Daily ដែល​មាន​លោក តាំង សារ៉ាដា ជា​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​ខ្មែរ តែង​អញ្ជើញ​វាគ្មិន​នានា​មក​បកស្រាយ លាតត្រដាង​ពី​ការពិត​ដែល​បាន​កើតមាន​ក្នុង​សង្គម​ខ្មែរ តាមរយៈ​កម្មវិធី Idea Talk ដើម្បី​ផ្តល់​ជា​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ជុំវិញ​ពិភពលោក ក្នុង​គោលដៅ​លើក​ស្ទួយ​សិទ្ធិមនុស្ស លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ទៅ​តាម​វិជ្ជាជីវៈ​ជា​អ្នក​សារព័ត៌មាន​គ្រប់​កម្មវិធី​ផ្សាយ​ទាំងអស់។

ជាង​នេះ​ទៀត ក្នុង​កិច្ច​សម្ភាសន៍​តាមរយៈ​កម្មវិធី Idea Talk រហូត​មក ទាំង​វាគ្មិន​ដែល​បាន​ចូលរួម និង​លោក តាំង សារ៉ាដា ដែល​ជា​អ្នក​សម្របសម្រួល​កម្មវិធី​ផ្ទាល់ មិន​ដែល​បាន​ប្រើ​ពាក្យ​អសុរោះ ពាក្យ​អសីលធម៌ ឬ​ប្រើ​ភាសា​លាប​ពណ៌ មួលបង្កាច់​បុគ្គល​ណា ឬ​ស្ថាប័ន​ណា​ឡើយ គឺ​គ្រាន់តែ​ទម្លាយ​នូវ​ហេតុការណ៍​ទាំងឡាយ​ដែល​សារព័ត៌មាន​ក្នុង​ស្រុក​មិន​អាច​និយាយ​បាន ដោយសារ​មាន​ការ​គំរាមកំហែង​ពី​រដ្ឋាភិបាល ឬ​ដោយសារ​ពួកគេ​មិន​បាន​ដឹង​រឿង​សម្ងាត់​ដែល​បាន​កើតមាន​ក្នុង​រង្វង់​គ្រួសារ​អ្នក​មាន​អំណាច​នៅ​កម្ពុជា​ប៉ុណ្ណោះ។

យ៉ាងណា​ក៏ដោយ លោក ផែង វណ្ណៈ ក៏​ធ្លាប់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដែរ​កាលពី​ឆ្នាំ​២០១៩ ប៉ុន្តែ​មិនមែន​ដោយសារ​បុគ្គល​រូប​នេះ​គំរាម​អ្នកដទៃ​នោះ​ទេ គឺ​ដោយសារ​ការ​និយាយ​របស់​គាត់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ធ្វើ​ឱ្យ​ប៉ះពាល​ដល់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក្នុង​ជម្លោះ​របស់​បុគ្គល​រូប​នោះ​ជាមួយ​អគ្គនាយក​សារព័ត៌មាន Fresh News ដែល​ជា​អង្គភាព​មួយ​បម្រើ​ឱ្យ​គ្រួសារ​ត្រកូល​ហ៊ុន​ដោយ​ឥត​ងាករេ​ប៉ុណ្ណោះ។

ក្រោយ​ចេញពី​ពន្ធនាគារ គេ​សង្កេត​ឃើញ​ថា ពិត​មែន​តែ​លោក ផែង វណ្ណៈ កែប្រែ​លែង​ហ៊ាន​និយាយ​អ្វី​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​លោក ហ៊ុន សែន ប៉ុន្តែ​បុគ្គល​រូប​នេះ​នៅតែ​បន្ត​ប្រើ​អត្តចរិត​ព្រហើន​កោងកាច ព្រៃផ្សៃ យង់ឃ្នង អសីលធម៌ ជេរប្រមាថ​អ្នកដទៃ​ដូច​មុន​ដដែល ដោយ​មាន​មតិ​ខ្លះ​លើកឡើង​ថា​មាន​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ជា​អ្នក​ការពារ​ពីក្រោយ​ខ្នង។

ជាក់ស្តែង កាលពី​ពាក់កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​២០២៣ លោក ផែង វណ្ណៈ បាន​ជេរប្រមាថ​ទៅ​លើ​ស្ត្រី​អ្នក​សារព័ត៌មាន​ម្នាក់ គឺ​កញ្ញា ប៉ា សុខេង ដែល​ជា​បុគ្គលិក​សារព័ត៌មាន វីអូឌី យ៉ាង​ធ្ងន់ធ្ងរ ពាក់ព័ន្ធ​នឹង​ការ​បរិហារកេរ្តិ៍​ភេទ​របស់​ស្ត្រី ក្នុង​នោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​បាន​ទាមទារ​ឱ្យ​លោក ផែង វណ្ណៈ សុំទោស​លើ​សម្ដី​របស់​ខ្លួន​ដែល​បាន​ប្រមាថ​លើ​ស្ត្រី​អ្នក​សារព័ត៌មាន​នោះ​ផង​ដែរ ប៉ុន្តែ​ត្រូវ​បាន​លោក ហ៊ុន សែន ចេញ​មុខ​អន្តរាគមន៍​លើ​ករណី​នេះ។

ជាង​នេះ​ទៅ​ទៀត លោក ផែង វណ្ណៈ មិនមែន​ទើប​តែ​ជេរប្រមាថ និង​គំរាម​សម្លាប់​មនុស្ស​នៅ​ពេលនេះ​នោះ​ទេ គឺ​បុគ្គល​រូប​នេះ​ធ្លាប់​បាន​គំរាម​សម្លាប់​អ្នកដទៃ​ទៀត​តាំងពី​យូរ​មក​ហើយ។ ជាក់ស្តែង កាលពី​ឆ្នាំ​២០១៣ លោក ផែង វណ្ណៈ បាន​គំរាម​សម្លាប់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដោយ​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា ខ្លួន​នឹង​ទុក​គ្រាប់កាំភ្លើង​ចំនួន ៧​គ្រាប់​ឱ្យ​លោក កឹម សុខា ក្នុង​នោះ​គ្រាប់​ទី​១ បាញ់​យក​ដៃ​ឆ្វេង គ្រាប់​ទី​២ បាញ់​យក​ដៃ​ស្តាំ គ្រាប់​ទី​៣ បាញ់​ជើង​ឆ្វេង គ្រាប់​ទី​៤ បាញ់​ជើង​ស្តាំ គ្រាប់​ទី​៥ បាញ់​ពោះ គ្រាប់​ទី​៦ បាញ​បេះដូង និង​គ្រាប់​ទី​៧ បាញ់​ឱ្យ​ចំ​ក្បាល​លោក កឹម សុខា តែម្តង។

ក្រោយពី​លោក ផែង វណ្ណៈ បង្ហោះ​សារ​បែប​នេះ សមត្ថកិច្ច​បាន​ហៅ​លោក ផែង វណ្ណៈ មក​សួរនាំ​ដែរ ប៉ុន្តែ​បាន​ដោះលែង​ឲ្យ​រួច​ខ្លួន​វិញ ដោយ​គ្មាន​ការ​ស៊ើបអង្កេត និង​គ្មាន​ចំណាត់ការ​ផ្លូវច្បាប់​អ្វី​ទាំងអស់ បន្ទាប់ពី​បុគ្គល​រូប​នោះ​បាន​បដិសេធ​ថា ហ្វេសប៊ុក​របស់​ខ្លួន​ត្រូវ​គេ​លួច​យក​ទៅ​ប្រើ ប៉ុន្តែ​នៅ​មុន​សមត្ថកិច្ច​ហៅ​ទៅ​សាកសួរ លោក ផែង វណ្ណៈ មិន​ដែល​បាន​ប្រកាស​ពី​ការ​បាត់​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា​មាន​គេ​លួច​ប្រើ​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស