28.4 C
Phnom Penh

អង្គការ​ក្រៅ​រដ្ឋាភិបាល៖ កម្ពុជា​ក្លាយ​ជា​ឋានសួគ៌​ដ៏​សុខសាន្ត​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ក្រៅ​រដ្ឋាភិបាល រិះគន់​ថា ប្រព័ន្ធ​រដ្ឋបាល​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ជា​ឋានសួគ៌​ដ៏​សុខសាន្ត​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន ដែល​កំពុង​ប្រតិបត្តិការ​រក​ប្រាក់​ចំណេញ​ខុស​ពី​គោលការណ៍​របស់​សាជីវកម្ម​រូបិយប័ណ្ណ​អន្តរជាតិ (IFC) លើ​ប្រជាពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ។

មន្ត្រី​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២១ វិច្ឆិកា ថា ពិត​មែន​តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ចំណែក​ចូលរួម​ជួយ​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ប៉ុន្តែ​ក៏​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​កំពុង​កេង​យក​ផល​ប្រយោជន៍​ក្រោម​រូបភាព​នៃ​ស្ថាប័ន​ដែល​មាន​តួនាទី​ជួយ​ពលរដ្ឋ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។ លោក​បន្ត​ថា ជា​អកុសល ពួកគេ​មិន​បាន​អនុវត្ត​តាម​គោលការណ៍​របស់​ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ​ដែល​បាន​ផ្តល់​កម្ចី​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ​ទេ។

លោក ឃុន ថារ៉ូ លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ពលរដ្ឋ​ក្នុង​ប្រទេស​ដែល​ជំពាក់​បំណុល​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក ប៉ុន្តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខ្លះ​ក៏​កំពុង​ប្រតិបត្តិការ​ផ្តល់​ប្រាក់កម្ចី​ដល់​ពលរដ្ឋ​ខ្មែរ​ក្នុង​កម្រិត​ការប្រាក់​ខ្ពស់​ជាង​ប្រទេស​ដទៃ​ទៀត ដែល​នៅ​ក្បែរ​ខាង​ប្រទេស​កម្ពុជា​ដែរ ដូចជា ប្រទេស​ថៃ និង​វៀតណាម ជាដើម។

លោក​បន្ត​ថា ដើម្បី​ធានា​ភាព​ល្អ​ប្រសើរ​សម្រាប់​ប្រតិបត្តិការ​ក្នុង​ការ​ផ្តល់​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រដ្ឋាភិបាល​ចាំបាច់​ត្រូវតែ​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​ឥណទាន​នេះ​ជា​បន្ទាន់ ព្រោះ​ថា​សព្វថ្ងៃ​នេះ កូនបំណុល​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ត្រឹមតែ​បង់​ការប្រាក់​ខ្ពស់​ដល់​ស្ថាប័ន​ម្ចាស់​បំណុល​ទេ ប៉ុន្តែ​ត្រូវ​ចំណាយ​ថ្លៃ​សេវា​រដ្ឋបាល​ខ្ពស់​ឱ្យ​ស្ថាប័ន​នោះ​ថែម​ទៀត​រាល់​ពេល​ប្រតិបត្តិការ​កម្ចី​ម្តងៗ។

អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង បាន​លើកឡើង​ក្នុង​កម្មវិធី​ជជែក​ពិភាក្សា​នេះ​ដែរ​ថា ការ​វិនិយោគ​ធំៗ​ទាំងអស់​នៅ​កម្ពុជា​មិន​អាច​ដំណើរការ​ទៅ​បាន ដោយ​គ្មាន​ចំណែក​ភាគហ៊ុន​របស់​ត្រកូល​ហ៊ុន​នោះ​ទេ ដូច្នេះ​វិស័យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​ស្រុក​ខ្មែរ គឺ​ត្រូវតែ​មាន​ភាគហ៊ុន​របស់​ត្រកូល​ក្រាញ​អំណាច​មួយ​នេះ។

លោក អេង ឆៃអ៊ាង បញ្ជាក់​ថា រាល់​ប្រតិបត្តិការ​របស់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​ត្រកូល​ហ៊ុន​ទាំងស្រុង ដូច្នេះ​តម្លៃ​ការប្រាក់​ខ្ពស់ ការ​កំណត់​តម្លៃ​សេវា​រដ្ឋបាល ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ដែល​ជា​កូនបំណុល​គ្មាន​លទ្ធភាព​សង និង​វិធានការ​ដែល​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ពលរដ្ឋ​ដទៃ​ទៀត ក៏​ត្រូវ​អនុវត្ត​តាម​ការ​សម្រេច​របស់​ត្រកូល​ហ៊ុន​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៣ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា រដ្ឋាភិបាល​ដែល​បាន​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​កំពុង​បន្ត​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​នៅ​ពេលនេះ បាន​ឃុបឃិត​ជាមួយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ច្របាច់​ក​ពលរដ្ឋ​ក្រីក្រ​គ្រប់​រូបភាព ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក​រើ​ខ្លួន​មិន​រួច ក្នុង​នោះ កូនបំណុល​សុខចិត្ត​សម្លាប់​ខ្លួន​ដោយសារតែ​ការ​មិន​យកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល។

កាលពី​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​២០២៣ កាសែត​អន្តរជាតិ The Guardian បាន​ចុះផ្សាយ​អំពី​ការ​ធ្វើ​អត្តឃាត​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច បន្ទាប់ពី​ពួកគេ​បាន​ជំពាក់​បំណុល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វ័ណ្ឌក ក្នុង​នោះ​ក៏​មាន​អ្នក​ជំពាក់​បំណុល​ផ្សេង​ទៀត​ចង់​ធ្វើ​អត្តឃាត​ដែរ ដោយសារតែ​គ្មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​សម្រាប់​សង​ត្រឡប់​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ​វិញ ខណៈ​ស្ថាប័ន​ទាំងនោះ​បាន​បង្ខំ​ឱ្យ​ពួកគេ​ត្រូវតែ​សង​លុយ​ត្រឡប់​ទៅវិញ ទោះ​ដឹង​ថា​កូនបំណុល​របស់​ខ្លួន​មិន​ទាន់​មាន​លទ្ធភាព​សង​ក៏ដោយ។

The Guardian អះអាង​ថា ស្ថាប័ន​ចំនួន​បួន​ដែល​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​របស់ IFC (The International Finance Corporation) ដែល​ជា​ស្ថាប័ន​អន្តរជាតិ​មាន​គោលដៅ​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ដោយ​ការ​វិនិយោគ​ក្នុង​កំណើន​វិស័យ​ឯកជន ដូចជា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ LOLC ខេមបូឌា ធនាគារ​ហត្ថា និង​ធនាគារ​ស្ថាបនា ដែល​យ៉ាងហោចណាស់ កូនបំណុល​ម្នាក់​នៃ​ស្ថាប័ន​ទាំងនេះ​បាន​សម្លាប់​ខ្លួន និង​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ដោយសារតែ​រង​សម្ពាធ​ពី​ម្ចាស់​បំណុល។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា IFC (The International Finance Corporation) គឺ​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ធនាគារ​ពិភពលោក (World Bank) ដែល​បាន​ផ្តល់​កម្ចី​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ដូចជា​ប្រទេស​កម្ពុជា ជាដើម ដោយ​យក​ការប្រាក់​ទាប​បំផុត ក្នុង​បំណង​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ក្រីក្រ ទទួល​បាន​ឥណទាន​ដើម្បី​បង្កើត​មុខរបរ​ចិញ្ចឹម​ជីវិត។ ប៉ុន្តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនេះ បាន​អនុវត្ត​ផ្ទុយ​ពី​គោលបំណង​របស់ IFC ទៅ​វិញ ដោយ​យក​ការប្រាក់​ខ្ពស់​ពី​អ្នក​ខ្ចី​បុល និង​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ថែម​ទៀត នៅ​ពេល​ដែល​កូនបំណុល​ទាំងនោះ​ខ្វះ​លទ្ធភាព​សង​ត្រឡប់​ទៅវិញ​ទាន់​ពេល ខណៈ​រដ្ឋាភិបាល​គ្មាន​វិធានការ​ទប់ស្កាត់​លើ​បញ្ហា​នេះ​ឡើយ។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​សរុប ១៧​លាន​នាក់ គឺ​មាន​អ្នក​ដែល​មាន​គ្រួសារ​ចំនួន​ជាង ៣​លាន ៦​សែន​គ្រួសារ ខណៈ​បំណុល​ដែល​កើត​ចេញពី​កម្ចី​មីក្រូហិរញ្ញវត្ថុ​គឺ​មាន​ដល់​ទៅ ៣​លាន​កម្ចី​ឯណោះ ហើយ​តួលេខ​នេះ​បាន​បង្ហាញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ លើ​ពិភពលោក ដែល​បាន​ជំពាក់​បំណុល​ច្រើន​ជាងគេ​ក្នុង​ចំណោម​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ជាង ៨០​ស្ថាប័ន (៨៦​ស្ថាប័ន) ដែល​កំពុង​រក​ប្រាក់​ចំណេញ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស