អតីតនាយកខុទ្ទកាល័យប្រធានបក្សប្រឆាំងភាគីលោក កឹម សុខា លើកឡើងថា ពួកគេនឹងធ្វើការរួបរួមជាមួយក្រុមណាដែលធ្វើសកម្មភាពដើម្បីលទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ ប៉ុន្តែពួកគេនឹងមិនរួបរួមជាមួយក្រុមណាដែលតស៊ូមតិឱ្យមានអំពើហិង្សា បំផ្លាញគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សឡើយ។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក មុត ចន្ថា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៦ វិច្ឆិកា នេះថា ការរួបរួមជាមួយអ្នកស្រឡាញ់ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ នៅតែជាបំណងប្រាថ្នារបស់អ្នកប្រជាធិបតេយ្យ និងជាបំណងរបស់ពលរដ្ឋខ្មែរដែលស្អប់ខ្ពើមអំពើជិះជាន់គាបសង្កិន គំរាមកំហែង និងការបំបិទសិទ្ធិសេរីភាព ហើយជំហរបែបនេះនឹងមិនអាចលុបបំបាត់ចេញពីឧត្តមគតិរបស់អ្នកស្នេហាជាតិខ្មែរគ្រប់រូបបានឡើយ។
លោក មុត ចន្ថា លើកឡើងថា ក្នុងនាមជាអ្នកប្រជាធិបតេយ្យ គឺយល់យ៉ាងច្បាស់ថា ការបែកបាក់នឹងនាំមកនូវការចុះខ្សោយនៃកម្លាំងអ្នកប្រជាធិបតេយ្យ ដែលជាហេតុធ្វើឱ្យអ្នកមានចេតនាបំផ្លាញជាតិ ដឹកនាំឆ្ពោះទៅកាន់អំណាចប្រមូលផ្ដុំ និងអំណាចផ្ដាច់ការដោយជោគជ័យ។
លោកបន្ថែមថា កាលណាលទ្ធិប្រជាធិបតេយ្យស្លាប់ ពលរដ្ឋខ្មែរម្ចាស់អំណាចនឹងបាត់បង់នូវអំណាចអធិបតេយ្យដោយស្វ័យប្រវត្តិ ហើយជោគវាសនាជាតិ នឹងអន្តរាយក្នុងដៃជនផ្ដាច់ការយ៉ាងពិតប្រាកដ។
មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងដ៏ធំនៅកម្ពុជារូបនេះ បញ្ជាក់ថា ក្នុងស្ថានភាពដ៏មហាសែនតូចចង្អៀតសព្វថ្ងៃនេះ បានរុញច្រានឱ្យអ្នកប្រជាធិបតេយ្យខ្លះដើរខុសទិសដៅបន្តិចក៏ពិតមែន ប៉ុន្តែបេះដូងស្នេហាលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ ច្បាស់ជាមិនប្រែប្រួលឡើយ ដែលនៅតែអាចរួបរួមគ្នាជាធ្លុងមួយ ដើម្បីបន្តដំណើរទៅមុខឆ្ពោះទៅរកគោលដៅស្ដារ និងសង្គ្រោះលទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៅកម្ពុជានាពេលខាងមុខឡើងវិញ។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ សមាជិកគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP USA) បានចេញសេចក្តីប្រកាសព័ត៌មានមួយ បន្ទាប់ពីមានការជួបជុំអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនៅក្រៅស្រុកក្នុងសិក្ខាសាលាមួយស្ដីពីពន្លឺប្រជាធិបតេយ្យ នៅក្នុងទីក្រុងអាល់វីន រដ្ឋតិចសាស សហរដ្ឋអាមេរិក។
សេចក្តីប្រកាសព័ត៌មានខាងលើបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំបានដំណើរអស់រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១១ និងថ្ងៃទី១២ ខែវិច្ឆិកា អង្គសិក្ខាសាលាទាំងមូលបានសម្រេចជាឯកច្ឆន្ទបង្កើតគណៈកម្មាធិការចំពោះកិច្ចនៃអ្នកប្រជាធិបតេយ្យ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ក្នុងគោលដៅបង្រួបបង្រួមអ្នកប្រជាធិបតេយ្យឈានទៅរកការផ្សះផ្សាជាតិ។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក សួន សុរីដា បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៤ វិច្ឆិកា នេះថា ដោយមើលឃើញពីការធ្លាក់ចុះនៃការដឹកនាំតាមបែបប្រជាធិបតេយ្យក្រោមការដឹកនាំបក្សកាន់អំណាចសព្វថ្ងៃនេះ ក្រុមអ្នកប្រជាធិបតេយ្យនៅលើពិភពលោកកាលពីដើមសប្តាហ៍កន្លងទៅ បានប្រមូលកម្លាំងស្នេហាជាតិឡើងវិញ ក្នុងបំណងសង្គ្រោះប្រជាធិបតេយ្យនៅកម្ពុជាដែលកំពុងធ្លាក់ដុនដាបសព្វថ្ងៃនេះ។
លោក សួន សុរីដា លើកឡើងថា ក្នុងកិច្ចប្រជុំពិសេសនេះ បានពិភាក្សាគ្នាផ្ដោតទៅលើផែនការអនាគតក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យដែលជាសកម្មភាពស្នូលរបស់ខ្លួន ដើម្បីជួយឱ្យពលរដ្ឋដែលជាម្ចាស់ប្រទេសទទួលបានសិទ្ធិពេញលេញក្នុងការសម្រេចជោគវាសនាជាតិរបស់ខ្លួនដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិរូបនេះបញ្ជាក់ថា ការបង្កើតគណៈកម្មាធិការចំពោះកិច្ចនៃអ្នកប្រជាធិបតេយ្យនេះ គឺធ្វើឡើងដោយបើកចំហទទួលយកការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការទាំងអស់ដែលជាអ្នកស្នេហាប្រជាធិបតេយ្យ សិទ្ធិសេរីភាព ក្នុងគោលដៅរួមតែមួយ គឺដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាឡើងវិញឱ្យខាងតែបាន៕